កត្តាបម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងការនាំចេញផ្លែចេកស្រស់ពីប្រទេសជិតខាងបានទាញទម្លាក់ការនាំចេញផ្លែចេកស្រស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសតែទន្ទឹមការនាំចេញផ្លែចេកស្រស់ធ្លាក់ចុះនោះផ្លែចេកស្រស់ទាំងនោះក៏លោតចូលក្នុងទីផ្សារក្នុងស្រុកដែរ ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសធ្លាក់ចុះប្រមាណជា២០ភាគរយ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ។ លោក ឃឹម ហ្វីណង់ បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា «បាទសូមបញ្ជាក់ពីការធ្លាក់ចុះនៃការនាំចេញផ្លែចេកស្រស់បន្តិចដោយសារមានហេតុផលពីរ ។ ទី១ ហេតុផលធំជាងគេនោះ គឺដោយសារបម្រែបម្រួលអាកាសធាតុ ធើ្វអោយផលិតកម្មចេកស្រស់របស់យើង មានការធ្លាក់ចុះ អីចឹងការនាំចេញរបស់យើងក៏មានការធ្លាក់ចុះទៅតាមហ្នឹងដែរ ។ ទី២ គឺយើងចាប់ផ្តើមទទួលបានការប្រកួតប្រជែងសម្រាប់ទីផ្សារចិននេះ ពីប្រទេសវៀតណាម ហើយដោយសារប្រទេសវៀតណាម គេនៅព្រំប្រទល់គៀកនឹងប្រទេសចិនស្រាប់» ។
លោក ឃឹម ហ្វីណង់ បន្តថា បច្ចុប្បន្ននេះការធ្លាក់ផលិតកម្ម (ការអោយផលផ្លែចេកស្រស់) ប្រទេសវៀតណាមស្រវ៉ាចាប់យកអតិថិជនមួយចំនួនរបស់ប្រទេសកម្ពុជា ។ ហេតុផលទាំងនេះធ្វើអោយការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសមានការថយចុះប្រមាណ២០ភាគរយ តែកម្ពុជានឹងរំពឹងទុកថា អ្វីៗនឹងប្រសើរឡើងក្នុងឆ្នាំក្រោយ ។
អ្នកលក់ផ្លែឈើស្រស់ម្នាក់ឈ្មោះ ម៉ាក់ ស្រីណា បានអោយដឹងថា ផ្លែកចេកអំបូងលឿង បានដាក់លក់លើទីតាំងហាងរបស់ខ្លួនក្នុងតម្លៃ២ដុល្លារលើ ទម្ងន់ចាប់ពី៧០០-៩០០ក្រាម ។ នៅតាមបញ្ជផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញបានដាក់តាំងលក់ផ្លែចេកអំបូងលឿងរបស់កម្ពុជា ក្នុងមួយស្និតផ្លែកចេកអំបូងលឿង MPRO មានលេខកូដបញ្ជាក់៤៣៦៩៨៧ មួយស្និតតម្លៃ១១.៩០០រៀល ឬ២.៩០ដុល្លារ ។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំនេះកម្ពុជានាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជាង១៤៣.៤៨១តោន ទទួលបានទឹកប្រាក់ចំនួនជាង៩៦.៧១៣.៨៦៦ដុល្លារអាមេរិក ។ ប្រភពដដែលបន្តថា ទីផ្សារសំខាន់ៗក្នុងការនាំចេញផ្លែចេកស្រស់កម្ពុជា រួមមានប្រទេសចិន ជប៉ុន កូរ៉េ និងប្រទេសវៀតណាម ។ របាយការណ៍បន្តថា គិតត្រឹមរយៈពេល៧ខែនេះ ការនាំចេញផ្លែចេកស្រស់ ធ្លាក់ចុះប្រមាណជា ២០,៥៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ