ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកកោះសូទិន ​ដាំ​ដើម​សណ្ដាន់​ និងប្រមូល​​ផល ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត

10 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី​៥ ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ ភាគច្រើន​នៅ​តែ​បន្ត​ប្រពៃណី​ដាំ​ដុះ​ដើម​សណ្ដាន់​រាប់​ពាន់​ដើម ដើម្បី​ប្រមូល​ផល​យក​ផ្លែ​ទុក​ស្ល​ និង​មួយ​ផ្នែក​ធំ លក់​ឱ្យ​ឈ្មួញកណ្ដាល​។ ​ដោយ​គេ​ប្រមូល​ទិញ​យក​មក​លក់​នៅ​ផ្សារ​ជី​ហែរ…

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទី​៥ ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ ភាគច្រើន​នៅ​តែ​បន្ត​ប្រពៃណី​ដាំ​ដុះ​ដើម​សណ្ដាន់​រាប់​ពាន់​ដើម ដើម្បី​ប្រមូល​ផល​យក​ផ្លែ​ទុក​ស្ល​ និង​មួយ​ផ្នែក​ធំ លក់​ឱ្យ​ឈ្មួញកណ្ដាល​។ ​ដោយ​គេ​ប្រមូល​ទិញ​យក​មក​លក់​នៅ​ផ្សារ​ជី​ហែរ ស្រុក​កោះសូទិន ផ្សារ​មួយ​ចំនួន​នៅ​ក្រុង​កំពង់ចាម រាជធានី​ភ្នំពេញ​និង​លក់​បន្ត​រហូត​ដល់​ខេត្តកោះកុង​ក៏​មាន​ដែរ​។

លោក​សយ ថូ អាយុ​៦៧ រស់នៅ​ភូមិ​ភូមិ​៥ មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី ២២​សីហា ឆ្នាំ​២០២៤​ថា​: ចំពោះ​ដើម​សណ្ដាន់​គាត់​បាន​ដាំ​ដុះ​នៅ​ក្រោយ​ផ្ទះ​និង​រំលង​ផ្លូវ​មុខ​ផ្ទះ ព្រមទាំង​ក្រោយ​មណ្ឌល​សុខភាព​កោះ​សុទិន ដែល​មាន​សរុប​ប្រហែល​១០០​ដើម ទាំង​តូច​ទាំង​ធំ​។​សម្រាប់​ដើម​ធំ​វា​បាន​ដុះ​កូន​នៅ​ក្បែរ​គល់​ហើយ​ក៏​បាន​គាស់​បំបែក​យក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​គឺ​ឆាប់​បាន​ផល ។

លោក​សយ ថូ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា អាកាសធាតុ​ក​ក្តៅ​ល្អ​បែប​នេះ​រយៈពេល​៣​ថ្ងៃ ផ្លែ​សណ្ដាន់​ដែល​កាត់​ជា​ចំណិត​ហាលថ្ងៃ​នោះ​នឹង​បាន​ស្ងួត​ល្អ​។​ត្រូវ​ប្រមូល​ច្រក​ថង់​ទុក​។ ដោយ​មួយ​ផ្នែក​ត្រូវ​ទុក​សម្រាប់​ស្លម្ជូរ​សណ្ដាន់ ហើយ​មួយ​ផ្នែក​ធំ​គឺ​លុះ​ឲ្យ​ឈ្មួញ​ម្ដង​ក្នុង​ចន្លោះ ៥​ទៅ​២០​គីឡូក្រាម ដោយ​កាល​មុន​លក់​បាន​មួយ​គីឡូ​១៣០០០ រៀល តែ​មក​ដល់​សព្វថ្ងៃ​តម្លៃ​ធ្លាក់​ចុះ​នៅ​១០៥០០ រៀល​ទៅ​១១០០០​រៀល​។

អ្នក​ភូមិ​របស់​គាត់​ភាគច្រើន​បាន​នាំ​គ្នា​ដាំ​ដើម​សណ្ដាន់​សម្រាប់​ប្រមូល​ផល​យក​ផ្លែ​លក់ ពេល​ណា​ដែល​អ្នក​ភូមិ​នាំ​គ្នា​ហាល​បាន​ច្រើន​នោះ​នឹង​មាន​ឈ្មួញកណ្ដាល​ក្នុងភូមិ​ចុះ​ប្រមូល​ទិញ យក​ទៅ​លក់​នៅ​ជី​ហែរ​និង​ផ្សារ​ក្រុង​កំពង់ចាម​។ ដោយសារ​តែ​មាន​រសជាតិ​ឆ្ងាញ់​សណ្ដាន់​ក្រៀម​ត្រូវ​បាន​គេ​នាំ​ទៅ​លក់​រហូត​ដល់​ខេត្តកោះកុង​។ ហើយ​ដើម​សណ្ដាន់​នេះ​ពេល​ដែល​លិច​ទឹកទន្លេ​ក្នុង​រដូវវស្សា​គឺ​វា​ធន់​ជាមួយ​ទឹក តែបើ​មែក​ណា​ដែល​លិច​ទឹក​នោះ​វា​នឹង​ត្រូវ​ក្រៀម​ស្វិត​តែ​ដើម​រស់នៅ​ធម្មតា បើ​គិត​ពី​អាយុកាល​ដើម​សណ្ដាន់​គឺ​លើស​ពី​៥០​ឆ្នាំទៅ​ទៀត​។

បងស្រី​ម៉ែ​ត ច​ន្ធី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មិន​មាន​ដើម​សណ្ដាន់​ច្រើន​រហូត​ដល់​រាប់រយ​ដើម​នោះ​ទេ​។​តែ​ឪពុក​ម្ដាយ​របស់​គាត់​បាន​នាំ​គ្នា​ថែទាំ​ដើម​សណ្ដាន់ ដែល​បន្សល់​ទុក​តាំងពី​សម័យ​ប៉ុ​ល ពត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៅ​តែ​បាន​ផល​បេះ​យក​មក​ចិត​ហាលថ្ងៃ ឱ្យ​ស្ងួត​ល្អ​ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញ​។ នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ អាកាសធាតុ​មានការ​ប្រែប្រួល​ក្តៅ​ជា​ហេតុ​ធ្វើ​ឲ្យ​ដើម​សណ្ដាន់​មានការ​ថយ​ទិន្នផល​ផ្លែ​រហូត​ដល់​ចុះ​ជាង​ពាក់កណ្ដាល​ឯណោះ​។

ដោយឡែក​សម្រាប់​ឆ្នាំ​២០២៣ កន្លង​ទៅ សណ្តាន់​ស្ងួត​អាច​លក់​១​គីឡូក្រាម​តម្លៃ​១៩០០០ រៀល​។​ហើយ​នៅ​ឆ្នាំ ២០២៤​ទិន្នផល​ធ្លាក់​ចុះ តម្លៃ​ក៏​លក់​មិន​បាន​ថ្លៃ​ទៀត គឺ​បាន​តែ​មួយ​គីឡូក្រាម​ជាង​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​មាន​អ្នក​ភូមិ​ខ្លះ​មាន​ដើម​សណ្ដាន់​នៅ​ក្រោយ​ផ្ទះ​ដោយ​មិន​ប្រមូល​ផល​គាត់​ក៏​ម៉ៅ​ពី​គេ​២០​ដើម​តម្លៃ​ជាង​២០​ម៉ឺន​រៀល​។ ចំពោះ​ផ្លែ​សណ្ដាន់​ហុច​ផល​ឱ្យ​នៅ​ក្នុង​ខែមិថុនា កក្កដា សីហា ពេញ​ប្រមូល​ផល ដោយឡែក​ក្នុង​នោះ​ក៏​មាន​ដើម​ខ្លះ​ទើបតែ​ចេញ​ផ្កា​បណ្ដើរ​ៗ​។​សម្រាប់​មុខរបរ​មួយ​នេះ​បា​នរក​តាំងពី​ជីដូន​ជីតា​មក​ឪពុក​ម្ដាយ​និង​កូន​ដូច​ជា​រូប​គាត់​(​ច​ន្ធី​)​ជាដើម​។

ចំណែក​អ្នកស្រី​ស៊ុន ច​ន្ថា មេឃុំ​កោះសូទិន វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២២​សីហា ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ដាំ​ដើម​សណ្ដាន់ ដើម្បី​បេះ​យក​ផ្លែ​លក់​ក្នុង​នោះ​មាននៅ​ភូមិ​ទី​៤​ទី​៥​និង​ទី​៦ ហើយ​ភូមិ ដែល​ដាំ​ដុះ​ច្រើន​ជាងគេ​គឺ​ភូមិ​ទី​៥​តែ​ម្ដង ដែល​អាច​មាន​រហូត​ដល់​រាប់​ពាន់​ដើម​។​

កាលពី​នៅ​កុមារ​អ្នកស្រី​ក៏​ធ្លាប់​បាន​ដាំ​ដើម​សណ្ដាន់​នៅ​មុខ​ផ្ទះ​ចំនួន​ពីរ​ដើម គ្រាន់​នឹង​បេះ​ផ្លែ​យក​មក​ចិត​ហាល​ឱ្យ​ស្ងួត ដើម្បី​ស្ល​ម្ហូប​ពិសា​ជាមួយ​ឪពុក​ម្ដាយ​។ ដោយឡែក​នៅ​ជី​ហែរ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​វិញ ក៏​មាន​ដើម​សណ្ដាន់​ដែល​ពលរដ្ឋ​ដាំ​តែ​មាន​ចំនួន​តិច​ជាង​នៅ​ឃុំ​កោះសូទិន​ទេ ព្រោះ​កន្លែង​នេះ​ជា​ប្រភព​សណ្តាន់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នានា​នៅ​ក្នុង​ខេត្តកំពង់ចាម​និង​លក់​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត​។​របរ​មួយ​នេះ​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ ឲ្យ​បាន​ធូរ​មួយ​កម្រិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ