រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហានេះ ជាថ្ងៃខួប១ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជជរដ្ឋាភិបាល បានចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត ដោយបានបណ្តុះបណ្តាលធនធានមនុស្ស ១លាន៥សែននាក់ រយៈពេល៥ឆ្នាំ ជាមួយនិងការផ្តល់ជាប្រាក់ឧបត្ថម្ភ ក្នុងការសិក្សារៀនសូត្រនេះ ១ខែ ២៨ម៉ឺនរៀល ថែមទៀត មានន័យថា រាជរដ្ឋាភិបាល មិនត្រឹមតែអោយត្រីទេ អោយទាំងសន្ទូច បង្ហាញបឹង និងរបៀបស្ទូចយកត្រី ថែមទៀត ។
នេះជាប្រសាសន៍លើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកគ្រូធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថ វិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ (ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំ) នាព្រឹកថ្ងៃទី២២ ខែសីហានេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹង ធាតុចូលថ្មីៗទៀត ដល់បុគ្គលិក មន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារអោយកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការងារ បម្រើប្រជាពលរដ្ឋ ។ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីអោយមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អ និងទំនើប ។
លោក កើត ឆែ បានបន្តទៀតថា ព័ត៌មានសំខាន់ណាស់ អ្វីៗសុទ្ធតែជាព័ត៌មាន ដូចការរៀបការ ការហូបចុក ការរកស៊ី ។ល។និង។ល។ សុទ្ធតែជាព័ត៌មាន នៅពេលយើងទទួលបានព័ត៌មានពិត យើងនឹងទទួលបានជោគជ័យ និងភាពរីកចម្រើន តែបើយើងទទួលបានព័ត៌មានមិនពិត នោះយើងនឹងទទួលភាពបរាជ័យ នេះរាប់ទាំងជីវិតគូស្រករផង។ ក្រុមជ្រុលនិយម ក្រុមអគតិ នៅក្រៅប្រទេស បានបំផុសបំផុលដោយយកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA អោយប្រជាពលរដ្ឋយល់ច្រឡំ ប្រឆាំងជាមួយរដ្ឋាភិបាល ហើយអ្នកដែលជាប់គុក គឺអ្នកនៅក្នុងស្រុកនេះហើយ ទោសនេះមិនតិចជាង១០ឆ្នាំទេ។ អំពើក្បត់មនសិកា មិនបាច់ចាំជាតិក្រោយទេ ។
លោក កើត ឆែ បានបន្ថែមទៀតថា ការឡើងកាន់អំណាច មិនតាមរយៈប្រជាធិបតេយ្យ បោះឆ្នោតត្រឹមត្រូវ មិនយូរទេ ប្រទេសជាតិ នឹងធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាម សូមអោយរួមគ្នា រក្សាសន្តិភាពអោយបានគង់វង់ មានសន្តិភាព គឺមានអ្វីៗទាំងអស់ ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យអ្នកសិក្សាយល់ នូវវិធីកសាងស្មារតី ម្ចាស់ការ ដើម្បីអានុភាព និងថាមពល តាមរយៈការងារ តួនាទីខ្លួនឯង ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគតល្អ របស់ខ្លួន ៕











ចែករំលែកព័តមាននេះ