រាជធានីភ្នំពេញ ៖ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសួនច្បាររូបសំណាកតេជោមាស តេជោយ៉ត នាមាត់ទន្លេ មុខវត្តឧណ្ណាលោម ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ផងនោះឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ឥឡូវមានការបង្ហូរជាតិបំពុលចូលទៅក្នុងទឹក ពីរោងចក្រ ពីអូតែល ពីផ្ទះសំបែង ដែលក្រសួងបរិស្ថាន នឹងបំពាក់ឧបករណ៏តាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ គ្រប់រោងចក្រទាំងអស់ ដែលបង្ហូរទឹកកក្វក់ ចូលទៅក្នុងប្រភពទឹកស្អាត ។

ឯកឧត្ដមណ្ឌិត បន្តថា យើងមិនដឹង និងមិនឈឺទេ នៅពេលសាច់ញាតិរបស់យើងមិនទទួលរង នូវឥទ្ធិពលទឹកកក្វក់ ដែលគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាត ប៉ុន្តែនៅពេល ដែលឪពុកម្ដាយ ឬបងប្អូនរបស់យើង រងផលវិបាកឈឺស្កាត់ ឬក៏បាត់បង់ជីវិត ដោយសារគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនោះ យើងនឹងឈឺចាប់! ចឹងទេ ក្រសួងបរិស្ថាន កំពុងតែជម្រុញការងារនេះ ។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានព្រមានថា នាយកដ្ឋានទឹកស្អាតរបស់ក្រសួងបរិស្ថាន គាត់អត់ទាន់កម្រើកទេ ២ខែហើយ គាត់អត់ធ្វើអីទាំងអស់ ។ រដ្ឋមន្ត្រី ដាក់ចុះទៅ គាត់ថាចេះ គាត់ថាចុះ ល្ងាចនេះ ខ្ញុំហៅប្រជុំ បើមិនធ្វើទេ លាលែងទៅ មុនខ្ញុំដកចោល។ ប្រជាពលរដ្ឋខ្មែរ គាត់ប៉ះពាល់ច្រើនណាស់ នៅបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ នៅកំពង់សោម បង្ហូរចូលប្រភពទឹក គាត់នៅធ្វើព្រងើយ ឧបករណ៍គេអោយ និងយកមកដល់ហើយ គ្រាន់តែបំពាក់ ក៏មិនបំពាក់ដែរ។ ល្ងាចនេះ ខ្ញុំនឹងប្រាប់ថា បើធ្វើមិនបានទេ សុំលាលែងទៅ មុននឹងខ្ញុំដកចោល! ព្រោះវា ជ្រុលហួសហេតុពេក ប្រើទៅថា មូលហេតុចេះ មូលហេតុចុះ បើគ្មានសមត្ថភាពទេ តោះ! អោយគេធ្វើម្តង ។
ពាក់ពន្ធ័កម្មវិធីខាងលើ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា “កម្ពុជាស្អាត ខ្មែរធ្វើបាន” នេះជាកម្មវិធីសម្អាតពិភពដែនដី ការសម្អាតភពផែនដី ដូចយើងសម្អាតផ្ទះយើងអ៊ីចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើអោយជីវិតយើងមិនល្អ ទៅតាមហ្នឹងដែរ។ សុខភាពបរិស្ថាន មាន ០៣គឺ ៖ ទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដី និងទី៣ បរិស្ថានក្នុងទឹក ។
ក្រសួងបរិស្ថាន បាននិងកំពុងទប់ស្កាត់ជាតិពុល នៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្ត ធ្វើអោយបរិស្ថានល្អ ប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង ៩លាន ៥សែននាក់ ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែង នូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើអោយយ៉ាងណា អោយប្រភពទឹកមានបរិស្ថានល្អ ។
ចំណែកឯលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង១,០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ ៣,៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋ ចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ ។
លោកបន្តថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុន មិនល្អប្រសើរនោះទេ តែពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ ប្រកួតប្រជែងគ្នា ឃើញថា នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុនទេ ដែលធ្វើអោយរាជធានីភ្នំពេញ មានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសម្អាត ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាម មិនត្រឹមត្រូវតាមម៉ោងពេលជាដើម ៕




ចែករំលែកព័តមាននេះ