ទីក្រុងយេរូសាឡឹម៖ អ្នកនាំពាក្យអ៊ីស្រាអែលថ្លែងថារដ្ឋាភិបាលរបស់ខ្លួននៅតែប្ដេជ្ញាចិត្តនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ត្រឡប់មកវិញឱ្យខាងតែបានទោះបីពួកគេនៅរស់ ឬបានចាកឋានទៅកាន់លោកខាងមុខហើយក្ដី។ លោកថាបើនាំយកពួកគេបានទាំងរស់ អ៊ីស្រាអែលនឹងខិតខំស្ដារសម្បទាឡើងវិញ។ ប៉ុន្តែបើពួកគេបានស្លាប់ហើយ អ៊ីស្រាអែលនឹងរៀបចំពិធីបុណ្យបញ្ចុះសពរបស់ពួកគេទៅតាមប្រពៃណី។ ប៉ុន្តែអ៊ីស្រាអែលមិនបោះបង់ចោលនរណាម្នាក់ឡើយ។

ការថ្លែងដូច្នេះបន្ទាប់ពីទាហានអ៊ីស្រាអែលវាយឆ្មក់ចូលរូងក្រោមដី១កន្លែង និងរកឃើញចំណាប់ខ្មាំង៦នាក់ដែលបានស្លាប់មិនដឹងតាំងពីពេលណាមកទេ។ ទាហានទាំងនោះក៏បានដឹកជញ្ជូនសាកសពទាំងនោះចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ គេដឹងថាជនរងគ្រោះទាំងនោះភាគច្រើនមានវ័យចាស់ជរាណាស់ទៅហើយ។ អ្នកខ្លះអាយុចាប់ពីជាង៧០ឆ្នាំរហូតដល់៨០ឆ្នាំ។

នៅក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះរស់នៅជាប់ព្រំដែនតំបន់ហ្កាហ្សា ហើយត្រូវក្រុមហាម៉ាស់ចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អ្នកនាំពាក្យអ៊ីស្រាអែលមិនបានបញ្ជាក់ឱ្យច្បាស់ថាតើនៅពេលនេះ ចំណាប់ខ្មាំងដែលនៅរស់រានមានជីវិតមានចំនួនប៉ុន្មាននាក់នោះទេ។ គេគ្រាន់តែដឹងថារបកគំហើញនេះកើតឡើងចំពេលអ៊ីស្រាអែល និងក្រុមហាម៉ាស់បន្តការចរចាគ្នាដោយមានអាមេរិក កាតា និងអេហ្ស៊ីបជាអ្នកសម្របសម្រួល។ ប៉ុន្តែមិនទាន់សម្រេចបានសាច់ការនៅឡើយទេ។

នៅក្នុងលក្ខខណ្ឌនៃការចរចាគ្នានោះក៏មាននិយាយអំពីការនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ត្រឡប់មកវិញផងដែរ។ គេប៉ាន់ស្មានថាសម្រាប់ពេលនេះ ចំណាប់ខ្មាំងដែលមិនទាន់វិលត្រឡប់មកវិញគិតទាំងអ្នកនៅរស់ និងអ្នកដែលបានចែកឋានទៅកាន់បរលោកមានចំនួនសរុប១០៩នាក់។ នៅក្នុងចំណោមនោះ មួយភាគបី ឬប្រហាក់ប្រហែលនឹង៣៥-៣៦នាក់បានស្លាប់ហើយ។

នៅក្នុងស្ថានភាពនេះ ប្រជាជនអ៊ីស្រាអែលបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់ខ្លួនដើម្បីពន្លឿនការចរចាគ្នាឱ្យមានបទឈប់បាញ់ នឹងអាលនាំយកចំណាប់ខ្មាំងដែលជាក្រុមគ្រួសាររបស់ខ្លួនត្រឡប់មកវិញ។ បើមិនបាននៅរស់ទេ យ៉ាងហោចណាស់បានឃើញតែសាកសពយកមកធ្វើបុណ្យក៏អស់ចិត្តដែរ។ ពួកគេរិះគន់រដ្ឋាភិបាល និងលោកណឺតាន់យ៉ាហ៊ូដែលឮតែចរចាគ្នាតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់ ចរចាមិនត្រូវគ្នា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន បានបិទបញ្ចប់បេសកកម្មការទូតទៅអ៊ីស្រាអែល និងមជ្ឈិមបូព៌ាហើយកាលពីយប់មិញ។ បន្ទាប់ពីអ៊ីស្រាអែលយល់ព្រមទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់ លោកបានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកលក្ខខណ្ឌនេះដែរ។ លោកសង្ឃឹមថាបទឈប់បាញ់អាចនឹងកើតមានឆាប់ៗនេះនៅពេលអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធដទៃទៀតកំពុងសម្រួចមាត់វាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកឱ្យមេដឹកនាំរបស់ខ្លួនដែលត្រូវគេធ្វើឃាតម្ដងមួយៗ។

លោកប្លីងខិន និងប្រទេសសម្របសម្រួលពីរទៀតគឺកាតា និងអេហ្ស៊ីបសង្ឃឹមទៅលើសំណើដែលរៀបចំឡើងដោយប្រទេសអាមេរិកដើម្បីបង្រួមការខ្វែងគំនិតគ្នារវាងភាគីជម្លោះទាំងពីរក្រុមដែលធ្វើសង្គ្រាមរយៈពេលដប់ខែមកហើយ។ កាលពីសប្ដាហ៍មុនក៏មានការចរចាគ្នាផងដែរ។ ប៉ុន្តែបានបិទបញ្ចប់ទៅវិញទាំងកណ្ដាលទីដោយគ្មានដំណោះស្រាយអ្វីទាល់តែសោះ៕
ចែករំលែកព័តមាននេះ