ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​អគ្គស្នងការ ៖ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ក្រុម​កុបកម្ម​ចំនួន ៣១​នាក់​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា ៖ «​ផែនការ​កុបកម្ម​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ត្រូវ​បាន​បំផ្លាញ​តាម​រយៈ​កិច្ចសហការ​ចាត់វិធានការ​យ៉ាង​តឹង​រឹង​ប្រកបដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន មាន​ភាព​បត់បែន​រស់​រវើក និង​ស្រប​តាម​ច្បាប់ ដោយ​មិន​បណ្តោយ​ឲ្យ​ក្រុម​ទុច្ចរិត​ទាំងនោះ ធ្វើ​សកម្មភាព​បំផ្លាញ​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​បាន​បង្ហោះ ។

ជាក់ស្តែង តាម​រយៈ​ការ​អនុវត្ត​ផែនការ​ប្រឆាំង​អំពើ​កុបកម្ម​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​កំណត់​ធ្វើ​សកម្មភាព នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ និង​ឃាត់ខ្លួន​សមាជិក​សកម្មជន​នៃ​ក្រុម​កុបកម្ម​ចំនួន​៣១​នាក់ (​ស្រី ២​នាក់​) ដែល​បាន​ធ្វើ​សកម្មភាព​តាម​ផែនការ​របស់​ពួក​គេ ក្នុង​ការ​ប្រមូល​កម្លាំង​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់ និង​ដកហូត​បាន​នូវ​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន (​ដប​សាំង កាំបិត​ស្នៀត ស្នាប់ដៃ ដំបង ជំ​ពាម​កៅស៊ូ និង​គ្រា​.​ប់​ដែក​) សម្រាប់​ធ្វើ​សកម្មភាព​ប្រឆាំង​តបត​ជាមួយ​សមត្ថកិច្ច ។

ជន​ទាំងនោះ​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច និង​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​ប្រឆាំង​នឹង​អំពើ​វិទ្ធង្សនា​បង្ក​អសន្តិសុខ ឈាន​ទៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ជា​ពិសេស​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលប់ ដែល​យល់​ដឹង​អំពី​គុណ​តម្លៃ​សន្តិភាព​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ប្រ​សូត្រ​ចេញពី​ឆន្ទៈ​រាស្ត្រ និង​មិន​ចូលរួម​ក្នុង​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​ជាមួយ​ពួក​ក្រុម​ជ្រុលនិយម អគតិ​ទាំងនេះ ។

ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ចាញ់បោក​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​របស់​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​តែងតែ​យក​ប្រជាពលរដ្ឋ​មក​ធ្វើ​ជា​ឧបករណ៍ ដោយ​មិន​គិត​ពី​អាយុជីវិត ការ​លំបាក​របស់​ប្រជាពលរដ្ឋ បម្រើ​ឲ្យ​ម​ហិ​ច្ឆិ​តា​ខ្មៅ​កខ្វក់​របស់​ក្រុម​បក្ខពួក​ខ្លួន ដើម្បី​ដណ្តើម​អំណាច​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ