គិតត្រឹមត្រីមាសទី២ឆ្នាំនេះ ពលរដ្ឋខ្មែរដែលខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញាវត្ថុ ដែលប្រើប្រាស់ក្នុងលក្ខណៈផ្ទាល់ខ្លួន កើនរហូតដល់ជាង ៤ភាគរយ។ នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយដោយការិយាល័យឥណនទានកម្ពុជា (Credit Bureau Cambodia) ។
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៤ របស់ការិយាល័យឥណទានកម្ពុជាហៅកាត់ CBC បានបង្ហាញថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ នេះចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើងចំនួន ៤,៧៥ភាគរយ ប្រៀបពីត្រីមាសមុន ដែលធ្វើឲ្យគណនីនៅទូទាំងប្រទេសមានចំនួនសរុបដល់ទៅ ១,៩២ លានគណនី ។
ប្រភពដដែលបានបន្តថា ក្នុងចំណោមចំនួននេះ ៨១,៤៤ភាគរយ ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណឥណទាន ដែលមាន ៧,៩៧ ភាគរយ និង កម្ចីអចលនទ្រព្យមាន ១០,៥៩ ភាគរយ ។
នៅពេលដែលសួរអំពីថា “តើឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានអ្វីខ្លះ”មន្ត្រីនៃការិយាល័យឥណទានកម្ពុជា បានអះអាងថា ឥណទានសម្រាប់ប្រើប្រាស់សម្រាប់តំរូវការផ្ទាល់ខ្លួនគឺជាកម្ចីដែលបុគ្គលប្រើប្រាស់ដើម្បី ទិញសម្ភារៈ ការអប់រំ និងតម្រូវការផ្សេងៗទៀត ប៉ុន្តែមិនបានលំអិតលើប្រភេទនៃសេវាកម្មឥណទាននេះឡើយ ។
ចែករំលែកព័តមាននេះ