ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាក់​រូបភាព​រស់​រវើក ! ចម្លាក់ស្បែកគោ ផ្ទុះការគាំទ្រខ្លាំងពីសំណាក់ជនបរទេស ខណៈខ្សត់ការគាំទ្រក្នុងស្រុក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​បុរស​ខ្មែរ​ម្នាក់​អាច​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ទៅ​លើ​ទឹកដៃ​នៃ​ការ​ឆ្លាក់​រូបភាព​រស់​រវើក នៅ​លើ​ស្បែក​គោ រហូត​លោក​អាច​លក់​ចម្លាក់​ឆ្លាក់​លើ​ស្បែក​គោ​បាន​ប្រមាណ​ជា​១៥០០​ផ្ទាំង​ក្នុង​មួយ​ឆ្នាំ ។ ស្តាប់​ទៅ ពិតជា​អស្ចារ្យ​សម្រាប់​បុរស​នៅ​ទឹកដី​អង្គរ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​បុរស​ខ្មែរ​ម្នាក់​អាច​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ទៅ​លើ​ទឹកដៃ​នៃ​ការ​ឆ្លាក់​រូបភាព​រស់​រវើក នៅ​លើ​ស្បែក​គោ រហូត​លោក​អាច​លក់​ចម្លាក់​ឆ្លាក់​លើ​ស្បែក​គោ​បាន​ប្រមាណ​ជា​១៥០០​ផ្ទាំង​ក្នុង​មួយ​ឆ្នាំ ។

ស្តាប់​ទៅ ពិតជា​អស្ចារ្យ​សម្រាប់​បុរស​នៅ​ទឹកដី​អង្គរ​រូប​នេះ តែ​លោក​បែរជា​ស្នើ​សុំ​ឱ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត ពិសេស​ពី​សំណាក់​ប្រជាជន​ខ្មែរ​តែ​ម្តង ព្រោះ​ការ​លក់ដូរ​របស់​លោក​កន្លង​មក គឺ​ទទួល​បានការ​គាំទ្រ​ពី​ជនបរទេស​តែ​ប៉ុណ្ណោះ ។

ប្រាកដ​ណាស់ ក្នុង​១​ឆ្នាំ អាច​លក់ដាច់​ចម្លាក់​ស្បែក​គោ បាន​ខ្ទង់ ១៥០០​ផ្ទាំង​ទៅ​អោយ​ភ្លៀវ​ទេសចរ​បរទេស​ជា​រឿង​មួយ​ដែល​ប្រពៃ ព្រោះ​ទីផ្សារ​ល្អ​ប្រសើរ ។ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ខ្វះ​ការ​គាំទ្រ ពី​សំណាក់​អតិថិជន​ក្នុងស្រុក​ទៅ​វិញ ។

មុន​លម្អិត​លើ​ចំណុច​នេះ យើង​សូម​ណែនាំ បុរស​ម្នាក់​រស់នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដែល​ជា​ជាងចម្លាក់​មាន​ទឹកដៃ​អស្ចារ្យ​ម្នាក់​ក៏​ដូច​ជា មក​ស្គាល់​ពី​ចម្លាក់​ស្បែក​គោ ដែល​បុរស​ម្នាក់​នេះ​បាន​រៀនសូត្រ តាំងពី​ក្មេង ដោយ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​សាង​ភាព​ទាក់ទាញ​ខ្លាំង ក្នុង​បណ្តាញ​សង្គម​យក្ស Tik Tok ដោយ​ចម្លាក់​មួយ​នេះ មាន​បងប្អូន​មួយ​ចំនួន​ពុំ​ទាន់​បានដឹង ព្រោះ​យើង​ធ្លាប់​ឃើញ​តែ​ចម្លាក់​លើ​ផ្ទាំង​ប្រាសាទ​ថ្ម ចម្លាក់​ឈើ​ជាដើម​នោះ ។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ​រូបភាព​ឈ្មោះ​«​គឹ​ម​ឈុ​យ​ចម្លាក់​ស្បែក​គោ​» ដែល​តែង​បង្ហោះ​ពី​ទឹកដៃ​របស់​លោក​នោះ​ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​តាម​រយៈ​ចម្លាក់​ដែល​លោក​បាន​បង្ហាញ ព្រោះ​រូប​ដែល​លោក​បាន​ធ្វើ​ចេញ​មួយ​ៗ​ផ្ទាំង គឺ​ផុស​ចេញ​មក​ពិតជា​ស្រស់​សោភា ដោយ​មាន​រំលេច​ក្បាច់រចនា​ជា​រូបភាព​ផ្សេង​ៗ ប្រកបដោយ​សីល​មន្ត​រស់​រវើក ផុស​អណ្តែង អន្ទង​ចិត្ត​អ្នក​ទស្សនា សម្តែង​ការ​ស្រឡាញ់​ពេញចិត្ត និង​ការ​កើត​សរសើរ ពី​ស្នាដៃ​ចម្លាក់​ពី​ស្បែក​សត្វ​របស់​លោក​គ្រប់​ៗ​គ្នា ។

ក្នុង​នោះ​ដែរ តាម​រយៈ​ចម្លាក់​លើ​ស្បែក​សត្វ​នេះ លោក​អាច​ឆ្លាក់​ចេញ​ជា​រូបភាព​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ រាមកេរ្តិ៍ រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ អប្សរា​ហនុមាន​ជាដើម​នោះ គួរ​បញ្ជាក់​ដែល​ក្រៅពី​នេះ​ក៏​មាន​ចម្លាក់​ជាដើម​ទៀត ដែល​បាន​ឆ្លាក់​ចេញ​មក ប្រសិនបើ​ប្អូន​ចង់ក​ម្មង់​អាច​ធ្វើការ​ជាវ​បាន ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​លោក ខា គឹ​ម​ឈុ​យ ដែល​ជា​ជាងចម្លាក់​លើ​ស្បែក លោក​បាន​ជម្រាប​ជូន​ថា លោក​ពិតជា​សប្បាយចិត្ត នៅ​ពេល​ដែល​បងប្អូន​ចូល​ចិត្ត​ចម្លាក់​របស់​លោក​ផ្ទាល់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាម ។

តាម​រយៈ​ចម្លាក់​ទាំងនេះ​ទៀត​សោត លោក​បាន​បង្ហើប​អោយ​ដឹង​ពី​ប្រវត្តិ​របស់​លោក​ខ្លះ​ៗ​ថា លោក​បាន​រៀន​អំពី​ចម្លាក់​នេះ​រយៈពេល​១២​ឆ្នាំ ដោយ​ចាប់តាំងពី​កុមារភាព ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ក៏​បាន​ចាប់​យក​អាជីព​ជា​ជាងចម្លាក់​នេះ រយៈពេល​ជិត​១​ឆ្នាំ ដោយ​ទទួល​បានការ​គាំទ្រ​ច្រើន​អាច​អោយ​លោក​ទទួល​បាន​ចំណូល​គួរ​ស​ម្យ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ចំពោះ​តម្លៃ​ទាក់ទង​នឹង​ចម្លាក់​ធ្វើ​ពី​ស្បែក​សត្វ​គោ​នេះ​ទៀត​សោត លោក​បាន​ជម្រាប​ជូន​ថា គិត​តាម​ទំហំ ដោយ​ទំហំ​តូច មាន​តម្លៃ​ចាប់ពី ១​ដុល្លារ ២​ដុល្លារ ឬ​៣​ដុល្លារ រហូត​ដល់​ទំហំ​ធំ​៥០០​ដុល្លារ និង​១០០០​ដុល្លារ ។ លោក គឹ​ម​ឈុ​យ ដែល​ជា​ជាង​ដែល​ចេះ​ជំនាញ​ខាង​ចម្លាក់​នេះ តាំងពី​ក្មេង លោក​បាន​បន្ត​ថា លោក​ពិត​មាន​មោទនភាព ចំពោះ​ស្នាដៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​នៅ​ស្នាដៃ​ទាំង​អស់នេះ ពោល​ច្នៃ​របស់​ដែល​«​គ្មាន​តម្លៃ ក្លាយជា​របស់​ដែល​មាន​តម្លៃ​» ។

បន្ថែម​ពី​នេះ លោក​បន្ត​ថា តាម​រយៈ​ចម្លាក់​នេះ វា​ពុំ​ងាយស្រួល​នោះ​ឡើយ ព្រោះ​មាន​ច្រើន​ដំណាក់កាល ទម្រាំ​លេច​ចេញ​ជា​រូបរាង​មួយ​ផ្ទាំង ពោល​ទាមទារ​ការ​អត់ធ្មត់​ច្រើន ប្រសិនបើ​ឆ្លាក់​ទៅ​ខុស គឺ​ដឹង​តែ​បោះចោល​ហើយ ដោយ​ពុំ​មាន​អ្វី​ជា​ការ​ប៉ះ​ពៅ​បាន​នោះ​ឡើយ ។

គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​ស្បែក​គោ​ដែល​លោក​បាន​ទិញ​យក​មក ដើម្បី​កែ​ច្នៃ​ធ្វើ​ជា​ចម្លាក់​នេះ លោក​ថា វា​មាន​តម្លៃ​១​គីឡូ​២០០០​រៀល ដោយ​ក្នុង​សត្វ​គោមួយ​ក្បាល ជួនកាល​មាន​ស្បែក​គោ​២០​គីឡូ ៣០​គីឡូ ៤០​គីឡូ និង​ជួនកាល​មាន​ទម្ងន់​រហូត​ដល់​៥០​គីឡូ ដូច្នេះ​បងប្អូន​អាច​ធ្វើការ​កម្ម​ង់​ជាវ​បាន​ទៅ​តាម​ទំហំ និង​រូប​ដែល​ចង់បាន ។

ជា​ចុង​ក្រោយ លោក ខា គឹ​ម​ឈុ​យ សូម​អរគុណ​បងប្អូន​មហាជន​សម្រាប់​ការ​គាំទ្រ ចម្លាក់​ស្នាដៃ​កូន​ខ្មែរ​នៃ​ទឹកដី​សៀមរាប​អង្គរ ដែល​ជា​ស្នាដៃ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក៏​ដូច​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ និង​ផលិតផល​ក្នុងស្រុក​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ