រាជធានីភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានកោតសរសើរ តារាចម្រៀងរែប កម្ពុជា គឺលោក វណ្ណដា ដែលបានច្រៀងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស៍ ២០២៤ កាលពីយប់ថ្ងៃទី១១ សីហា ថា នឹងចារឹកទុកក្នុងប្រវត្តិសាស្ត្រនៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ។
យោងតាមផេកផ្លូវការរបស់ស្ថានទូតបារាំង នៅកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤បានសរសេរយ៉ាងដូច្នេះថា ៖«អស្ចារ្យណាស់ Vann Da – វណ្ណដា! តារារែបកម្ពុជា ដ៏ល្បីឈ្មោះបានច្រៀង នៅចំពោះមុខពិភពលោក កាលពីយប់មិញ ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស៍ ២០២៤» ។
ស្ថានទូតបានលើកឡើងថា មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួន នៅថ្ងៃណាមួយឈ្មោះរបស់វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្ត្រនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក! ។
នៅថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអបអរសាទរចំពោះតារាចម្រៀងវណ្ណ ដាផងដែរ ។ សម្តេចធិបតីបានសរសេរលើបណ្តាញសង្គមតេឡេក្រាមយ៉ាងដូច្នេះថា៖«សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»៕
ចែករំលែកព័តមាននេះ