ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំឯកឧត្តមអភិបាលខេត្តក៏ដូចជាឯកឧត្តមវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចចម្រុះបានបន្តកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទ។
ដោយធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្របឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ជាមួយនោះបានបង្ក្រាបបទល្មើសស្បៃមុងរាប់រយម៉ែត្រនិងចាក់លែងកូនត្រីជិត ២០០គីឡូក្រាមក្នុងបឹងធម្មជាតិវិញ។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមបានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីសកម្មភាពបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកកងមាស ក្រោមការចង្អុលបង្ហាញថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ឲ្យកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រដ្ឋបាលស្រុកកងមាស រដ្ឋបាលឃុំរាយប៉ាយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ គឺបានចុះបង្ក្រាបជាបន្ទាន់ធ្វើឡើងដោយមិនឱ្យក្រុមជនខិលខូចដឹងខ្លួនជាមុននោះទេ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានបន្តោយដឹងទៀតថា ដោយមានសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានចំនួន ០២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ១៧មាត់
-របាំងស្បៃមុងប្រវែង ៨៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២៥៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៧៥គីឡូក្រាម
នៅចំណុចបឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ២២មាត់
-របាំងស្បៃមុងប្រវែង ៨២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២១៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម នៅចំណុចបឹងម្រះ បឹងទូ បឹងខាំដៃ បឹងកំភើ ឃុំរាយ
ប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជំនាញជលផលក៏ដូចជាអាជ្ញាធរសូមអំពាវនាវដល់ពលរដ្ឋធ្វើយ៉ាងណាបញ្ឈប់សកម្មភាពនេសាទដោយខុសច្បាប់ ។
ជាមួយនោះឯកឧត្តមអ៊ុនចាន់ដាអភិបាលខេត្តបានឲ្យកម្លាំងជលផលធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសដើម្បីចាត់វិធានការតាមច្បាប់ទៀតផង៕
ចែករំលែកព័តមាននេះ