ទីក្រុងហ្សាកាតា៖ សាលាក្រុងនូសាន់ថារ៉ា ដែលជាអនាគតរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមដាក់ឱ្យដំណើរការសាកល្បងនូវប្រភេទឡានតាក់ស៊ីហោះនៅអាកាសយានដ្ឋានមួយកន្លែងស្ថិតនៅលើកោះកាលីម៉ាន់តាន់ខាងកើត។ ឥណ្ឌូណេស៊ីអះអាងថាឡានតាក់ស៊ីហោះដែលមានលក្ខណៈដូចជាយន្តហោះដ្រូនដែរ។ គ្រាន់តែថាឡានតាក់ស៊ីនេះមានកម្លាំងម៉ាស៊ីនធំអាចដឹកបានទម្ងន់រាប់រយគីឡូក្រាម។
អាជ្ញាធរសង្កត់ធ្ងន់ថាការបើកបរសាកល្បងលើកនេះជាការបោះជំហានឆ្ពោះទៅរកការធ្វើឱ្យប្រាកដថាការដឹកជញ្ជូនតាមមធ្យោបាយនេះពិតជាធានាបាននូវការធ្វើដំណើរដែលទី១-ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទី២-អាចជួយថែរក្សាបរិស្ថាននៅតំបន់ទីប្រជុំជន។ នេះជាភស្តុតាងដែលបង្ហាញថាឥណ្ឌូណេស៊ីមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍមធ្យោបាយធ្វើដំណើរដែលបំពាក់បច្ចេកវិទ្យាទំនើប។
តាមពិត ធាតុសំខាន់មួយដែលនាំឱ្យរដ្ឋាភិបាលដូរពីរដ្ឋធានីហ្សាកាតាទៅនូសាន់ថារ៉ានោះដោយសារបញ្ហាបរិស្ថាន។ ហេតុនេះ រដ្ឋធានីនូសាន់ថារ៉ាក៏ត្រូវតែផ្ដោតសំខាន់ទៅលើបរិស្ថាននេះជានិច្ច។ ក្រៅពីការកុម្ម៉ង់ទិញបច្ចេកវិទ្យាពីក្រៅប្រទេសដើម្បីផលិតឡានតាក់ស៊ីហោះ អាជ្ញាធរក៏ផ្ដោតសំខាន់ទៅលើការផលិតនៅក្នុងស្រុកផងដែរនូវប្រភេទយានជំនិះដឹកជញ្ជូនដោយប្រើបច្ចេកវិទ្យានេះ។ ឥណ្ឌូណេស៊ីចង់ឱ្យមានប្រព័ន្ធបរិស្ថានបើកទូលាយផ្នែកនវានុវត្តន៍ដែលភាគីនានាអាចចូលរួមចំណែកសហការគ្នាដើម្បីផលិតឡានតាក់ស៊ីហោះ។
ដើម្បីសម្រេចក្ដីសុបិននេះ អាជ្ញាធរសាលាក្រុងនូសាន់ថារ៉ាបានសហការគ្នាជាមួយដៃគូជាយុទ្ធសាស្ត្រជាច្រើនស្ថាប័នទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ីផ្ទាល់ និងនៅឯបរទេសខ្លះដើម្បីផលិតប៉ាន់គំរូ (prototype) នៃឡានតាក់ស៊ីហោះ។ ក្នុងនោះក៏មានក្រុមហ៊ុនហ៊ីយុនដាយរបស់កូរ៉េខាងត្បូងផងដែរ។ អាជ្ញាធររំពឹងថាការបើកបរសាកល្បងឡានតាក់ស៊ីហោះអាចនឹងធ្វើឱ្យវិស័យផលិតយានជំនិះផ្សេងៗសម្រាប់បម្រើឱ្យអាកាសចរណ៍ស៊ីវិលនៅឥណ្ឌូណេស៊ីកាន់តែរីកចម្រើន។
ម៉្យាងទៀត អាជ្ញាធរសង្ឃឹមថាទៅថ្ងៃអនាគត ឡានតាក់ស៊ីហោះអាចនឹងប្រើប្រាស់សម្រាប់រត់ឈ្នួលរបៀបដូចជាឡានតាក់ស៊ីនៅលើដីដែរនៅក្នុងរយៈពេលប្រាំឆ្នាំទៀត។ បន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អាជ្ញាធរថ្លែងថាទីក្រុងនូសាន់ថារ៉ាក៏ចង់ផ្ដោតសំខាន់ផងដែរទៅលើការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញកម្រិតខ្ពស់។ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា៕
អត្ថបទដែលពាក់ព័ន្ធ
ឥណ្ឌូណេស៊ីត្រៀមធ្វើតេស្តតាក់ស៊ីហោះអាចដឹកមនុស្សម្ដងបាន៥នាក់
ចែករំលែកព័តមាននេះ