រាជធានីភ្នំពេញ ៖ ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ច និងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែការធ្វើសកម្មភាព និងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង ។ នេះបើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុស លោកបណ្ឌិត នៅថ្ងៃទី២៤ ខែក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ច និងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ។ ប៉ុន្តែការធ្វើសកម្មភាព និងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ ដោយគ្មានមូលដ្ឋានព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង ។
លោកបានលើកឡើងថា ជាការពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបានពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើងត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិ និងមនសិការជាតិ និងមានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច ។
លោកបណ្ឌិត សូមកុំឱ្យជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះវាក៏អាចខុសតគ្នាដែរ ។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថា ស្នេហាជាតិៗ! បែបនេះ គឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ ៕
ចែករំលែកព័តមាននេះ