ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋតវ៉ារឿងវៀតណាមបិទច្រកទ្វារផ្លូវទឹក ធ្វើឱ្យបាត់បង់ការងារ

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ និងអាជីវករចំណតទូកប្រឡាយទាហានប្រមាណជាង៨០០នាក់ រួមទាំង​

ខេត្តស្វាយរៀង ៖ កម្មករ និងអាជីវករចំណតទូកប្រឡាយទាហានប្រមាណជាង៨០០នាក់ រួមទាំង​ប្រជាពលរដ្ឋភូមិព្រៃវល្លិ៍ បានលើកគ្នាតវ៉ា​ ទាមទារ​សូមឲ្យអាជ្ញាធរស្រុកខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិ​បាលមេត្តាដោះស្រាយបញ្ហាភាគីវៀតណាមបិទច្រកទ្វារ​ព្រំដែនផ្លូវទឹកនៃស្លាបច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ មិនអនុញ្ញាត​ឱ្យ​អាជីវករខ្មែរនាំស្រូវចេញតាមព្រំដែនផ្លូវទឹកនៃចំណតកាណូតប្រឡាយទាហានទៅប្រទេសវៀតណាមទេ ។ ពួកគេថា ការបិទនេះ​បង្កឲ្យមានផលប៉ះពាល់ដល់ការងារកម្មករធ្វើការនៅផែកាណូតប្រមាណ៨០០នាក់ និងក្រុមអាជីវករប្រមូលទិញស្រូវតាមបណ្តាខេត្តនានាទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋដែលជាកសិករបាត់បង់ទីផ្សារលក់ស្រូវ ។

សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចបវធិបតី ហ៊ុន មាណែត ប្រមុខរាជរដ្ឋាភិបាលមេត្តាអន្តរាគមន៍ដោះស្រាយសុំឲ្យភាគីវៀតណាមបើកព្រំដែនផ្លូវទឹកព្រៃវល្លិ៍ (ខេត្តស្វាយរៀង) -​បេន​ហ៊ីប​(ខេត្តឡុង​អាន)​ឡើងវិញ។

ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ កក្កដា ​ឆ្នាំ​២០២៤ នៅចំណតកាណូតប្រឡាយទាហានស្លាបច្រកទ្វារ​ព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍​។

បើតាមតំណាងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់លើកគ្នាមកតវ៉ា​នេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេចបវរ​ធិបតី ជួយពិនិត្យអន្តរាគមន៍​បើកច្រកព្រំដែនផ្លូវទឹក នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍នេះឡើងវិញ ដោយច្រកទ្វាព្រំដែនផ្លូវទឹកតែមួយគត់នៃខេត្តស្វាយរៀង ដែលអាជីវករខ្មែរបានបង្កើតចំណតទូកកាណូត នាំទំនិញចេញទៅប្រទេសវៀតណាមជាពិសេស ផលិតផលស្រូវ ដែលអាជីវករបានដើរប្រមូលទិញពីបណ្តាខេត្តនានាទូទាំងប្រទេស នាំចេញទៅប្រទេសវៀតណាម តាមច្រកផ្លូវទឹកនេះ ។

​ការបើកទ្វារនេះ​បានបង្កើតការងារឲ្យអាជីវករ និងកម្មករកម្មការិនីប្រមាណ៨០០នាក់បម្រើការងារនៅទីនេះនិងបង្កងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើស្រែនៅក្នុងស្រុកកំពង់រោទ៌ លក់ផលិតផលស្រូវផ្ទាល់ដល់ឈ្មួញវៀតណាមតែម្តងដោយឈ្មួញវៀតណាមចូលទូកកាណូតដល់បេន រថ​យន្ត ដឹកស្រូវក៏ងាយស្រួល។

ពេលភាគីវៀតណាមបិទព្រំដែនផ្លូវទឹកប្រឡាយទាហានព្រៃវល្លិ៍​នេះធ្វើឲ្យប៉ះពាល់ដល់កម្មករលីសែងនិងអាជីវករខ្មែរយ៉ាងខ្លាំង ដោយការបិទនេះមិនដឹងពីមូលហេតុ។

ច្រកព្រំដែនផ្លូវទឹកនេះបានបិទអស់រយៈពេល៣ខែមកហើយ ។ ក្តីបារម្ភធំបំផុត គឺខ្លាចវៀតណាម​បិទ ​ហើយបើកផែស្រូវ​នៅខាងប្រទេសគេ ដែលធ្វើឲ្យអាជីវករនិងកម្មករ ប្រកបមុខរបរនៅបេនកាណូតនេះមានការពិបាក កម្មករបាត់បង់ការងារ និងធ្វើឲ្យបាត់បង់ផលប្រយោជន៍រួមជាខ្លាំង ព្រោះផ្លូវទឹកព្រៃវល្លិ៍​ កន្លងមកនាំស្រូវចេញទៅប្រទេសវៀតណាមក្នុង១ថ្ងៃចន្លោះពី​៥,០០០តោនទៅ១០,០០០តោន ជាពិសេសជួយដល់កម្មករខ្មែរដែលបម្រើការនេះបេនកាណូតនេះចំនួន៨០០នាក់ទាំងប្រុសទាំងស្រី ពួកគាត់ម្នាក់ៗអាចរកចំណូលបានចន្លោះពី៧ម៉ឺនទៅ១សែន៥ម៉ឺនរៀល​ក្នុង១ថ្ងៃ។

នៅពេលវៀតណាមបិទច្រកនេះធ្វើឲ្យពួកគាត់អត់ការងារធ្វើ បង្កឲ្យមានការលំបាកក្នុងជីវភាពគ្រួសារយ៉ាងខ្លាំង។តំណាងប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់បានយកសំណើរទៅដាក់នៅ តាមមន្ទីរពាក់ពន្ធ័ទៅដាក់នៅសភាពាណិជ្ជកម្មខេត្តទៅសាលាខេត្តស្វាយរៀងសុំឲ្យឯកឧត្តមអភិបាលខេត្តដោះស្រាយ ក៏ប៉ុន្តែពុំឃើញមានដំណោះស្រាយទើបនាំគ្នាមកតវ៉ាសុំ​ឲ្យប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ដោះស្រាយ។

ក្រុមអាជីវករនិងកម្មករ ព្រមទាំងប្រជាពលរដ្ឋស្រុកកំពង់រោទ៌សូមសំណូមពរដល់សម្តេចបវធិបតីហ៊ុនម៉ាណែត មេត្តាជួយអន្តរាគមន៍បើកច្រកផ្លូវទឹកប្រឡាយទាហាននេះឡើងវិញ ដើម្បីឲ្យអាជីវករនិងកម្មករព្រមទាំងប្រជាពលរដ្ឋមានមុខរបរ ហើយបានដំណើរការនាំស្រូវចេញ ទៅប្រទេស​វៀត​ណាម​បានរលូន ជាពិសេសស្រូវកំពុង​មានទីផ្សារនាំចេញ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងបានទេទូរសព្ទ័ចូលហើយគាត់ឆ្លើយថាជាប់រវល់ ហើយបានបិទទូរស័ព្ទ ។

សូម​បញ្ជាក់​ លោកប៉ា​ង ​ឡេ​ង​ ប្រធានច្រកទ្វារ​ព្រំដែនអន្តរជាតិព្រៃវល្លិ៍ បាន​ឆ្លើយតបតាម​ទូរ​សព្ទ័​ឱ្យដឹងថា លោក​អភិបាល​ខេត្តស្វាយរៀង​ បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី១៨​ កក្កដា​ ឆ្នាំ​២០២៤ រួច​ហើយ ក៏ប៉ុន្តែ​ភាគី​វៀតណាម​មិន​ទាន់​ឆ្លើយ​តប ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ