រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តសណ្ដោងកន្ទុយ សម្រាប់ដឹកទូកុងតឺន័រ១គ្រឿង ជ្រុលទៅបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចជ្រុលទៅបុកម៉ូតូ១គ្រឿង ដែលជិះដោយនាងកម្មការិនីរោងចក្រ២នាក់ បណ្ដាលឲ្យធ្លាក់ចូលស្រែទាំងរថយន្តនិងម៉ូតូ ហើយបានបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ ខណៈនោះបុរសអ្នកបើកបររថយន្តខាងលើនិយាយថា គាត់ងងុយដេកហើយងោក១ភាំង ទើបជួបឧប្បត្តិហេតុបែបនេះ បន្ទាប់មកឆ្លៀតពេលកំពុងមានការភ្ញាក់ផ្អើល បុរសនោះក៏រត់គេចខ្លួនបាត់តែម្ដង ។

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ស្ថិតនៅក្នុងព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តខាងលើ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-1949 បើកបរដោយបុរសម្នាក់ ចំណែកកម្មការិនីរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះស៊ាវ ឡែន អាយុ២០ឆ្នាំ និងអ្នករបួសស្រាលឈ្មោះស៊ាវ ឡុង អាយុ២២ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់គឺជាបងប្អូនបង្កើតនិងគ្នា ស្នាក់នៅផ្ទះជួលក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។

អ្នកដំណើរតាមផ្លូវខាងលើបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវទាំងកំរោល ។ បន្ទាប់មករថយន្តបានជ្រុលទៅចំណែកផ្លូវម្ខាងទៀត បុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេកំពង់ស្ពឺ1M-2557 ដែលជិះដោយនាងកម្មការិនីរងគ្រោះ២នាង់ខាងលើ ក្នុងទិសដៅពីជើងទៅត្បូង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងស្រែទាំងរថយន្តនិងម៉ូតូ ហើយនារីរងគ្រោះបានខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យនាងប្អូនរងរបួសធ្ងន់ ចំណែកនាងបងរងរបួសស្រាលទាំង២នាក់តែម្ដង ។ ពេលនោះបុរសអ្នកបើកបររថយន្តខាងលើនិយាយថា គាត់ពេលកំពុងបើកបរគាត់ងងុយដេកហើយងោក១ភាំង ទើបជួបឧប្បត្តិហេតុបែបនេះ ។ បន្ទាប់មកឆ្លៀតពេលកំពុងមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុមានអ្នកទៅចោមរោមមើលច្រើន ស្រាប់តែបុរសនោះរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

នគរបាលបានប្រាប់ឲ្យដឹងថា រថយន្តខាងខាងលើបានធ្លាក់ក្បាលចូលវាលស្រែ និងកន្ទុយរ៉ឺម៉កនៅគងទទឹងលើផ្លូវច្រងាងតែម្ដង ចំណែកម៉ូតូនិងនាងកម្មការិនីរងគ្រោះ២នាក់បងប្អូនបង្កើត បានខ្ទាតជាច្រើនម៉ែត្រចូលវាលស្រែ ។ ក្រោយពេលកើតហេតុនាងប្អូនដែលរងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព ដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាន រាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងរួចនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ