រាជធានីភ្នំពេញ ៖ កងកម្លាំងចម្រុះជាងមួយពាន់នាក់បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការបន្តរុះរករបស់កងកំលាំងដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ៖
-នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។
-នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ។
-នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស ។
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក ។
-ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥។
-ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស
បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះនៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយះពេល៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។
បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។
សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការរុករក បន្តព្យាយាមរុករកនៅតំបន់សង្ស័យ ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្សក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ជួបជុំជាមួយគ្រួសារពួកគាត់វិញ៕
ចែករំលែកព័តមាននេះ