មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ចេញកម្លាំងរុករកយន្តហោះដែលបាត់ដំណឹង នៅជួរភ្នំក្រវាញ
ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា…
ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា…
ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា រយៈពេល០៣យប់០៤ថ្ងៃកន្លងមកនេះ កម្លាំងនៃមន្ទីរបរិស្ថាន ចំនួន៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះ ដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀត ល្បាតនៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ។
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។
លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រ ដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ ។
គិតត្រឹមរសៀលថ្ងៃទី១៩ កក្កដានេះ អស់រយៈពេល០៧ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ខណៈក្រុមការងារជួយសង្គ្រោះនៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។
ព័ត៌មានផ្លូវការពីក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
តាមរយៈលិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាស នៃក្រសួងការពារជាតិ លេខ៤១៧/២៤ ដែលបានចែកចាយជាសាធារណៈ បានបង្ហាញថា ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 ត្រូវមានជើងហោះហើរពីភ្នំពេញ-ថ្មដារ-ពោធិ៍សាតិ-ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡើយ ៕
ចែករំលែកព័តមាននេះ