ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមានក្រុមហ៊ុនឡានអគ្គិសនីចិន នៅវៀតណាម គំរា.មកំហែ.ងដល់ក្រុមហ៊ុនក្នុងស្រុក?

8 ខែ មុន

ទីក្រុងហាណូយ ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤

ទីក្រុងហាណូយ ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានគូសបញ្ជាក់អំពីផែនការពង្រីកបណ្តាញអ្នកចែកចាយរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ខណៈដែលក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិនមួយនេះ នឹងបើកហាងលក់ដំបូងរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមក្នុងសប្តាហ៍នេះ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះគូប្រជែងក្នុងស្រុក VinFast ។

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា ហាងលក់រថយន្តអគ្គិសនី BYD ចំនួន១៣ទីតាំង នឹងបើកទ្វារនៅក្នុងប្រទេស​វៀត​ណាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយក្រុមហ៊ុនសង្ឃឹមថានឹងបង្កើនចំនួនហាងលក់ដល់ប្រហែល១០០ទីតាំង នៅឆ្នាំ២០២៦។

យោងតាមលោក Vo Minh Luc ប្រធានផ្នែកប្រតិបត្តិការសម្រាប់ក្រុមហ៊ុន BYD នៅប្រទេស​វៀត​ណាមបានឱ្យដឹងថា ក្រុមហ៊ុននឹងទម្លាក់រថយន្តគំរូចំនួន៣ម៉ូដែលដំបូង ដែលនៅក្នុងនោះរួមមានទាំងម៉ូដែល Atto 3 ហើយនឹងបន្ថែមរហូតដល់៦ម៉ូដែល នៅក្នុងទីផ្សារវៀតណាម ចាប់ពីខែតុលា តទៅ។

រថយន្តអគ្គិសនី BYD ទាំងអស់សម្រាប់លក់ក្នុងទីផ្សារវៀតណាមនាពេលនេះ សុទ្ធតែត្រូវនាំចូលទាំងអស់។ ដ្បិតរដ្ឋាភិបាលវៀតណាម កាលពីឆ្នាំមុន បានអះអាងថា ក្រុមហ៊ុន BYD បានសម្រេចចិត្ត​សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅភាគខាងជើងប្រទេសវៀតណាម ប៉ុន្តែផែនការទាំងនោះបានស្ងប់ស្ងាត់ទៅវិញ។ លោក Vo Minh Luc បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់ Reuters ថា «BYD កំពុងពិភាក្សាជាមួយតំបន់មួយចំនួននៅក្នុងប្រទេសវៀតណាម ដើម្បីបង្កើនប្រសិទ្ធភាពផែនការសាងសង់រោងចក្រផលិតរបស់ខ្លួន»។

រថយន្តអគ្គិសនី BYD Atto 3 នឹងមានតម្លៃចាប់ពី ៧៦៦លានដុង ស្មើនឹង ៣០,១០០ដុល្លារអាមេរិក ពោលគឺថ្លៃជាងតម្លៃរថយន្ត VF 6 របស់ក្រុមហ៊ុនវៀតណាម VinFast ដែលមានតម្លៃចាប់ពី ៦៧៥​លានដុង ស្មើនឹង ២៦,៤៩០ដុល្លារ។

ដូចក្រុមហ៊ុន BYD ដែរ ក្រុមហ៊ុន VinFast លែងផលិតរថយន្តប្រើសាំងតទៅទៀតហើយ។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតវៀតណាមមួយនេះ បានទទួលជោគជ័យក្នុងអាជីវកម្មតិចជាង BYD ដែលគូប្រជែងរបស់ខ្លួន ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមហ៊ុន VinFast បានលក់រថយន្តអគ្គិសនីចំនួន ៣២,០០០គ្រឿង នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ ធានាគារចក្រភពអង់គ្លេស HSBC បានប៉ាន់ប្រមាណក្នុងរបាយការណ៍ កាលពីខែឧសភារបស់ខ្លួនថា ការលក់ម៉ូតូ និងរថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ប្រទេសវៀតណាមអាចកើនឡើងពីតិចជាង១លានគ្រឿង នៅក្នុងឆ្នាំ ២០២៤ ដល់ជាង ២.៥លានគ្រឿង នៅឆ្នាំ ២០៣៦៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ