រាជធានីភ្នំពេញ ៖ អគ្គនាយកនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋណា ដែលត្រូវបានក្រុមហ៊ុនធានារ៉ាប់រង មិនដោះស្រាយសំណងជូន ទៅនិយ័តករ ដើម្បីធ្វើការដោះស្រាយ ជូនបានឆាប់ ។
ផ្តល់កិច្ចសម្ភាស៍ដល់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្វ៊ែហ្វៀលបាយម៉ារៀត លោក ប៊ូ ច័ន្ទភីរី អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា តួនាទីនិយ័តករ គឺ ទី១. ធ្វើការតាមដានក្រុមហ៊ុនធានារ៉ាប់រង ទី២. ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងការប្តឹងក្រុមហ៊ុនធានារ៉ាប់រងណា ដែលមិនដោះស្រាយសំណងជូន ។
លោកបញ្ជាក់ថា ៖ «យើងស្នើឲ្យពលរដ្ឋ ប្តឹងមកនិយ័តករ ប្តឹងធានារ៉ាប់រងណា ដែលមិនដោះស្រាយសំណងជូន ដែលកន្លងមក យើងបានដោះស្រាយជូនប្រជាពលរដ្ឋច្រើន ។ ហើយខ្ញុំក៏សូមពឹងដល់អ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយដល់ពលរដ្ឋថា បើក្រុមហ៊ុនមិនសងសំណងទេ ប្តឹងទៅនិយ័តករតាមរយៈវេបសាយនិយ័តករ» ។
លោកអគ្គនាយក បានលើកឡើងទៀតថា និយ័តករធានារ៉ាប់រងកម្ពុជា បានខិតខំជំរុញឲ្យមានប្រសិទ្ធិភាព ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីធានារ៉ាប់រង និងជំរុញឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត និងដំណោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ ដើម្បីបង្កើតឲ្យមានទំនិកចិត្តដល់ប្រជាពរដ្ឋ ។
ជាមួយគ្នានោះដែរ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងនៅពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងមានចំនួនប្រមាណ៤០ក្រុមហ៊ុន ក្នុងនោះ ក៏មានក្រុមហ៊ុនធានារ៉ាប់លំដាប់ពិភពលោកផង លំដាប់តំបន់ផង ។
លោកអគ្គនាយក ក៏បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំមក (មុនជំងឺកូវីដ)នេះ កំណើតក្រុមហ៊ុនធានារ៉ាប់រង មានប្រមាណ២០% ប៉ុន្តែដោយសារជំងឺកូវីត បានធ្វើឲ្យកំណើរធ្លាប់ចុះ មកដល់១០% រហូតដល់៥%ឆ្នាំនេះ។ ដូច្នេះយើងសង្ឃឹមថា កំណើននឹងកើនឡើងវិញ នូវការធានារ៉ាប់រងនេះ ដែលអាចមានចំនួន២០% ឡើងវិញ ។
សូមជម្រាបថា ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាចែករំលែកព័ត៌មាន «អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ រ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន ប្រមាណ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នា ចំនួន៥៨ស្ថាប័ន នៅសណ្ឋាគារហ្វ៊ែរហៀល បាយ ម៉ាវៀត ភ្នំពេញ ។
លោក ហ៊ុយ រ៉ាថារ៉ូ បានលើកឡើងថា វេទិកានេះ មិនត្រឹមតែរួមចំណែកពង្រឹង សមត្ថភាពរបស់អ្នកសារព័ត៌មានជុំវិញការសរសេរអត្ថបទ តែប៉ុណ្ណោះទេ ប៉ុន្ដែនឹងជះឥទ្ធិពលយ៉ាងវិជ្ជមានដោយប្រយោលទៅកាន់សាធារណជន តាមរយៈគុណភាពនៃព័ត៌មាន ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា ក៏បានឲ្យដឹងថា បើគេនិយាយអំពីប្រទេសមួយ ដែលរីកចម្រើន គេត្រូវស្គាល់វិស័យហិរញ្ញវត្ថុទាំងមូល នៃប្រទេសនោះ ហើយបើនិយាយអំពីវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសមួយ គេនិយាយអំពីសសរស្ដម្ភ ៣ រួមមាន ៖ វិស័យធនាគារ, វិស័យធានារ៉ាប់រង និងវិស័យមូលបត្រ ។
អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានលើកឡើងថា ប្រទេសណា ដែលមានវិស័យទាំង៣នេះ មានការរីកចម្រើន ប្រទេសនោះ នឹងក្លាយជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ។
គួរបញ្ជាក់ថា វេទិកាខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែមទៀត អំពីព័ត៌មានថ្មីៗចុងក្រោយ និងការវិវឌ្ឍនៃទីផ្សារ ធានារ៉ាប់រងនៅកម្ពុជា នាឆ្នាំកន្លងទៅ ដើម្បីជាជំនួយស្មារតី ដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយអំពីវិស័យធានារ៉ាប់រង់ ទៅកាន់សាធារណជន ប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ ។
វេទិកានេះ ក៏បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន លើកជាសំណួរផ្សេងៗ ទាក់ទង នឹងវិស័យធានារ៉ាប់រងនៅកម្ពុជា ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់បន្ថែមផងដែរ ៕
ចែករំលែកព័តមាននេះ