រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ ខណៈពេលដែលជិះម៉ូតូឌុបគ្នា២នាក់បងប្អូនទៅធ្វើការឈប់ស្តុប ហើយរថយន្ត កពីក្រោយបុកពេញទំហឹងហើយបើករត់គេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង ៤០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៤ ត្រង់ចំណុចស្តុប មហាវិថីឈ្នះឈ្នះ កែងផ្លូវហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះឃឿន ធីប អាយុ២៨ឆ្នាំ ជាកម្មាការិនីកាត់ដេរជាប្អូន ។ ចំណកអ្នករងរបួសជាបងឈ្មោះ ឃឿន សុធីម អាយុ៣៨ឆ្នាំ ជាកម្មាការីនីដូចគ្នា។ អ្នកទាំងពីរនាក់រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូ
មួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-8807 គោលបំណងទៅធ្វើការនៅម្តុំស្ទឹងមានជ័យ ។

តាមសាក្សីបានអោយដឹងទៀតថា នៅពេលកើតដល់កន្លែងកើតហេតុ ជនរងគ្រោះបានឈប់ស្តុប ស្រាប់តែមានរថយន្តធុនធ្ងន់១គ្រឿង ធ្វើដំណើរមកពីក្រោយបុកពេញរួចកិននារីជាប្អូន ដែលជិះក្រោយបណ្តាលអោយស្លាប់នៅនឹងកន្លែង។ ចំណែកនារីជាបងបានរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តដែលពុំស្គាល់អត្តសញ្ញាណបានបើករត់គេចទៅបាត់ ។បន្សល់ទុកនារីរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអាធ័ម។ រថយន្តបង្ក សមត្ថកិច្ច កំពុងតែ ស្រាវជ្រាវ រកដើម្បី ចាត់ការតាមច្បាប់ ៕

ចែករំលែកព័តមាននេះ