ប្រាសាទតាមាន់ធំ បច្ចុប្បន្នស្ថិតក្នុងស្ថានភាពបែបណា?
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាមាន់ធំឈរបង្ហាញរាងលើកំពូលភ្នំដងរែក ដោយមានក្រុមទាហាន
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាមាន់ធំឈរបង្ហាញរាងលើកំពូលភ្នំដងរែក ដោយមានក្រុមទាហាន
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាមាន់ធំឈរបង្ហាញរាងលើកំពូលភ្នំដងរែក ដោយមានក្រុមទាហានកម្ពុជា និងថៃ នៅយាមការពារ ត្រួតពិនិត្យសរុបចំនួន១០នាក់ ។ តើមានអ្នកទេសចរទៅទស្សនាទីនោះទេ ?
ប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។
លោកប៊ឹងកែវ វិបុល នាយទាហានគ្រប់គ្រងកម្លាំងការពារ និងត្រួតពិនិត្យនៅតួប្រាសាទ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឲ្យកោះសន្តិភាពដឹងថា នៅក្នុងបរិវេណតួប្រាសាទដាក់កម្លាំងទាហាន៣នាក់ និងប៉ូលិសការពារព្រំដែនគោកកងវរៈលេខ៧០២ចំនួន២នាក់ ។ ចំណែកខាងថៃដាក់ទាហានចំនួន៥នាក់ ។
ប្រភពដដែលបន្តថាត្រង់ច្រកផ្លូវឡើងមកប្រាសាទ ទាហានកម្ពុជាយើងគ្រាន់តែដាំដើមចេក ក៏ត្រូវក្រុមទាហានថៃរារាំងដែរ។ ចំណែកខាងពួកទាហានថៃនោះវិញ យើងសង្កេតឃើញពួកគេលួចដាក់កាមេរ៉ាចំនួន២កន្លែង តែត្រូវរន្ទះបាញ់ខូចខ្ទេចអស់មួយ នៅសល់តែមួយទេ ។
លោកវរសេនីយ៍ទោគង់ រុន មេបញ្ជាការរងកងវរៈ៤២២ប្រចាំទិសតាមាន់ធំឲ្យកោះសន្តិភាពដឹងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ថា អ្នកទេសចរខ្មែរយើងនាថ្ងៃខ្លះចំនួន១០០នាក់ ថ្ងៃខ្លះពី៣០០ទៅ៤០០នាក់ក៏មានដែរ ធ្វើដំណើរតាមរថយន្តក្រុង ឬតាមរថយន្តតូចធំទៅទស្សនាប្រាសាទតាមាន់ធំ ។ អ្នកទេសចរទាំងនោះ ទាំងអ្នកនៅក្នុងខេត្ត និងអ្នកពីបណ្ដាខេត្ត ផ្សេងៗ ។
ដោយឡែកអ្នកទេសចរថៃពី៣០ទៅ៤០នាក់ក្នុងមួយថ្ងៃបានចូលទៅទស្សនាប្រាសាទដែរ ។
ចំពោះការចូលទៅទស្សនាប្រាសាទតាមាន់ធំនេះ បើកចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៣រសៀល ។
ករណីបើភ្ញៀវទៅខុសម៉ោង គឺនៅម៉ោង៤ ឬម៉ោង៥ល្ងាចនោះ គឺក្រុមទាហានទាំងសងខាងស្រែកហៅគ្នាមកសិន ហើយបើទាហានខាងណាមិនមក គឺមិនអនុញ្ញាតឱ្យអ្នកទេសចរចូលទេ ។
ព្រឹទ្ធាចារ្យម្នាក់រស់នៅឃុំគោកមន សុំមិនបញ្ចេញឈ្មោះ រៀបរាប់ឲ្យអ្នកយកព័ត៌មានកោះសន្តិភាពដឹងថា កាលពីអំឡុងឆ្នាំ១៩៩៧ ប្រជាជនថៃតែងតែឃើញមកធ្វើស្រែចម្ការនៅជើងភ្នំដងរែក ចំណុចដំណាក់បេង ។ ចំណែកក្រុមទាហានឈុតខ្មៅថៃក៏ចូលមកដល់ទីនោះដែរ ។
ចំពោះកងល្បាតកម្ពុជាលេខ៤០២ការពារព្រំដែនកម្ពុជា-ថៃ ដើរល្បាតនៅដំណាក់បេងនោះដែរ ហើយតែងតែជួបគ្នាជាមួយក្រុមទាហានឈុតខ្មៅថៃ ។
ក្នុងអំឡុងពេលនោះប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ត្រូវក្រុមទាហានឈុតខ្មៅថៃគ្រប់គ្រង់ទាំងស្រុង ។ ទោះបីជាបែបណាក្ដី ពួកគេបានបើកឲ្យប្រជាជនខ្មែរយើងឡើងទៅទស្សនាប្រាសាទតាមាន់ធំក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ តែត្រូវវាយត្រានៅលើខ្នងដៃកត់សម្គាល់ ។
ព្រឹទ្ធាចារ្យដដែលបន្តថា បន្ទាប់ពីការផ្ទុះអាវុធនៅប្រាសាទព្រះវិហារនាឆ្នាំ២០០៨រួចមក រាជរដ្ឋា ភិបាលកម្ពុជាយើងបានបញ្ជូនកងពលតូចថ្មើរជើងលេខ៤២ទៅឈរជើងនៅក្នុងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ ពេលនោះស្រាប់តែមានការផ្ទុះអាវុធប្រយុទ្ធគ្នារវាងកងទាហានកម្ពុជា ជាមួយទាហានថៃ ។ ការប្រយុទ្ធគ្នានោះក្រុមទាហានកម្ពុជាបានរុញច្រានក្រុមទាហានថៃទៅដល់ចំណុចតួប្រាសាទតាមាន់ធំ ហើយគ្រប់គ្រងប្រាសាទរវាងកងកម្លាំងទាហានកម្ពុជា និងថៃរហូតមកទល់ពេលបច្ចុប្បន្ននេះ ដោយយោងទៅលើកិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ។
នេះគ្រាន់តែជាការសង្កេតឃើញ និងដឹងឮព័ត៌មានរបស់ព្រឹទ្ធាចារ្យម្នាក់នោះប៉ុណ្ណោះ វាមិនអាចចាត់ទុកថាប្រាកដប្រជា ឬច្បាស់លាស់នោះទេ ៕
ចែករំលែកព័តមាននេះ