ជប៉ុនបានសន្យាថានឹងផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជា ជាមួយនឹងឆ្មាំសមុទ្រជប៉ុន ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះថា ការសន្យានេះបានធ្វើឡើង នៅក្នុងអំឡុងពេលដែលលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិពិភាក្សាជាមួយនឹងសមាភាគីជប៉ុន គឺលោកស្រី ខាមីខាវ៉ា យ៉ូកុ កាលពីម្សិលមិញ ។
ប៉ុន្តែមិនមានការបញ្ជាក់អំពីចំនួននាវាដែលនឹងផ្តល់អោយនោះនៅឡើយទេ ។ នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុនលើកទី១ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្មាំសមុទ្រជប៉ុន ហើយភាគីជប៉ុន បានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ ។
កាលពីឆ្នាំ២០១៨ ជប៉ុនក៏ធ្លាប់បានផ្តល់ជូនកម្ពុជានូវនាវាល្បាតពីរគ្រឿងដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទំនិញរត់ពន្ធនៅលើលំហរសមុទ្រ ៕
ចែករំលែកព័តមាននេះ