មនុស្សសរុប៧នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា បានចូលមន្ទីរពេទ្យសង្គ្រោះជីវិត បន្ទាប់ពីបរិភោគត្រីក្រពត ។ ក្រសួងសុខាភិបាលបានបញ្ជាក់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ថា ដើម្បីចៀសវាងបាននូវការពុលត្រីក្រពតបង្ក ជាបញ្ហាសុខភាព ដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋកុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុល នៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លា.ប់ ដោយសារតែជាតិពុលនៅក្នុងខ្លួនវាមិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិន ឬដាក់ឱ្យកកក៏ដោយ ។
ប្រភពដដែលបានបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល ។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល (មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនខាង ក្រោម) រួមមាន ៖ ១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មានទំហំអតិបរមា ៦ស.ម ២. ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម ៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម ៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម. និង៥. ត្រីក្រពតហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម ។
ប្រភពដដែលបញ្ជាក់ថា ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លា.ប់បាន ។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លា.ប់ ។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់ ។
រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លា.ប់។
នៅក្នុងករណីដែលពុលខ្លាំង ការស្លា.ប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម ។ វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុលអាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសតាមដានពីគ្រូពេទ្យជាចាំបាច់ ៕
ចែករំលែកព័តមាននេះ