ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​ឆ្នោត​នៅ​អង់គ្លេស​បង្ហាញ​ថា​គណ​បក្ស​ពល​ករ​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី

3 ថ្ងៃ មុន

ទី​ក្រុង​ឡុន​ដុន៖ លទ្ធ​ផល​ឆ្នោត​បឋម​ក្រៅ​ផ្លូវ​ការ​នៅ​អង់គ្លេស​បង្ហាញ​ថា​គណ​បក្ស​ពល​ករ​​កំពុង​វ៉ា​ដាច់​​គេ​ឆ្ងាយ​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​គណ​បក្ស​ដទៃ​ទៀត​។ មាន​ន័យ​ថា​គណ​បក្ស​ពល​ករ​ទទួល​បាន​ជិត​៣០០​​អាសនៈ​ទៅ​ហើយ​ ខណៈ​ដែល​​បក្ស​ធំ​ៗ​២​ទៀត​គឺ​គណ​បក្ស​អភិរក្ស​និយម និង​​គណ​​ប្រជា​ធិបតេយ្យ​សេរី​ទទួល​បាន​ត្រឹម​តែ​ម្ភៃ​សាម​សិប​អាសនៈ​តែ​ប៉ុណ្ណោះ​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​, ពល​​រដ្ឋ​ម្ចាស់​ឆ្នោត​មិន​ថា​នៅ​អង់គ្លេស ស្កុត​លែន វេល ឬ​អៀក​ឡង់​ខាង​ជើង​ទេ​​ហាក់​ដូច​ជា​​ណាត់​ត្រូវ​គ្នា​…

ទី​ក្រុង​ឡុន​ដុន៖ លទ្ធ​ផល​ឆ្នោត​បឋម​ក្រៅ​ផ្លូវ​ការ​នៅ​អង់គ្លេស​បង្ហាញ​ថា​គណ​បក្ស​ពល​ករ​​កំពុង​វ៉ា​ដាច់​​គេ​ឆ្ងាយ​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​គណ​បក្ស​ដទៃ​ទៀត​។ មាន​ន័យ​ថា​គណ​បក្ស​ពល​ករ​ទទួល​បាន​ជិត​៣០០​​អាសនៈ​ទៅ​ហើយ​ ខណៈ​ដែល​​បក្ស​ធំ​ៗ​២​ទៀត​គឺ​គណ​បក្ស​អភិរក្ស​និយម និង​​គណ​​ប្រជា​ធិបតេយ្យ​សេរី​ទទួល​បាន​ត្រឹម​តែ​ម្ភៃ​សាម​សិប​អាសនៈ​តែ​ប៉ុណ្ណោះ​។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​, ពល​​រដ្ឋ​ម្ចាស់​ឆ្នោត​មិន​ថា​នៅ​អង់គ្លេស ស្កុត​លែន វេល ឬ​អៀក​ឡង់​ខាង​ជើង​ទេ​​ហាក់​ដូច​ជា​​ណាត់​ត្រូវ​គ្នា​ ហើយ​​វាយ​សំពង​ទៅ​លើ​គណ​បក្ស​អភិរក្ស​និយម​មួយ​ទំហឹង​ៗ​តែ​ម្ដងបន្ទាប់​ពី​បក្ស​នេះ​កាន់​អំណាច​រយៈ​ពេល​១៤​ឆ្នាំ​។​ ពួក​គេ​គិត​ថា​ល្មម​ដល់​ពេល​វេរ​អំណាច​ទៅ​ឱ្យ​បក្ស​ពល​ករ​កាន់​ម្ដង​ហើយ​។ នយោបាយ​ដដែល​ៗ​ងាប់​ក្រឡា​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​មិន​រីក​ចម្រើន​ មនុស្ស​អត់​ការ​ងារ​ធ្វើ​ អតិ​ផរណា​ឡើង​ខ្ពស់​។ល។​ ចំណុច​ទាំង​នេះ​ធ្វើ​ឱ្យ​ពួក​គេ​ឆ្អែត​ចិត្ត​ខ្លាំង​ណាស់​។

ដូច្នេះ​ លើក​នេះ​ច្បាស់​ហើយ​ថា​លោក​ខៀ​​ស្តាមើ (Keir Starmer) ​កំពុងសំលៀង​​​មាត់​ឡើង​អង្គុយ​កៅ​អី​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​នៅ​​​អាណត្តិ​ថ្មី​បន្ទាប់​ពី​លទ្ធ​ផល​ឆ្នោត​បឋម​​​​​បង្ហាញ​ថា​គណ​បក្ស​របស់​លោក​អាច​ឈ្នះ​អាសនៈ​ច្រើន​លើស​លប់អាច​​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​​​ដោយ​មិន​ចាំ​បាច់​ចរ​ចា​ចែក​អំណាច​គ្នា​ជា​មួយ​បក្ស​ដទៃ​ទៀត​ទេ​​។ គណ​បក្ស​អភិរក្ស​និយម​ចាញ់​ឆ្នោត​លើក​នេះ​គឺចាញ់​ងើប​មុខ​លែង​រួច​តែ​ម្ដង​បន្ទាប់​ពី​បាត់​បង់​អាសនៈ​ជាង​១០០​បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​​លើក​មុន​​​។

ក្រោយ​ការ​ចេញ​លទ្ធ​ផល​ឆ្នោត​នេះ តម្លៃ​ប្រាក់​ផោន​របស់​អង់គ្លេស​នៅ​រក្សា​តម្លៃ​ដដែល​មិន​ឡើង​ថ្លៃ ហើយ​ក៏​មិន​ចុះ​ថ្លៃ​។ មូល​ហេតុ​​ដោយ​សារ​លទ្ធ​ផល​ឆ្នោត​​លើក​នេះ​ចេញ​មក​ដូច​ការ​រំពឹង​ទុក​របស់​​ក្រុម​អ្នក​វិនិយោគ​​ខាង​ទិញ-​លក់​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​។ ពួកគេ​រំពឹង​​​ថា​បក្ស​ពល​ករ​មុខ​តែ​ឈ្នះ​ឆ្នោតជា​មិន​ខាន​ឡើយ​។ ទី​ផ្សារ​ហិរញ្ញ​វត្ថុ​​រំពឹង​ថា​នឹង​មាន​ទឹក​មាត់​លេប​នៅ​ពេល​គណ​បក្ស​ពល​ករ​ឡើង​កាន់​អំណាច​។ បក្ស​នេះ​ប្រកាន់​នយោបាយ​​ខាង​ឆ្វេង​។ ប៉ុន្តែ​មិន​មែន​ឆ្វេង​និយម​ជ្រុល​ពេក​ទេ​។

គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ត្រូវ​នឹង​ម៉ោង​៥​ជិត​ភ្លឺ​នៅ​អង់គ្លេស​ បក្ស​ពល​ករ​អាច​ទទួល​បាន​៣២៩​​អាសនៈ​បាត់​ទៅ​ហើយ​។ ចំណែក​គណ​បក្ស​អភិរក្ស​និយម​ទទួល​បាន៧២​​អាសនៈ​, គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ទទួល​បាន​​​៤៥​អាសនៈ​។ ក្រៅ​ពី​នេះ​ គណ​បក្សតូច​ៗ​​ដទៃ​ទៀត​អាច​ទទួល​បាន​ត្រឹម​ពីរ​បី​អាសនៈ​តែ​ប៉ុណ្ណោះ​។

គេ​គិត​ថា​សភាព​ការណ៍​ពិភព​លោក​អាច​នឹង​ប្រែ​ប្រួល​ដោយ​សារ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មហា​អំណាច​ធំ​ៗ​។ មូល​ហេតុ​ដោយ​សារ​នយោបាយ​ការ​បរទេស​របស់​ពួកគេ​នឹង​ប្រែ​ប្រួល​ពី​រដ្ឋាភិបាល​ចាស់​ទៅ​រដ្ឋាភិបាល​ថ្មី​។ ឥឡូវ​នេះ គេ​កំពុង​សម្លឹង​ឃើញ​ថា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​អង់គ្លេស​ នយោបាយ​ចំពោះ​ប្រទេស​អ៊ុយ​ក្រែន​អាច​នឹង​ប្រែ​ប្រួល​។ អ្នក​ខ្លះ​គិត​ថា​ការ​បោះ ឆ្នោត​នៅ​អង់គ្លេស​​អាច​នឹង​ធ្វើ​ឱ្យ​ប្រជា​ជន​អាមេរិកពិចារណា​ទៅ​លើ​ការ​បោះ​​ឆ្នោត​ជ្រើស​រើស​លោក​ត្រាំ ឬ​លោក​បៃដិន​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​។

ត្រាំ​សន្យា​រួច​ហើយ​ថា​ឱ្យ​តែ​ដឹង​ថា​ឈ្នះ​ឆ្នោត​ភ្លាម​ គាត់​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ស្បថ​ចូល​កាន់​តំណែង​ទេ​។ គាត់​នឹង​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ក្រោម​តុ​ក្ដី លើ​តុ​ក្ដី​ ធ្វើ​ម៉េច​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ គាត់​ត្អូញ​ត្អែរ​ថា​អាមេរិក​ចាយ​លុយ​ជាង​១០០​ពាន់​លាន​ដុល្លារ​ទៅ​លើ​អ៊ុយ​ក្រែន​ឥត​ប្រយោជន៍​នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «សង្គ្រាម​បង្ហូរ​ឈាម​ដ៏​ឥត​ន័យ​»។​ ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ត្រាំ​ក៏​ត្រូវ​លោក​ពូទីន​ទទួល​​ស្គាល់​ថា​លោក​ត្រាំ​ពិត​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ពិត​មែន​​។ គ្រាន់​តែ​ថា​ការ​បញ្ចប់​សង្គ្រាម​ដោយ​វិធី​ណា​​នោះ​នៅ​មិន​ទាន​ដឹង​នៅ​ឡើយ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ