ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ដែលសាងសង់អំពីឈើដំបូលប្រក់ក្បឿងទំហំ ៥×១២ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ រហូតអស់ទាំងស្រុង ក្នុងពេលដែលម្ចាស់មិននៅផ្ទះ ។

គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០១ កក្កដា នៅចំណុចភូមិត្រើយង័រ ឃុំរក្ស័ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះមានឈ្មោះ ឡឹក បាន ភេទប្រុស អាយុ៤៤ឆ្នាំ ។

សមត្ថកិច្ចស្រុកបាភ្នំបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះពុំមាននរណានៅផ្ទះឡើយ គឺចេញទៅក្រៅអស់ ហើយពេលកើតហេតុនោះ អ្នកជិតខាងបានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីខាងក្នុងផ្ទះ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្លាមៗ ប៉ុន្តែទំរាំរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកបាភ្នំ ទៅដល់ភ្លើងបានឆេះសន្ធោសន្ធៅពេញផ្ទះទៅហើយ ទើបសមត្ថកិច្ចមិនអាចជួយស្រោចស្រង់ផ្ទះនេះបាន គឺបានត្រឹមបាញ់ទឹកពន្លត់ មិនឲ្យរាលដាលឆ្លងទៅផ្ទះអ្នកជិតខាង ដោយបាញ់ទឹកអស់ចំនួន៣រថយន្ត ភ្លើងក៏បានរលត់ជាស្ថាពរ ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះមិនបានបណ្ដាលឲ្យមានមនុស្សសត្វរងគ្រោះទេ ។ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួន ដែលសរុបជាទឹកប្រាក់ប្រមាណជា ៦០លានរៀល ។ ចំណែកមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា បង្កឡើងដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ៕





ចែករំលែកព័តមាននេះ