ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុយ អេណា ស្នើឲ្យបញ្ចូលគុនល្បុក្កតោ សម្រាប់បង្ហាត់បង្រៀនសិស្សទូទៅនៅតាមសាលារៀន

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង កុយ អេ​ណា បាន​បង្ហាញ​គោលបំណង​ចង់​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​គុន​ល្បុក្កតោ នៅ​ក្នុង​ការ​បង្ហាត់បង្រៀន​សិស្ស​ទូទៅ នៅ​តាម​សាលារៀន ខណៈ​ពេល​គុន​ល្បុក្កតោ​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង កុយ អេ​ណា បាន​បង្ហាញ​គោលបំណង​ចង់​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​គុន​ល្បុក្កតោ នៅ​ក្នុង​ការ​បង្ហាត់បង្រៀន​សិស្ស​ទូទៅ នៅ​តាម​សាលារៀន ខណៈ​ពេល​គុន​ល្បុក្កតោ​នេះ គឺជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា ។

ការ​ស្នើ​សុំ​ពី​អតីត Miss Grand Cambodia ២០២៣ លំដាប់​រង​ទី​១ រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាង​មើលឃើញ​ថា គុន​ល្បុក្កតោ ជា​ក្បាច់គុន​មួយ​ដ៏​អស្ចារ្យ តែ​មិនសូវ​ជា​មានការ​គាំទ្រ និង​ការ​បង្ហាត់បង្រៀន​ច្រើន​ជាង​ក្បាច់​គុណ​ផ្សេង​ៗ​ទៅ​វិញ ។

កុយ អេ​ណា បាន​លើក​ឡើ​តាម​បណ្តាញ​សង្គម​ថា ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់ និង​តូចចិត្ដ​បន្តិច​ដែរ នៅ​ពេល​ដែល​ក្បាច់គុន​ខ្មែរ គឺជា​ក្បាច់​មួយ​ដែល​អស្ចារ្យ តែ​ពុំ​សូវ​មានការ​គាំទ្រ និង​ការ​លើក​ឡើង​ស្នើ​សុំ​នៅ​ក្នុង​ការ​បង្ហាត់បង្រៀន​សិស្ស​ទូទៅ​នៅ​តាម​សាលា ។ តែ​បែរជា​ភាគច្រើន​មានការ​ហាត់រៀន​ក្បាច់គុន​ផ្សេង​ៗ​ទៅ​វិញ ។

នាង​បញ្ជាក់​ថា នាង​ខ្ញុំ​ពិតជា​ចង់​ស្នើ​សុំ និង​សំនូមពរ​ទៅ​ដល់​បណ្ដា​សាលា​នានា​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នៅ​ប្រទេស​កម្ពុជា គួរតែ​បញ្ចូល​គុន​ល្បុក្កតោ​ខ្មែរ​ទៅ​ក្នុង​ម៉ោង​សិក្សា​នៃ​ផ្នែក​កីឡា ឬ​សិល្បៈ​ណាមួយ​ឲ្យ​បាន​ទូលំទូលាយ ។ ដោយឡែក​ក្រៅ​អំពី​ការ​ស្នើ​សុំ​ខាងលើ​នេះ កុយ អេ​ណា ក៏​បាន​ធ្វើការ​ប្តេជ្ញា​ចិត្តនឹង​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ប្រឹងប្រែង​លើក​ស្ទួយ​គុន​ល្បុក្កតោ​នេះ ទៅ​កាន់​ឆាក​អន្តរជាតិ និង​ឲ្យ​មានការ​សុះសាយ​ជាស​កល​ផង​ដែរ ។

កុយ អេ​ណា អះអាង​ថា នាង​ខ្ញុំ​បេ្ត​ជ្ញា​ចិត្តនឹង​ខំប្រឹង​ប្រែង​លើក​ស្ទួយ​គុន​ល្បុក្កតោ ទៅ​កាន់​ឆាក​អន្តរជាតិ​ឱ្យ​រីក​សុះសាយ​ដល់​សកលលោក ព្រោះ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា ។ នាង​បន្ថែម​ថា ២​ឆ្នាំ​ហើយ ដែល​គុន​ល្បុក្កតោ​កម្ពុជា ត្រូវ​បាន​ត្រូវ​បាន​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO ខណៈ​ដែល​ចាស់ព្រឹទ្ធាចារ្យ ឬ​លោកគ្រូ​តា​ផ្នែក​គុន​ដ៏​អស្ចារ្យ​នេះ កាន់តែ​មាន​វ័យ​ចំណាស់​ទៅ​ៗ ។ នាង​ថា តើ​យើង​ជា​កូន​ខ្មែរ​បាន​ធ្វើ​អ្វី​ហើយ ឬ​នៅ ដើម្បី​គាំទ្រ​លើក​ស្ទួយ និង​ក្លាយជា​អ្នក​បន្តវេន​ពី​បុព្វបុរស​ដូច​តា​ខ្មែរ​ជំនាន់​មុន? ។

យ៉ាងណា ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ក្បាច់​គុណ​ល្បុក្កតោ​ពី​សំណាក់ កុយ អេ​ណា នា​ពេល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​កន្លង​មក​តារា​រូប​នេះ​ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​ព្រឹ​ត្ត​ការណ៍​ការ​សម្តែង​គុន​ល្បុក្កតោ និង​គុន​សាវ​លិញ រួម​គ្នា​រវាង​កម្ពុជា និង​ចិន​នៅ​មុខ​ប្រាសាទបាយ័ន ខេត្ត​សៀម​រាម កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ជា​ការ​កត់សម្គាល់ កន្លង​មក​តារា​សម្តែង​នាង កុយ អេ​ណា ក៏​ធ្លាប់​ទទួល​បានការ​សាទរ និង​គាំទ្រ​យ៉ាងច្រើន​ផង​ដែរ ពី​ប្រិ​យ​មិត្ត​លើ​បណ្ដាញ​សង្គម ក្នុង​ពេល​ដែល​នាង​បាន​ចូលរួម​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជា​គំរូ​មួយ​សម្រាប់​អ្នកសិល្បៈ ។

កុយ អេ​ណា បញ្ជាក់​ថា អ្វី​ដែល​នាង​ធ្វើ​គ្រាន់តែ​ចង់​បំផុស​នូវ​អ្វី​ដែល​ល្អ​ៗ និង​ស្រស់​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​បានដឹង និង​បាន​ស្គាល់ និង​ដឹង​ពី​កម្ពុជា​ថា ពេល​នេះ​មាន​រីក​ចម្រើន​ដល់​កម្រិត​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ