ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ចំថ្ងៃខួបកំណើតសម្តេច តេជោ អ្នកផ្តួចផ្តើមកសាងគម្រោងប្រវត្តិសាស្ត្ររបស់ខ្មែរ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ថ្ងៃ​ទី​៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ គឺ​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អ្នក​ផ្តួចផ្តើម និង​បង្ក​លក្ខណៈ​ឲ្យ​គម្រោង​ចេញ​ជា​រូបរាង​នឹង​ក្លាយ​ព្រែកជីក​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ។

ថ្លែង​ក្នុង​អបអរសាទរ​«​ទិវា​មច្ឆជាតិ ១ កក្កដា ២០២៤» ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បឹង​ធំ ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១ កក្កដា សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​គាំទ្រ​នូវ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​មាន​ប្រយោជន៍​មហាសាល ហើយ​គម្រោង​នេះ​ក៏​នឹង​ផ្ដល់​ផង​ប្រយោជន៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ជាតិនិយម ហើយ​គម្រោង​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​នេះ គឺ​ចំ​ថ្ងៃ​ខួបកំណើត​សម្តេច​តេ​ជោ ហ៊ុន សែន ។

ថ្លែង​ជា​សាធារណៈ​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បាន​គូស​យ៉ាងដូច​បញ្ជាក់​ថា «​ថ្ងៃ​ទី​៥ គឺជា​ថ្ងៃ​ខួបកំណើត សម្ដេច​តេ​ជោ ជា​ថ្ងៃ​ដែល​យើង​ចាប់ផ្ដើម​កសាង (​កសាង​ព្រែកជីក​ហ្វូ ណ​ន​តេ​ជោ​) ចំ​ថ្ងៃ​នៃ​ខួបកំណើត អ្នក​ផ្ដួចផ្ដើម និង​អ្នក​បង្ក​លក្ខណៈ​ឲ្យ​ព្រែកជីក​នេះ​ធ្វើ​បាន​ផ្ដួចផ្ដើម​ក្នុង​ការ​កសាង ដឹកនាំ នៅ​ក្នុង​ការ​កសាង និង​សម្រេច​បាន​នូវ​សមិទ្ធផល ជា​ពិសេស​សន្ដិភាព​តាម​នយោបាយ​ឈ្ន​-​ឈ្នះ ដែល​មានការ​ចូលរួម​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស ។ ចឹ​ង​ហើយ​ការ​បង្កើត​យក​ថ្ងៃនេះ ដើម្បី​ធ្វើ​» ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី ក៏​បាន​រំលឹក​នូវ​ប្រសាសន៍ សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ប្រទេស នាំ​គ្នា​វា​.​យ​ធុង វា​.​យ​ស្គរ ដើម្បី​អបអរសាទរ​ចំពោះ​ការ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ព្រោះ​គម្រោង​នេះ​មិនមែន​ជា​គម្រោង​របស់​សម្ដេច​តេ​ជោ ក៏​មិនមែន​ជា​គម្រោង​ផ្ដាច់មុខ​របស់​សម្ដេច​ឡើយ គឺជា​គម្រោង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ។

សម្តេច​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​ដោយ​កូន​ខ្មែរ ដើម្បី​កូន​ខ្មែរ​សម្រាប់​អនាគត​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ហ្វូ​ណ​ន​តេ​ជោ​នេះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​មិន​ត្រឹមតែ​ប្រជាជន​បាន​ប្រកាស​គាំទ្រ​នោះ​ទេ សូ​ម្បី​តែ​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​កសាង​ព្រែកជីក​ហ្វូ​ន​ណ​ន​តេ​ជោ​នោះ​ដែរ ។

ផ្ទុយ​ទៅ​វិញ មាន​តែ​អ្នក​ន​យោ​បាត​ជ្រុលនិយម​មួយ​ចំនួន​តូច ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ប្រកាស​មិន​គាំទ្រ ដើម្បី​ផល​ចំណេញ​នយោបាយ​ខ្លួន​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ប្រកាស​រៀបចំ​ឲ្យ​មានការ​ដុត​កាំ​ជ្រូ​ច ទូងស្គរ នៅ​គ្រប់​ទី​វត្ត​អារាម ដើម្បី​អបអរ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ន​ណ​ន​តេ​ជោ​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ប្រវែង​១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ។ ផ្លូវទឹក​នេះ​នឹង​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ​៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍​៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព ។

គម្រោង​នេះ​នឹង​សាងសង់ សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន​៣​កន្លែង​, សាងសង់​ស្ពាន​ចំនួន​១១​កន្លែង​, សាងសង់​ផ្លូវ​អម​សាង ខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ការ​សាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ​១,៧០០​លាន​ដុល្លារ និង​រយៈពេល​សាងសង់​ប្រមាណ​៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ