ទីក្រុងតូក្យូ៖ មានករណីសង្ស័យថាខ្លាឃ្មុំខាំសម្លាប់បុរសម្នាក់វ័យ៥៨ឆ្នាំនៅប្រទេសជប៉ុនភាគកណ្ដាល។ នៅលើដងខ្លួនសាកសពមានស្នាមខាំ និងខ្វាចដោយក្រចកខ្លាឃ្មុំ។ គេប្រទះឃើញសពជនរងគ្រោះជាកម្មករសំណង់ឈ្មោះយ៉ាស៊ូហ៊ីរ៉ូ (Yasuhiro Kobayashi) នៅក្នុងតំបន់ព្រៃស្រោងនៃខេត្តណាហ្កាណុ (Nagano) កាលពីល្ងាចថ្ងៃសុក្រ។ កាលនោះអ្នករួមការងារជាមួយគ្នាចេះតែចាំបាត់ៗមិនព្រមឃើញគាត់ត្រឡប់មកកន្លែងស្នាក់នៅ។លុះដើររកចុះឡើងៗក៏ប្រទះឃើញសពរបស់គាត់តែម្ដង។
នៅលើដងខ្លួនសាកសពមានស្នាមរបួសនៅផ្ទៃមុខ និងខ្នង។ សមត្ថកិច្ចសង្ស័យថាអាចជាករណីខ្លាឃ្មុំខាំ។ ដូច្នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះជាបន្តទៀតដើម្បីបញ្ជាក់ឱ្យច្បាស់ថាពិតជាខ្លាឃ្មុំខាំមែន។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍អឹនអេចខេ (NHK)។ សារព័ត៌មានជប៉ុនឈ្មោះអាសាហ៊ិ ស៊ីមប៊ុន (Asahi Shimbun) ផ្សាយថាគិតតែនៅក្នុងខែមិថុនានេះ១ប៉ុណ្ណោះ ហើយគិតតែនៅក្នុងខេត្តណាហ្កាណុ១ប៉ុណ្ណោះមានករណីខ្លាឃ្មុំខាំមនុស្ស៤នាក់បណ្ដាលឱ្យរបួស។
ហេតុនេះ អាជ្ញាធរមូលដ្ឋានចេញសេចក្ដីណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លាឃ្មុំសម្បុរខ្មៅ។ អាជ្ញាធរអំពាវនាវឱ្យអ្នកស្រុកកុំដើរចូលទៅក្នុងតំបន់ព្រៃភ្នំចាប់ពីពេលព្រឹកព្រហាមរហូតដល់ពេលថ្ងៃអស្ដង្គតព្រោះចន្លោះពេលហ្នឹងខ្លាឃ្មុំធ្វើសកម្មភាពដើររាតត្បាតនៅក្នុងព្រៃដើម្បីស្វែងរកចំណី។ នៅខេត្តណាហ្កាណុរយៈពេល១២ខែគិតចាប់ពីខែមីនា ឆ្នាំ២០២៤រាប់ថយក្រោយវិញ អាជ្ញាធររកឃើញថាខ្លាឃ្មុំខាំមនុស្ស២១០ករណី ហើយសម្លាប់មនុស្ស៦នាក់។
កាលពីឆ្នាំ២០២៣ ទូរទស្សន៍ស៊ីអឹនអឹន (CNN)ដកស្រង់ប្រភពពីអ្នកជំនាញថា «សត្វខ្លាឃ្មុំជប៉ុនចាប់ផ្ដើមសម្រុកចាកចេញពីទីកន្លែងរស់នៅតាមបែបធម្មជាតិរបស់ពួកវានៅក្នុងព្រៃ ហើយចូលរាតត្បាតនៅក្នុងភូមិស្រុកដើម្បីស្វែងរកចំណី។ គេគិតថាសកម្មភាពប្រែប្រួលនេះអាចដោយសារការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យរុក្ខជាតិប្រភេទផ្កា និងទឹកដមផ្កាដែលជាចំណីអាហារសំខាន់របស់ពួកវាជាប្រពៃណីតាំងពីដើមរៀងមកវាបែរជាលែងសម្បូរ និងមានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតរបស់ពួកវាដូចកាលពីមុន។ ម៉្លោះហើយមានតែពឹងពាក់ទៅលើចំណីអាហារដែលអាចនឹងមាននៅក្នុងភូមិស្រុករបស់មនុស្ស»។
ចំណុចមួយទៀត ប្រទេសសម្បូរមនុស្សចាស់ច្រើនជាងគេនៅលើពិភពលោក។ រីឯក្មេងៗត្រូវធ្វើចំណាកស្រុកពីទីជនបទទៅទីក្រុងធំៗដើម្បីស្វែងរកការងារធ្វើ។ ដីស្រែ-ចម្ការត្រូវទុកចោលគ្មាននរណាថែទាំ ឬមើលការខុសត្រូវទេ។ ហេតុនេះធ្វើឱ្យសត្វព្រៃចាប់ផ្ដើមចូលរាតត្បាត។ ជាដំណោះស្រាយ អាជ្ញាធរសំណូមពរឱ្យអ្នកដែលចង់ធ្វើដំណើរចូលតំបន់ព្រៃភ្នំយកល្អដើរជាក្រុម ហើយត្រូវមានរបស់ដាក់ជាប់នឹងខ្លួនដើម្បីបង្កើតជាសំឡេងបំភិតបំភ័យខ្លាឃ្មុំកុំឱ្យមកក្បែរយើង។ ឧទាហរណ៍ដូចជាយើងអាចប្រើកញ្ចែ កណ្ដឹង ឬស្នែង។ អ្នកខ្លះប្រើម្សៅម្រេចបាញ់ដាក់មុខខ្លាឃ្មុំដើម្បីឱ្យវាឈ្លក់ លែងហ៊ានមកជិត។
ខ្លាឃ្មុំភាគច្រើនវាយប្រហារនៅអំឡុងខែមេសានៅពេលពួកវាងើបពីដេក ហើយសកម្មក្នុងការស្វែងរកចំណី។ ចប់អំឡុងពេលនេះទៅរហូតដល់ខែកញ្ញា និងតុលា ពួកវាចាប់ផ្ដើមរកចំណីម្ដងទៀតដើម្បីស្តុកទុកសារធាតុខ្លាញ់នៅក្នុងខ្លួនវាឱ្យបានច្រើនទប់ទល់នឹងអាកាសធាតុត្រជាក់នៅខែរងា។ ដូច្នេះ ការនិយាយថាខ្លាឃ្មុំស៊ីតែឃ្មុំនោះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
ខ្លាឃ្មុំអាចនឹងស៊ីឃ្មុំ ប៉ុន្តែឃ្មុំមិនគ្រប់គ្រាន់ទេ។ មួយតំបន់ព្រៃអាចមានឃ្មុំត្រឹមដប់ម្ភៃសម្បុកប៉ុណ្ណោះ ដូច្នេះ មិនអាចផ្គត់ផ្គង់តម្រូវការរបស់ខ្លាឃ្មុំបានទេ។ ពួកវាត្រូវស៊ីផ្លែឈើ ឬបន្លែថែមទៀតទើបអាចគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមជីវិត។
នៅក្នុងស្ថានភាពដែលខ្លាឃ្មុំសម្លាប់មនុស្សកាន់តែញឹកញាប់ និងកាន់តែច្រើនដូច្នេះកាលពីខែឧសភា ឆ្នាំ២០២៤ ក្រុមការងារដែលចាត់តាំងដោយក្រសួងបរិស្ថានបានស្នើសុំឱ្យអាជ្ញាធររៀបចំកែសម្រួលច្បាប់ស្ដីពីការបរបាញ់សត្វឡើងវិញ។ ពួកគេចង់ធ្វើម៉េចឱ្យច្បាប់អនុញ្ញាតឱ្យមនុស្សមានសិទ្ធិប្រើប្រាស់កាំភ្លើងដើម្បីបាញ់ខ្លាឃ្មុំ។ មិនមែនកាំភ្លើងបាញ់ដល់ស្លាប់ទេ។
ពួកគេចង់ស្នើសុំប្រើកាំភ្លើងមានបង្កប់ថ្នាំសណ្ដំនៅក្នុងម្ជុលដើម្បីបាញ់ឱ្យខ្លាឃ្មុំសន្លប់ធំបើសិនវាហ៊ានរាតត្បាតដល់ភូមិស្រុករបស់មនុស្ស។ នៅតំបន់ខ្លះគេចាប់ផ្ដើមប្រើប្រាស់បញ្ញាសិប្បនិម្មិតអេអាយ (AI) បំពាក់នៅកាមេរ៉ាសុវត្ថិភាពដើម្បីកំណត់មុខសញ្ញាភ្លាមៗនៅពេលមានខ្លាឃ្មុំដើរចូលទៅក្នុងកន្លែងណាមួយ។ បន្ទាប់មក គេអាចរាយការណ៍ទៅមន្ត្រីថ្នាក់មូលដ្ឋាន៕
ចែករំលែកព័តមាននេះ