ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ីអ័រអាយអេ (RIA) លើកឡើងថាកាលពីពេលលោកពូទីនទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោកបានសន្យាថានឹងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរឱ្យវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកលីកាឆេវ (Alexey Likhachev) ជាប្រធានក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរឈ្មោះរ៉ូសាទុំ (Rosatom)។ សេចក្ដីបញ្ជាក់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃចន្ទនេះតែម្ដង។
ដូច្នេះ ច្បាស់ហើយថាវៀតណាមនឹងមានរោងចក្រនុយក្លេអ៊ែរនាពេលអនាគត។ តម្លៃអគ្គិសនីសង្ឃឹមថានឹងចុះថោកខ្លាំងមែនទែន។ មូលហេតុដោយសាររោងចក្រនុយក្លេអ៊ែរអាចផលិតអគ្គិសនីបានច្រើន។ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរតែ១គ្រឿងអាចផលិតបាន១ពាន់មេហ្កាវ៉ាត់។ រោងចក្រខ្លះខ្នាតធំអាចប្រើម៉ាស៊ីនប្រតិកម្មលើសពី១គ្រឿង។ ប៉ុន្តែរោងចក្រនេះក៏មិនមែនថោកប៉ុន្មាននោះទេ។ បើតាមការប៉ាន់ស្មានតម្លៃរបស់គណៈកម្មការគ្រប់គ្រងថាមពលរបស់អាមេរិក អ៊ីអាយអេ (EIA) រោងចក្រនុយក្លេអ៊ែរដែលអាចផលិតអគ្គិសនីបានមួយពាន់មេហ្កាវ៉ាត់ត្រូវចំណាយថវិកាសាងសង់ប្រហែល៥៣០០លានដុល្លារ។
លោកលូកាឆេវដែលបានអមដំណើរលោកពូទីនទៅវៀតណាមដែរនោះ លោកថ្លែងថាលោកជាអ្នកនិយាយដោយផ្ទាល់មាត់ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោកផាំមិញជិញ ថារុស្ស៊ីត្រៀមខ្លួនសាងសង់រោងចក្រនុយក្លេអ៊ែរឱ្យវៀតណាម។ លោកថារុស្ស៊ីបានបង្កើតជម្រើសជាច្រើនសម្រាប់ឱ្យវៀតណាមជ្រើសរើសទៅតាមការពេញចិត្ត។ វៀតណាមអាចកុម្ម៉ង់ឱ្យរុស្ស៊ីសាងសង់រោងចក្រខ្នាតតូច ខ្នាតធំ ឬខ្នាតយក្ស រុស្ស៊ីអាចបំពេញបានតាមសំណូមពរទាំងអស់។ រឹតតែពិសេសជាងនេះទៅទៀត រ៉ូសាទុំមានសមត្ថភាពខ្ពស់រហូតដល់សាងសង់រោងចក្រនៅលើដីក៏បាន សាងសង់បណ្ដែតនៅលើផ្ទៃទឹកក៏បាន។
ដូច្នេះហើយមិនខុសពីអ្នកវិភាគបានលើកឡើងនោះទេ វៀតណាមលើកនេះអាចសង្ឃឹមថានឹងទទួលបានផលប្រយោជន៍ជាច្រើនពីប្រទេសរុស្ស៊ី។ បើមិនដូច្នេះទេ វៀតណាមមិនមែនបង្ហាញការងាកចេញពីអាមេរិក ដើម្បីទៅចាប់ដៃជាមួយសម្ព័ន្ធមិត្តចាស់របស់ខ្លួន។ រហូតមកដល់ពេលនេះ វៀតណាមមិនទាន់មានរោងចក្រនុយក្លេអ៊ែរនៅឡើយទេ។ កាលពីមុននេះវៀតណាមធ្លាប់មានផែនការសាងសង់រោងចក្រនុយក្លេអ៊ែរចំនួន២ផងដែរ។ ប៉ុន្តែក្រោយមកក៏ផ្អាកផែនការនេះទៅវិញកាលពីឆ្នាំ២០១៦។ ពោលគឺបន្ទាប់ពីមានហេតុការណ៍រលកយក្សស៊ូណាមី និងឆេះរោងចក្រនុយក្លេអ៊ែរនៅហ៊្វូគូស៊ីម៉ា ប្រទេសជប៉ុនកាលពីឆ្នាំ២០១១។ ម៉្យាងទៀត ការផ្អាកនេះក៏ពាក់ព័ន្ធនឹងការសាញរឿងតម្លៃផងដែរដោយសារថវិកាជាតិមានកំណត់។
លើកនេះអាចនិយាយបានថាក្រុមហ៊ុនរបស់រដ្ឋាភិបាលរុស្ស៊ីជួយសាងសង់ដោយមិនបង្ខំយកលុយទាំងដុំៗពីវៀតណាមភ្លាមៗទេ។ ប្រហែលជាអាចដោះដូរគ្នាជាទំនិញអ្វីផ្សេងដែលទូទាត់ស្មើនឹងតម្លៃសាងសង់។ ឧទាហរណ៍ អាចដោះដូរយកជារ៉ែ ជាប្រេងឆៅ ឬជាឧស្ម័នរបស់វៀតណាម។ ប៉ុន្តែលើកហ្នឹងច្បាស់ហើយថារុស្ស៊ីនឹងដាក់ជើងមកទិសខាងកើតដើម្បីប្រឡូកក្នុងទ្វីបអាស៊ី និងប៉ាស៊ីហ្វិច, សមុទ្រចិនខាងត្បូងក៏រុស្ស៊ីនឹងចូលលុកលុយដែរដើម្បីចម្រាញ់ប្រេង រ៉ែ និងឧស្ម័នរបស់វៀតណាម។
គេនៅចាំបានថាកាលពីមុនទស្សនកិច្ចរបស់លោកពូទីនដែលគេមិននឹកស្មានដល់ពីជម្រៅចិត្តរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមដែលផ្លាស់ប្ដូរមាគ៌ានយោបាយ១៨០អង្សានោះ, ពួកអឺរ៉ុប និងអាមេរិកក៏ធ្លាប់ស្រក់ទឹកមាត់មិនស្ទើរទេចំពោះលោហធាតុកម្ររបស់វៀតណាម (rare earth) ដែលគេគិតថាមានមិនក្រោម២០លានតោនទេនៅក្នុងដី។ លោហធាតុនេះអាចចាត់ទុកជាសន្លឹកបៀរអាត់របស់វៀតណាមព្រោះនៅលើពិភពលោកនេះកាលពីមុន គេដឹងថាមានតែប្រទេសចិន១គត់ដែលមានលោហធាតុនេះរហូតដល់ជាង៩០%នៃពិភពលោក។ លោហធាតុនេះមានសារៈសំខាន់ខ្លាំងសម្រាប់ផលិតគ្រឿងអេឡិចត្រូនិចដូចជាស្មាតហ្វូន កុំព្យូទ័រ និងរថយន្តអគ្គិសនី។
ឥឡូវនេះ លាភធំប្រហែលជារសាត់ពីដៃរបស់បស្ចិមប្រទេសហើយ ហើយអាចត្រូវប៉ាន់ប្រទេសរុស្ស៊ីវិញម្ដង។ ប្រធានក្រុមហ៊ុនរ៉ូសាទុំរបស់រុស្ស៊ី លោកលីកាឆេវ រំលឹកថាមុនពេលវៀតណាមសម្រេចលុបចោលគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរកាលពីឆ្នាំ២០១៦នោះ ក្រុមហ៊ុនរបស់លោកមានផែនការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតធំឱ្យវៀតណាមដោយប្រើប្រាស់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ (reactor) ដ៏ទំនើបចុងក្រោយរបស់រុស្ស៊ី។
គួរកត់សម្គាល់ថានៅក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនលើកនេះ ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។ ក្នុងនោះមានកិច្ចព្រមព្រៀងសំខាន់១ពាក់ព័ន្ធនឹងការសហការខាងថាមពល។ ចំណុចនេះក៏ជាការរំលេចឱ្យឃើញមូលហេតុសំខាន់១នៃនយោបាយ «ដំណើរឆ្ពោះទៅទិសខាងកើត ឬដំណើរឆ្ពោះទៅទ្វីបអាស៊ី» (Pivot to Asia)។ រុស្ស៊ីត្រូវការកែសម្រួលទិសដៅនយោបាយរបស់ខ្លួនបន្ទាប់ពីខ្លួនទទួលរងទណ្ឌកម្មខ្លាំងពីក្រុមបស្ចិមប្រទេសដោយសារការចូលលុកលុយប្រទេសអ៊ុយក្រែន។
ម៉្យាងទៀត នេះក៏អាចជាការចាប់យកឱកាស។ នៅពេលដែលក្រុមបស្ចិមប្រទេសកំពុងវីរវក់ ឬជាប់ដៃខ្លាំងនៅក្នុងបញ្ហាអ៊ីស្រាអែល និងបញ្ហាអ៊ុយក្រែន ហើយហាក់ដូចជារយាលដៃបន្តិចពីទ្វីបអាស៊ី, រុស្ស៊ីក៏បង្វែរមុខព្រួញមកទ្វីបអាស៊ីវិញម្ដង។ សូមបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរនៅក្នុងន័យនេះមិនមែនសំដៅលើរោងចក្រផលិតអាវុធនុយក្លេអ៊ែរទេ។ ប៉ុន្តែជារោងចក្រផលិតអគ្គិសនីដោយប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ឬថាមពលវិទ្យុសកម្ម។ រោងចក្រនេះត្រូវប្រើប្រាស់ឧបករណ៍ម៉្យាងហៅថាម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ (nuclear reactor) ដើម្បីបម្លែងសារធាតុវិទ្យុសកម្មកម្រិតស្រាលទៅជាថាមពលអគ្គិសនី៕
ចែករំលែកព័តមាននេះ