ខេត្តបាត់ដំបង ៖ រថយន្តម៉ាកកាម៉ារីស៊េរីចាស់មួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីរសៀលថ្ងៃទី១៦ មិថុនា ពេលកំពុងធ្វើដំណើរលើដងផ្លូវ ក្នុងព្រៃមួយកន្លែងដល់ចំណុចអូរខ្មោច ស្ថិតក្នុងអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ដែលគេសង្ស័យអាចបណ្ដាលមកពីការឆ្លងចរន្តភ្លើង តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនោះម៉ាកកាម៉ារី ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ ដែលមានម្ចាស់ឈ្មោះ សំរិទ្ធ ម៉ៅ ប្រុស អាយុ៦៥ឆ្នាំ នៅភូមិឆករកា ឃុំសំឡូត ។
សមត្ថកិច្ចពុំទាន់ទទួលបានព័ត៌មានជាក់លាក់ពីម្ចាស់រថយន្តនៅឡើយទេ អំពីមូលហេតុដែលបណ្ដាលឲ្យអគ្គិភ័យឆេះរថយន្តនេះ ។ ប៉ុន្តែបើតាមព័ត៌មានបឋមបានប្រាប់ថា អគ្គិភ័យដែលលេបត្របាក់រថយន្តនោះទំនងអាចបណ្ដាលមកពីការឆ្លងចរន្តភ្លើងពេលកំពុងបើកបរ ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ពុំមានអ្នកជួយអន្តរាគន៍ពន្លត់ភ្លើងឆេះរថយន្តនោះទេ ពេលកើតហេតុភ្លាមៗ ក្រៅពីម្ចាស់រថយន្តប្រឹងប្រែងខ្លួនឯង ។ ព្រោះកន្លែងកើតហេតុនៅតាមផ្លូវក្នុងព្រៃស្ងាត់ សូម្បីរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកសំឡូត ក៏មិនអាចចេញជួយអន្តរាគមន៍ទាន់ពេលដែរ ។
យ៉ាងណា ជុំវិញករណីអគ្គិភ័យឆេះរថយន្តខាងលើនេះ ពុំមានសេចក្ដីរាយការណ៌អំពីគ្រោះថ្នាក់មនុស្សទេ ក្រៅពីរថយន្តមួយគ្រឿងសល់តែឆ្អឹងដែក ៕

ចែករំលែកព័តមាននេះ