ទីក្រុងហ្សឺណែវ៖ គណៈប្រតិភូដែលចូលរួមនៅក្នុងសន្និសីទកំពូលស្ដីពីការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនបានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើសុំឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាមួយចំនួនដូចជាការថែរក្សាសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរ។ កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃកន្លងទៅនេះបានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យដោយគ្មានបានផ្លែផ្កាអ្វីទេព្រោះមិនមែនជាការផ្ដួចផ្ដើមឡើងដោយប្រទេសមហាអំណាច។ ម៉្យាងទៀត គ្មានវត្តមានរបស់ប្រទេសរុស្ស៊ីចូលរួមទេ។

យោងតាមសេចក្ដីថ្លែងការណ៍នោះ ប្រទេសដែលចូលរួមទាំងអស់សម្រេចចិត្តចាត់វិធានការដ៏ហ្មត់ចត់នៅក្នុងវិស័យ៣ជាអាទិភាព។ ក្នុងនោះមានការធានាសុវត្ថិភាពនៅក្នុងរោងចក្រនុយក្លេអ៊ែរ និងការធានាសន្តិសុខស្បៀងអាហារ។ លោកហ្សេឡិនស្គីថ្លែងថាកិច្ចប្រជុំលើកនេះបង្ហាញថាកម្លាំងគាំទ្រពីសហគមន៍អន្តរជាតិមិនអន់ទេ ហើយរឹតតែខ្លាំងជាងមុនទៅទៀត។

លោកតាំងចិត្តថានឹងបង្កើតផែនការសកម្មភាពមួយដើម្បីពង្រឹងការអនុវត្តតាមផែនការសន្តិភាពដែលលោកបានស្នើឡើង។ លោកត្រៀមបើកកិច្ចប្រជុំកំពូលជាលើកទី២នាពេលអនាគត។ ប្រធានាធិបតីស្វីស លោកស្រីវីយ៉ូឡា (Viola Amherd) សង្កត់ធ្ងន់ថាកិច្ចប្រជុំកំពូលនេះមានសារៈសំខាន់។ ប៉ុន្តែលោកស្រីទទួលស្គាល់ថាបញ្ហាចំណោទដ៏ធំមួយនៅត្រង់ថាតើគួរអនុញ្ញាតចូលរួមឬអត់ ហើយចូលរួមនៅពេលណា។

នៅក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូមកពីប្រទេសកំពុងអភិវឌ្ឍដែលគេស្គាល់ថា «ក្រុមអឌ្ឍគោលខាងត្បូង» បានសង្កត់ធ្ងន់ថាបើសិនចង់ដោះស្រាយបញ្ហាគ្រប់យ៉ាងលុះត្រាតែមានវត្តមានរបស់ប្រទេសរុស្ស៊ីចូលរួមដែរ។ ក្រុមប្រទេសទាំងនេះយល់ថាជារឿងសំខាន់ណាស់ដែលគេត្រូវតែធ្វើការជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ ប្រទេសចំនួនដប់ប្រកាសមិនគាំទ្រសេចក្ដីថ្លែងការណ៍រួមនោះទេ។ ក្នុងនោះក៏មានអារ៉ាប៊ីសាអូឌីត និងឥណ្ឌាផងដែរ។

ក្រុមអ្នកសង្កេតការណ៍យល់ថាកិច្ចប្រជុំកំពូលលើកនេះបង្ហាញថាគេពិបាកនឹងរកឃើញដំណោះស្រាយសន្តិភាពដោយគ្មានចំណែកចូលរួមពីប្រទេសរុស្ស៊ី និងចិន។ អ្នកនាំពាក្យវិមានក្រឹមឡាំងទស្សន៍ទាយទុកជាមុនតាំងពីមុនពេលបើកកិច្ចប្រជុំនេះថាពួកគេនឹងមិននិយាយអំពីសន្តិភាពទេ។ នេះហើយជាបញ្ហា។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកពូទីនបានប្រកាសដាក់ចេញលក្ខខណ្ឌមួយចំនួនជាថ្នូរនឹងការចរចាបញ្ចប់សង្គ្រាម។

លោកទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួនបួនដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីរុស្ស៊ីរួចហើយ ហើយអ៊ុយក្រែនត្រូវដកកងទ័ពទាំងអស់ចេញពីតំបន់ទាំងនេះ។ ចំណុចមួយទៀត លោកទាមទារឱ្យអ៊ុយក្រែនបោះបង់គំនិតចង់ចូលជាសមាជិកអង្គការណាតូ។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាគេត្រូវតែយកចិត្តទុកដាក់ចំពោះសំណើរបស់លោកពូទីន។ បើទុកជាអ្នកនយោបាយខ្លះដូចជាប្រធានាធិបតីអ៊ុយក្រែនព្យាយាមមិនខ្វល់នឹងសំណើនេះក៏ដោយ ក៏មានមនុស្សជាច្រើនទៀតចង់ឱ្យយកមកពិចារណា៕
ចែករំលែកព័តមាននេះ