ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារឡានជជុះថៃ រំពឹងកំណើនឡើងវិញ នៅរយៈពេល៦ខែចុងក្រោយ ឆ្នាំនេះ

1 អាទិត្យ មុន

ប្រទេសថៃ ៖ ទីផ្សាររថយន្តជជុះនៅក្នុងប្រទេសថៃកំពុងត្រៀមខ្លួន សម្រាប់កំណើននៅរយៈពេល៦ខែ

ប្រទេសថៃ ៖ ទីផ្សាររថយន្តជជុះនៅក្នុងប្រទេសថៃកំពុងត្រៀមខ្លួន សម្រាប់កំណើននៅរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ ដោយសារតែអ្នកផ្តល់សេវាហិរញ្ញវត្ថុបានបន្ធូរបន្ថយលក្ខខណ្ឌ នៃការផ្តល់ប្រាក់កម្ចីសម្រាប់អ្នកទិញ។ នេះយោងតាមប្រភពពីសារព័ត៌មានថៃ The Thaiger ចេញផ្សាយកាលពីថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Vichai Suwanasilar ប្រធានសមាគមរថយន្តជជុះថៃ បានអះអាងថា ការអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាលក្ខខណ្ឌប្រាក់កម្ចីដ៏តឹងរ៉ឹងរបស់ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ ដែលប៉ះពាល់ដល់វិស័យរថយន្តទាំងមូល រួមទាំងទីផ្សាររថយន្តថ្មី និងជជុះ។ ជាលទ្ធផល ស្ថាប័នហិរញ្ញវត្ថុបានព្រមបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ប្រាក់កម្ចី សម្រាប់អ្នកទិញរថយន្តជជុះ ប្រសិនបើគុណភាព​យានយន្តត្រូវបានបញ្ជាក់ច្បាស់លាស់ដោយសមាគមផ្ទាល់។ ការផ្លាស់ប្តូរនេះ ត្រូវបានរំពឹងថានឹងធ្វើឱ្យមានភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានប្រាក់កម្ចី នៅពេលទិញរថយន្តជជុះពីអ្នកលក់ដែលជាសមាជិកនៃសមាគមរថយន្តជជុះថៃ។

បច្ចុប្បន្ន ប្រទេសថៃមានក្រុមហ៊ុនក្នុងស្រុក និងបរទេសចន្លោះពី ៤០០ ទៅ ៥០០ ក្រុមហ៊ុនលក់រថយន្តជជុះ ដែលភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៣ ប្រហែល ១០% នៃចំនួនក្រុមហ៊ុនសរុបបានបិទទ្វារ ដោយសារលក្ខខណ្ឌប្រាក់កម្ចីដ៏តឹងរ៉ឹង ដែលត្រូវបានផ្តល់ទៅឱ្យអ្នកទិញ ក៏ដូចជាការធ្លាក់ចុះសន្ទុះនៃការទិញរបស់អតិថិជន ការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃការលក់រថយន្តអគ្គិសនី។

ការបោះជំហានរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចូលក្នុងទីផ្សារប្រទេសថៃ បានបង្កឱ្យមានសង្គ្រាមតម្លៃយ៉ាងខ្លាំង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សាររថយន្តថ្មី និងជជុះ។ ស្របពេលអ្នកប្រើប្រាស់បានពន្យារពេលការទិញរថយន្តរបស់ពួកគេ ដោយរំពឹងថានឹងមានការបញ្ចុះតម្លៃបន្ថែមទៀត។ ហើយម្យ៉ាងទៀតវិញ បណ្តាធនាគារកំពុងប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកទិញរថយន្ត ដោយសារតែការភ័យខ្លាចថា កូនបំណុលគ្មានលទ្ធភាពសង ចំពេលកម្រិតបំណុលគ្រួសារបានកើនឡើងខ្ពស់។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោក Pattanadesh Asasappakij ប្រធានគណៈកម្មាធិការរៀបចំការពិព័រណ៍រថយន្ត Fast Auto Show ឆ្នាំ ២០២៤ មានសុទិដ្ឋិនិយមអំពីការពិព័រណ៍រថយន្តប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣-៧ ខែកក្កដា ខាងមុខនេះ ដែលលោកជឿជាក់ថានឹងជំរុញការលក់រថយន្តជជុះ។

លោកប៉ាន់ប្រមាណថា តម្លៃទីផ្សាររថយន្តជជុះរបស់ថៃមានចំណែកប្រហែល ១០០ពាន់លានបាត ដែលស្មើនឹង ២.៧ពាន់លានដុល្លារអាមេរិក ហើយរំពឹងថានឹងកើនឡើង ដែលជំរុញដោយការចំណាយថវិការបស់រដ្ឋាភិបាល វិធានការជំរុញសេដ្ឋកិច្ចថ្មី និងការអនុម័តថ្មីរបស់គណៈរដ្ឋមន្ត្រី លើកញ្ចប់ថវិកាសារពើពន្ធឆ្នាំ ២០២៥៕ (ប្រភព ៖ The Thaiger)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ