ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​សុំឱ្យចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្តក្រចេះ​ឱ្យ​បាន​គង់វង្ស

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ និង​បងប្អូន​ប្រជា​ពលរដ្ឋ ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្តក្រចេះ​ឱ្យ​បាន​គង់វង្ស និង​ជា​ពិសេស​អភិរក្ស​សត្វ​កម្រ​ៗ​ដែល​មាននៅ​ក្នុង​ខេត្ត​ដូច​ជា​សត្វ​ផ្សោត សត្វ​ត្មាត…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ និង​បងប្អូន​ប្រជា​ពលរដ្ឋ ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្តក្រចេះ​ឱ្យ​បាន​គង់វង្ស និង​ជា​ពិសេស​អភិរក្ស​សត្វ​កម្រ​ៗ​ដែល​មាននៅ​ក្នុង​ខេត្ត​ដូច​ជា​សត្វ​ផ្សោត សត្វ​ត្មាត សត្វ​ក្តាន់ និង​សត្វ​រុក្ខជាតិ​ផ្សេង​ៗ​ទៀត​ដែល​មាន​ដើម្បី​បង្កើត​ការងារ​ជូន​ដល់​សហគមន៍ ទាញ​ផល​ចំណូល​ពី​ទេសចរណ៍ធម្មជាតិ​។

ការ​លើក​ឡើង​របស់​ឯក​ឧត្ត​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ធ្វើ​ឡើង​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រលួស និង​ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​។

ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ថ្លែង​ថា​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ដែល​ជា​ស្រុក​ទើបនឹង​បង្កើត​ថ្មី​របស់​ខេត្តក្រចេះ​សម្បូណ៌​ដោយ​ធនធានធម្មជាតិ​ជា​ពិសេស​ដែនជម្រកសត្វព្រៃ​សំបូរ​ជាទី​តាំង​សម្បូណ៌​ដោយ​ធនធានធម្មជាតិ​សត្វព្រៃ ជា​ពិសេស​ជា​កន្លែង​ជម្រក​សត្វ​ត្មាត​ដែល​ជា​សត្វ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម នេត្រ ភក្ត្រា ស្នើ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ បន្ត​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ​គង់វង្ស និង​កុំ​កាប់​ទន្ទ្រាន រុករាន​កាប់​ឆ្ការ​ព្រៃឈើ​ដោយ​ខុស​ច្បាប់ ព្រោះថា តំបន់​នេះ​នឹង​ក្លាយជា​រមណីយដ្ឋាន​ទីតាំង​ទេសចរណ៍ធម្មជាតិ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ ហើយ​ត្រូវ​រួម​សហការ​គ្នា​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព មាន​ភាព​ទាក់ទាញ បរិស្ថាន​អនាម័យ​ស្អាត មាន​សណ្តាប់ធ្នាប់ ការ​ប្រាស្រ័យ​ទាក់ទង​ល្អ រួសរាយ​រាក់ទាក់ បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ក្នុង​មូលដ្ឋាន និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូលរួម​ឱ្យ​បាន​សកម្ម​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ការ​នាំ​ចេញ​នៅ​ហ្នឹង​កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស​ឱ្យមក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង សំដៅ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។

សូម​ជម្រាប​ថា​យោង​តាម​ទិន្នន័យ​ពី​ការ​ជំរឿន​សត្វ​ត្មាត​នៅ​ដើមខែ​មិថុនា សត្វ​ត្មាត​ចំនួន ១២៩ ក្បាល​ត្រូវ​បាន​រាប់​ឃើញ​នៅ​ទីតាំង​ចំនួន ៤ នៅ​កម្ពុជា​ក្នុង​នោះ​រួម​មាន​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​ចំនួន ២០ ក្បាល ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ក្នុង​ខេត្តស្ទឹងត្រែង​មាន​ចំនួន ៨៨ ក្បាល ដែនជម្រកសត្វព្រៃ​សំបូរ ក្នុង​ខេត្តក្រចេះ​មាន​ចំនួន ១៨ ក្បាល និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន ៣ ក្បាល ខណៈ​ក្នុង​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ ជំរឿន​រក​ឃើញ​មាន​សត្វ​ត្មាត​ចំនួន ១៣៣ ក្បាល​នៅ​តំបន់​ទាំង ៤ នេះ​៕

អត្ថបទសរសេរ ដោយ