កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដ លោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេស ម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈសិចស៊ីប្លែកៗពីគ្នា ។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោ
សល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេស លោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។
ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ លោក ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើចំពោះទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។
ជាការឆ្លើយតប លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។
លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿងនេះ។
លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ។ គួរបញ្ជាក់ថា កាលពីថ្មីៗបណ្ឌិតច្នៃម៉ូដលោក ឯម រៀម បានទទួលរងនូវការរិះគន់ពីមហាជន បន្ទាប់ពីបានច្នៃឈុតសម្លៀកបំពាក់មួយឈុតពីគ្រឿងអេឡិចត្រូនិច ចូលរួមក្នុងកម្មវិធីសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស ។
ជុំវិញការរិះគន់នេះ អ្នកឆ្នៃម៉ូតលោក ឯម រៀម បានចេញមុខបកស្រាយថា ឈុតរបស់ខ្លួនស្លៀក គឺជាប៉ឹងដកស្រង់ពីខ្មែរបុរាណ ដែលមានចារក្នុងចរឹកលើប្រាសាទខ្មែរ នាសតវត្សន៍ទី១២ ហើយសម្រាប់ខ្សែកនោះ គឺលោកដកស្រង់ចេញពីជនជាតិព្នងក្នុងឆ្នាំ១៩២៩ ហើយប៉ឹងនេះ ត្រូវបានគេស្លៀកទាំងស្រីទាំងប្រុសបន្តដល់ជនជាតិភាគតិច នៅក្នុងខេត្តស្ទឹងត្រែង ក្នុងជំនាន់សម័យអណានិគមបារាំង ថែមទៀតផង ។ ខណៈពេលដែលប៉ឹងដែលលោកឆ្នៃពីគ្រឿងអេឡិចត្រូនិចនោះ គឺធំជាងសម័យបុរាណ ហើយបិទពីមុខពីក្រោយ បូករួមទាំងលោកពាក់ស្រោមបារពីជាន់ថែមទៀត មិនមែនទៅស្រាតនោះឡើយ ។
យ៉ាងណាបើតាមលោក ឯម រៀម លោកបានស្នើដល់មហាជន សូមកុំធ្វើការរិះគន់មកលើរូបលោក ដោយមិនបានមើលវីដេអូរបស់លោក ជៀសវាងការយល់ខុស ហើយមកបន្ទោសដោយមិននាំគ្នាជួយគាំទ្រក្នុងនាមជាខ្មែរដូចគ្នា ។
ដោយឡែកកន្លងមកលោក ឯម រៀម ក៏ធ្លាប់ត្រូវបានក្រសួងវប្បធម៌ចេញសេចក្ដីជូនដំណឹងឱ្យលោក លុបរូបភាពនោះចេញពីបណ្តាញផ្សព្វផ្សាយសង្គមជាបន្ទាន់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានបង្ហោះរូបភាពអាក្រាតកាយលើបណ្តាញសង្គម (Story) ខណះពេលរូបភាពនោះបានទទួលការរិះគន់យ៉ាងចាស់ដៃពីមហាជន ៕
ចែករំលែកព័តមាននេះ