រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២ បានជួបប្រជុំ និងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពនេះ បានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ (JeJu) នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។
ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ បានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ ដែលគ្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខនេះ ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាច្រើនទៀត ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េ បានបន្តនៅកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញ បានចងសម្ព័ន្ធមន្ត្រីភាព ជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនង នៃទីក្រុងទាំងពីរ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត ។
លោកបានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅ ប្រមាណជា៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិច ដោយជំនន់ទឹកភ្លៀងផងដែរ ។ ជាមួយនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀស នូវការលិចលង់នេះ ។
លោកបានបន្តថា ៖ រាជធានីភ្នំពេញ មានសុខសន្តិភាពពេញលេញ ទទួលបាន នូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគ រកស៊ី នៅរាជធានីភ្នំពេញ យ៉ាងច្រើន ។ រាជធានីភ្នំពេញ ក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគ រកស៊ី នៅរាជធានីភ្នំពេញ បន្ថែមទៀត ។
លោក អូ យ៉ុងហ៊ុន បានមានប្រសាសន៍លើកឡើងដែរថា ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេច ហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងប្រទេសកូរ៉េ និងប្រទេសកម្ពុជា ។ សម្ដេចបវរធិបតី បានបង្កើតជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដោយឡែក ខេត្តជេជូ បានជួបជាមួយសម្ដេច នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងសេអ៊ូល ជាលទ្ធផលយើងបានចុះ MOU ជាមួយរាជធានីភ្នំពេញ ។
លោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖ ទីក្រុងជេជូ មានប្រជាពលរដ្ឋត្រឹមតែ ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ ប្រមាណជា ១៥លាននាក់ ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ ។ តាមរយៈទំនាក់ទំនង នៃប្រទេសទាំងពីរ យើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ជាមួយកម្ពុជា ។ យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ ។
ជាមួយគ្នានោះ លោក អូ យ៉ុងហ៊ុន ក៏បានអញ្ជើញលោក ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញ ទៅទស្សនៈកិច្ចនៅកោះជេជូ ផងដែរ ៕




ចែករំលែកព័តមាននេះ