រាជធានីភ្នំពេញ ៖ តម្លៃពេជ្រនៅលើទីផ្សារអន្តរជាតិត្រូវបានគេអះអាងថា បានស្រុតចុះជាបន្តបន្ទាប់តាំងពីឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន ប៉ុន្តែអ្នកលក់នៅក្នុងស្រុកបានលើកឡើងថា ពួកគេមិនសូវបារម្ភទេ ដោយសារតែពេជ្រមានទីផ្សារតូចទេនៅកម្ពុជា ។

សារព័ត៌មាន CNBC បានរាយការណ៍ថា តម្លៃពេជ្រនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះតាំងពីឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ ២០២៤ ដល់ទៅ ៣០ ភាគរយ ឯណោះ ។ ប្រភពដដែលនោះបានអះអាងថា តម្លៃពេជ្រចាប់ផ្តើមធ្លាក់ថ្លៃបែបនេះ គឺនៅពេលដែលប្រជាប្រិយភាពរបស់រតនៈសម្បត្តិនេះលែងសូវមានការចាប់អារម្មណ៍នៅក្នុងទីផ្សារធំដូចជា ចិន និងឥណ្ឌា ហើយម្យ៉ាងទៀតដោយសារតែកំណើននៃការដាក់ចូលទីផ្សារនូវពេជ្រចិញ្ចឹមដែលផលិតចេញពីមន្ទីរពិសោធន៍ ។

នៅលើទីផ្សារតម្លៃពេជ្រនៅក្នុងមួយការ៉ាត់មានតម្លៃត្រឹមតែពី ១.៣០០ ដុល្លារ ទៅ ១៦.៥០០ ដុល្លារ អាស្រ័យទៅលើគុណភាព ពណ៌ ទម្រង់ ហើយនិងសិល្បៈនៃការច្នៃ ។ នេះគឺជាស្ថានភាពពេជ្រនៅលើទីផ្សារអន្តរជាតិ សម្រាប់នៅក្នុងស្រុកវិញ អ្នករកស៊ីពេជ្របានឱ្យដឹងថា តម្លៃពេជ្រនៅក្នុងស្រុកក៏ប្រែប្រួលតាមស្ថានភាពទីផ្សារអន្តរជាតិដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឥទ្ធិពលនៃទីផ្សារពេជ្រនៅកម្ពុជាមិនសូវធំឡើយ ។
អ្នកស្រី កែវ ដា អាជីវករលក់គ្រឿងអលង្ការមួយរូប បាននិយាយថា ទីផ្សារគ្រាប់ពេជ្រនៅពេលបច្ចុប្បន្នមានទំហំតូចជាងពេលមុនៗ ដោយសារតម្លៃវាប្រែប្រួលខ្លាំង ពិបាកស្មានជាងទីផ្សារមាស និងត្បូងធម្មជាតិ ។ លោកស្រីបានបន្តថា ទីផ្សារពេជ្រនៅកម្ពុជាមិនសូវធំទេ ហើយអ្នកដែលពាក់ពេជ្រ គឺមានតែអ្នកដែលមានជីវភាពខ្ពស់ៗក្នុងសង្គមតែប៉ុណ្ណោះ ។

អ្នកស្រី កែវ ដា បន្ថែមថា «ពេជ្រមានទីផ្សារតូចណាស់ ហើយប្រជាពលរដ្ឋយើងក៏មិនសូវចាប់អារម្មណ៍លើពេជ្រដែរ ដោយសារតែវាមានតម្លៃថ្លៃៗខ្ពស់ៗជាងត្បូងធម្មជាតិ ហើយអ្នកត្រូវការក៏តិចតួច ពោលគឺអ្នកជីវភាពគេខ្ពស់ៗ អ្នកល្មមៗកម្រទិញពេជ្រណាស់» ។
ដោយឡែកអ្នកស្រី វ៉ាត់ មួយគឹម ជាអ្នកលក់ត្បូង និងពេជ្រក្នុងខេត្តប៉ៃលិន បានឱ្យដឹងថា ពេជ្រ និងត្បូងធម្មជាតិរបស់កម្ពុជា សុទ្ធសឹងតែដុះចេញពីធម្មជាតិដូចគ្នា ។ ពេជ្រភាគច្រើននាំចូលពីក្រៅប្រទេស ហើយកម្ពុជាមានចំនួនតិចតួចបំផុតសម្រាប់ចាក់ចូលក្នុងទីផ្សារគ្រឿងអលង្ការ ។ លោកស្រីបានឱ្យដឹងថា តម្លៃពេជ្រអាស្រ័យលើទីផ្សារអន្តរជាតិ ប៉ុន្តែតម្លៃត្បូងធម្មជាតិវិញឡើងចុះតិចតួចបំផុតនិងកម្រ មិនដូចជាពេជ្រនោះទេ ។

លោកស្រី វ៉ាត់ មួយគឹម បន្តថា បច្ចុប្បន្នចំណែកទីផ្សារនៃការប្រើប្រាស់មានទំហំតូចចំពោះប្រជាពលរដ្ឋទូទៅ ។ គ្រាប់ពេជ្រលក់ចេញបានចំនួនតិចតួចបំផុត ហើយបានតែគ្រាប់តូចៗប៉ុណ្ណោះ ។ ដោយសារតែទីផ្សារនៃការប្រើប្រាស់ពេជ្រតាំងពីសម័យមុន មកដល់ឥឡូវនេះ ភាគច្រើនចំពោះប្រជាពលរដ្ឋដែលមានកម្រិតជីវភាពចាប់ពីបង្គួរឡើងទៅ ។តម្លៃពេជ្រនៅកម្ពុជាក៏គេគិតជាការ៉ាត់ដែរ ប៉ុន្តែកម្រមានអ្នកទិញជាការ៉ាត់ណាស់ គឺមានតែប្រភេទ ០,26 ការ៉ាត់ ដែលមានសភាពថ្លាកម្រិត SI1 តម្លៃ ៨០០ ដុល្លាក្នុងមួយគ្រាប់ និងកម្រិតថ្លា VS2 ទំហំ 0,34 ការ៉ាត់ តម្លៃ ១.០៥០ ដុល្លារ ។
លោកស្រី វ៉ាត់ មួយគឹម បន្តថា ការលក់ទិញគ្រាប់ពេជ្រខុសពីការលក់គ្រាប់ត្បូងធម្មជាតិ ដោយត្រូវបានលិខិតបញ្ជាក់ត្រឹមត្រូវចេញពីក្រុមហ៊ុន ឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យភាពសុទ្ធ កម្រិតថ្លា ហើយអត្រាប្រែប្រួលតម្លៃខុសគ្នាៗខ្លាំង ពីគ្រាប់ត្បូងធម្មជាតិ និងគ្រឿងអលង្កាពីមាស ផ្លាកទីនជាដើម ៕


អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ