ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! តំបន់​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​, ផ្គរ, រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ខែ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​បាតុភូត​ធម្មជាតិ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​បាតុភូត​ធម្មជាតិ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​សម្ពាធ​ទាប​គ្រប ដណ្តប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។

ក្រ​សូ​ង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣៣​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​វិនាទី ។

ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា​២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣២​អង្សា​សេ ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបូព៌​មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​វិនាទី ។ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ កំពង់ស្ពឺ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​៣២​អង្សា​សេ​។ ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​មធ្យម​៥,៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​៣០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ