ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ និងទំហំខូចខាតហើយ ករណី​ឆេះ​ហាង​កាហ្វេ និងអគារលក់ភេសជ្ជៈ ផ្អើលក្រុងសៀមរាប​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អគ្គិភ័យ​មួយ​បាន​បង្ក​ជា​មហន្តរាយ​ដែលគួរឱ្យរន្ធត់ណាស់ លេប​ត្របាក់​ហាង​កាហ្វេ​

ខេត្តសៀមរាប ៖ អគ្គិភ័យ​មួយ​បាន​បង្ក​ជា​មហន្តរាយ​ដែលគួរឱ្យរន្ធត់ណាស់ លេប​ត្របាក់​ហាង​កាហ្វេ​យីហោ ដេ​គ័​រ ទី សុខ​ហេង គឺ​ឆេះ​គ្រឿងក្នុងហ្មត់​គ្មាន​សល់ រួច​ឆ្លង​រាលដាល​ដល់​ផ្ទះ​លក់​គ្រឿង​ផ្ទះបាយ និង​ភេសជ្ជៈ​យីហោ ហូ​មស្ត អស់​មួយ​ចំហៀង​ទៀតនៅ​ជាន់​ទី​១ តែ​សំណាងល្អ​គ្មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ គួររំលឹកថា អគ្គិភ័យ​ឆេះ​ហាង​កាហ្វេ និង​អគារ​លក់​ភេសជ្ជៈ ផ្អើល​ក្រុង​សៀមរាប

ហេតុការណ៍​នៃ​គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ហាង​កាហ្វេ​ដេ​គ័​រ ទី សុខ​ហេង ស្ថិត​ក្នុង​ក្រុម​ទី​១១ ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ កណ្ដាលក្រុង​សៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ ម៉ុង ដា​វុ​ឍ្ឍ​សិរី ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ស៊ុ​យ​អែ​ត បាន​ប្រាប់​នៅ​មុខ​សមត្ថកិច្ច​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ មិថុនា ឆ្នាំ​២០២៤ នេះ​ថា ទីតាំង​ហាង​នេះ មុន​ដំបូង​គាត់​បាន​ជួល​ទៅ​ឱ្យ​គេ​បើក​លក់​កាហ្វេ និង​ធ្វើ​ផ្ទះ​ជួល​ចំនួន​១២​បន្ទប់ ។ មួយ​រយៈ​ក្រោយមក អ្នក​ជួល​លក់​កាហ្វេ​អត់​សូវ​ដាច់ និង​ផ្ទះ​ជួល​អត់​មាន​មនុស្ស​ជួល​ក៏​បិទទ្វារ​ទៅ ។
បន្ទាប់​មក​អត់​មាន​អ្នក​ជួល គាត់​ក៏​បើក​លក់​ខ្លួនឯង​វិញ​រហូត​មក​ដល់​សព្វថ្ងៃ ។ នៅ​ថ្ងៃ​កើតហេតុ គាត់​មិន​បាន​នៅផ្ទះ​ទេ ដោយ​ទុក​ឱ្យ​កូនចៅ និង​បុគ្គលិក​បើក​លក់​កាហ្វេ​ធម្មតា ស្រាប់តែ​កូនចៅ​ទូរស័ព្ទ​ទៅ​ប្រាប់​ថា ប៉ា​ភ្លើង​ឆេះ​ផ្ទះ​យើង​អស់ហើយ ។ ខណៈនោះ​គាត់​មក​ដល់ បាន​ត្រឹមតែ​ឈរមើល​ទាំង​ស្រឡាំងកាំង​យំ​ក៏​មិន​ចេញ ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍​ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរ​បាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៤​ថា ករណី​អគ្គិភ័យ​នេះ​ឆេះ​ចេញពី​ក្នុង​ផ្ទះបាយ​ហាង​កាហ្វេខ្លួនឯង និង​ផ្ទះ​ជួល ។ ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​ធុង​ហ្កា​ស​ទម្ងន់​១៥​គីឡូក្រាម បណ្តាល​ឱ្យ​ឆាបឆេះ​ខ្លាំង និង​រាលដាល​ដល់ទី​តាំងហាង​កាហ្វេ​ហូ​ម​ស្ត លក់​គ្រឿង​ផ្ទះបាយ​នៅ​ជាន់​ទី​១​អស់​មួយ​ចំនួន​ធំទៀត​ផង​ដែរ ។

លោក​បន្ថែម​ថា ហាង​កាហ្វេ​នេះ បាន​រង​ការ​ខូចខាត​ដូច​ជា​៖ ម៉ាស៊ីន​ភ្លេ​ី​ង​១​គ្រឿង កុំព្យូទ័​រលេ​ី​តុ​៣​គ្រឿង កុំព្យូទ័រ​លេប​ថប់​៣​គ្រឿង ទូរទស្សន៍​៦​គ្រឿង ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​ស៊េរី​ឆ្នាំ​២០១៩ សា​ឡុ​ង​ឈេ​ី​មួយ​ឈុត គោ​យន្ត​កន្ត្រៃ​១​គ្រឿង​(​សម្រាប់​ធ្វេ​ី​ចម្ការ​) គ្រឿង​ធ្វេ​ី​ចម្ការ​១​ឈុត​ធំ តម្លៃ​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដូចជា តុ ទូ កៅអីក្នុងហាងកាហ្វេទាំងមូល រួម​ទាំង​ឯកសារ​ផ្សេង​ៗ​មិន​ទាន់​រក​ឃេ​ី​ញ គឺឆេះហ្មត់សល់​តែដែកប៉ុណ្ណោះ ។

ចំណែក​ការ​ខូចខាត​នៅ​ទីតាំង​ផ្ទះ​ហូ​ម​ស្ត​លក់​គ្រឿង​ផ្ទះបាយ និង​ភេសជ្ជៈ ដែល​មាន​ជញ្ជាំង ជាប់​គ្នា​ជា​ផ្ទះល្វែង​ជាន់​ទី​មួយ និង​សម្ភារ​:​លក់ដូរ​អស់មួយ​ចំនួន​ធំ ។ ភ្លើង​បាន​រលត់ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​គ្រឿង បាញ់​ទឹក​អស់​២១​ស៊ីទែន ក្នុង​នោះ​រថយន្ត​ស្នងការ​ដ្ឋាន៥​គ្រឿង បាញ់​ទឹក​អស់​១៣​ស៊ីទែន រថយន្ត​អាជ្ញាធរ​អប្ស​រា​​​​២​គ្រឿង បាញ់​ទឹក​អស់​៤​ស៊ីទែន រថយន្ត​កងរាជអាវុធហត្ថ​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤​ស៊ីទែន ការិយាល័យ​បេតិកភណ្ឌ​១​គ្រឿង​មិន​បាន​បាញ់​ទឹក​ទេ ។

មូលហេតុ​ដែល​បង្ក​ជា​អគ្គិភ័យ​នេះ ត្រូវ​បាន​មន្ត្រី​ផ្លូវការ​ឱ្យ​ដឹង​ថា ដោយសារ​ទុ​ស្សេ​ចរន្ត​ភ្លើង ផ្តើម​ចេញពី​ហ​ាង​កាហ្វេ ហើយ​រាលដាល​ទៅ​ផ្ទះ​ហូ​ម​ស្ត​លក់​គ្រឿង​ផ្ទះបាយ និង​ភេសជ្ជៈ ។ តាម​ការ​វាយតម្លៃ​ពី​ការ​ខាតបង់​ដោយ​មហន្តរាយ​អគ្គិភ័យ​នេះ បើគិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​រាប់​ម៉ឺន​ដុល្លារ ។

សូម​បញ្ជាក់​ថា ហាង​លក់​កាហ្វេ ត្រូវ​ភ្លើង​ឆេះ​នៅ​ជាន់​ផ្ទាល់​ដី ហើយ​បាន​រាលដាល​ទៅ​ឆេះ​ជាន់​ទី​១ នៃ​ហាង​លក់​គ្រឿង​ផ្ទះបាយ និង​ភេសជ្ជៈ ចាត់ទុកជា​សំណាងល្អ​ដែល​មិន​ឆេះ​ផ្ទាល់​ដី ដែល​មានការ​ដាក់​តាំង​លក់​ស្រា​ម៉ាក​ថ្លៃ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ