ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កាន់​តែ​ធំ​ហើយ​បន្ទាប់​ពី​អាមេរិក អាល្លឺម៉ង់​ និង​ណាតូ​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បា.ញ់​ទៅ​រុស្ស៊ី

5 ខែ មុន

ទី​ក្រុង​ប៊ែរឡាំង​៖ នៅ​ទី​បំផុត​​ រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រេច​ចិត្ត​បើក​ផ្លូវ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អាល្លឺម៉ង់​ដើម្បី​បាញ់​ប្រហារ​​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​​ហើយ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​ទើប​តែ​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អាមេរិក​វាយ​ប្រហារ​ជា​បណ្ដើរ​ៗ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សមរភូមិ​នៅ​តំបន់​ខាគីវ​ដែល​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ណាស់​ពី​សំណាក់​ទាហាន​រុស្ស៊ី​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​ដក​ថយ​ជា​បន្ត​បន្ទាប់​។ ​គេ​ដឹង​ថា​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​​នេះ លោក​បៃដិន​មិន​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ទាំង​នោះ​សម្រុក​ពេក​ទេ។ មាន​ន័យ​ថា​​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ​ដើម្បី​ស្ទាប​ស្ទង់​សភាព​ការណ៍​សិន​។ ​អាល្លឺម៉ង់​ និង​អាមេរិក​​​បើក​ដៃ​ឱ្យ​អ៊ុយ​​ក្រែន​ប្រើ​អាវុធ​ជំនួយ​របស់​ខ្លួន​​​វាយ​ប្រហារ​នៅតំបន់​ខាគីវ​ ខណៈ​ដែល​​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​​នេះ​ស្ថិត​នៅ​ចម្ងាយ​ម្ភៃ​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​​រុស្ស៊ី​-​អ៊ុយ​ក្រែន​។…

ទី​ក្រុង​ប៊ែរឡាំង​៖ នៅ​ទី​បំផុត​​ រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រេច​ចិត្ត​បើក​ផ្លូវ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អាល្លឺម៉ង់​ដើម្បី​បាញ់​ប្រហារ​​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​​ហើយ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​ទើប​តែ​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អាមេរិក​វាយ​ប្រហារ​ជា​បណ្ដើរ​ៗ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សមរភូមិ​នៅ​តំបន់​ខាគីវ​ដែល​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ណាស់​ពី​សំណាក់​ទាហាន​រុស្ស៊ី​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​ដក​ថយ​ជា​បន្ត​បន្ទាប់​។

​គេ​ដឹង​ថា​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​​នេះ លោក​បៃដិន​មិន​ចង់​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ទាំង​នោះ​សម្រុក​ពេក​ទេ។ មាន​ន័យ​ថា​​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ​ដើម្បី​ស្ទាប​ស្ទង់​សភាព​ការណ៍​សិន​។ ​អាល្លឺម៉ង់​ និង​អាមេរិក​​​បើក​ដៃ​ឱ្យ​អ៊ុយ​​ក្រែន​ប្រើ​អាវុធ​ជំនួយ​របស់​ខ្លួន​​​វាយ​ប្រហារ​នៅតំបន់​ខាគីវ​ ខណៈ​ដែល​​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​​នេះ​ស្ថិត​នៅ​ចម្ងាយ​ម្ភៃ​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​​រុស្ស៊ី​-​អ៊ុយ​ក្រែន​។ ថ្មី​ៗ​នេះ រុស្ស៊ី​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅលើ​ផ្ទះ​របស់​អ្នក​ស្រុក​​បណ្ដាល​ឱ្យ​ស្លាប់​​មនុស្ស​​​៦​នាក់​។

​រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ជា​ចំហ​​ថា​​​អ៊ុយ​ក្រែន​អាច​ប្រើ​អាវុធ​ជំនួយ​អាល្លឺម៉ង់វាយ​ប្រហារ​​​​​​មូល​ដ្ឋាន​របស់​រុស្ស៊ី​ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​រុស្ស៊ី​បាន​​​។ គ្រាន់​តែ​​ថា​អាល្លឺម៉ង់​មាន​​សំណូម​ពរ​មួយ​។ នៅ​ដំណាក់​កាល​ដំបូង​ៗ​នេះ​កុំ​ទាន់​បាញ់​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ពេក​។ បាញ់​ហួស​ព្រំ​ដែន​រុស្ស៊ី​បន្តិច​បន្តួច​បាន​ហើយ​។ ជា​ពិសេស​បើ​រុស្ស៊ី​បាញ់​មីស៊ីល​ ឬ​គ្រាប់​រ៉ុក​កែត​ចេញ​ពី​ទឹក​ដី​រុស្ស៊ី​នៅ​ម្ដុំ​ណា​ អ៊ុយ​ក្រែន​អាច​វាយ​ប្រហារ​ទី​តាំង​នោះ​វិញ​​។

​​កាល​ពីម្សិល​មិញ ​​លោក​បៃដិន​​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​អាមេរិក​​​នៅ​សមរ​ភូមិ​ខាគីវហើយ​​​​​។ នេះ​បើ​​តាម​ការ​អះ​អាង​ដោយ​ផ្ទាល់​ពី​​​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ប្លីងខិន (Anthony Blinken)​។​ ​លោក​​​បង្ហើប​​ឱ្យ​ដឹង​ថា​​អ៊ុយ​ក្រែន​​បាន​ស្នើ​សុំ​ទៅ​​វ៉ាស៊ីន​តោន​​យូរ​ហើយ​ថា​ «បើ​រុស្ស៊ីវាយ​ប្រហារ​ឆ្លង​ព្រំ​ដែន​ចេញ​ពី​តំបន់​ណា​ អ៊ុយ​ក្រែន​ចង់​ប្រើ​អាវុធ​អាមេរិក​វាយ​បក​​ទៅ​តំបន់​នោះ​​វិញ​»​​។ ដោយ​​សារ​​សំណើ​របស់​អ៊ុយ​ក្រែន​សម​ហេតុ​ផល​ដែរ​ ​ដូច្នេះ​​​លោក​បៃដិន​​ក៏​ឯក​ភាពដូច​លក្ខ​ខណ្ឌ​ដែល​អ៊ុយ​ក្រែន​បាន​សន្យា​​​។​​ នេះ​បើ​តាម​​​លោក​ប្លីង​ខិន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​ណាតូ​​​នៅ​ទី​ក្រុង​ប៉្រាក (Prague) សា​ធារណ​រដ្ឋ​ឆេក​។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ប្លីង​ខិន

​ថ្វី​ដ្បិត​លោ​កបៃដិន​យល់​ព្រម​តាម​សំណូម​ពរ​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ដូច្នេះ​មែន​ ប៉ុន្តែ​លោក​ចង់​ស្ទាប​ស្ទង់​សភាព​ការណ៍​សិន។ លោក​មិន​ទាន់អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​ ឬ​​អាវុធ​យុទ្ធ​ភ័ណ្ឌ​ធុន​ធ្ងន់​ដទៃទៀត​វាយ​ចូល​ជ្រៅ​ពេក​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ទេ​។ ​នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​។

​រដ្ឋាភិបាល​ទី​ក្រុង​ប៊ែឡាំង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​១​​កត់​សម្គាល់​ថា​ប៉ុន្មាន​អាទិត្យ​​​នេះ រុស្ស៊ី​​​រៀប​ផែន​ការ​វាយ​ប្រហារ​តំបន់​ខាគីវ​។ ជា​ពិសេស​ វាយ​យក​ទី​តាំង​ដែល​នៅ​ជាប់​នឹង​ព្រំ​ដែន​។ ដូច្នេះ អាល្លឺម៉ង់​យល់​ស្រប​ជា​មួយ​ប្រទេស​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​មាន​សិទ្ធិ​​​ការ​ពារ​ខ្លួន​។ កុំ​ឱ្យ​គេ​ជាន់​ឈ្លី​ខ្លាំង​ពេក។​ ​​វាយ​ការ​ពារ​ខ្លួន​នេះ​​​​គឺ​ស្រប​​ទៅ​តាម​​ច្បាប់​អន្តរ​ជាតិ​។ ដូច្នេះ​ទោះ​បី​ប្រើ​ប្រាស់​អាវុធ​របស់​ប្រទេស​ណា​ក៏​ឥត​មាន​ទាស់​ខុស​អ្វី​ដែរ​។ សំខាន់​ឱ្យ​តែស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ខ្លួន​។

អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ លោក​​ស្តុល​ថឹន​បឺក (Jens Stoltenberg) ថ្លែង​ថា​លោក​គាំទ្រ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដក​ចេញ​នូ​វ​ការ​ដាក់​កំហិត​ទៅ​លើ​អ៊ុយ​ក្រែន​ខ្លាំង​ពេក​ដល់​ថ្នាក់​មិន​ហ៊ាន​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​ជំនួយ​បាញ់​ទៅ​រុស្ស៊ី​វិញ​។ លោក​យល់​ថា​ធ្វើ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ស្រប​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​ជា​ទង្វើ​ត្រឹម​ត្រូវ​ហើយ​។ ដូច្នេះ​ប្រើ​ប្រាស់​អាវុធ​របស់​ប្រទេស​ណា​មិន​សំខាន់​ទេ​។ សំខាន់​គឺ​វាយ​ប្រហារ​នៅ​ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ខ្លួន​។

អគ្គលេខា​ធិការ​អង្គ​ការ​ណាតូ

​កាល​ពី​ពេល​កន្លង​មក​ រុស្ស៊ី​​អាច​បាញ់​មីស៊ីល​ពី​ទឹក​ដី​របស់​ខ្លួន​ចូល​​​​​អ៊ុយ​ក្រែន​ដោយ​សេរី។ ​​អ៊ុយ​ក្រែន​គ្មាន​​ហ៊ាន​វាយ​បក​វិញ​ទេ​។ ​ប៉ុន្តែ​ក្រោយ​ពេល​​អាមេរិក, អាល្លឺម៉ង់ និង​ណាតូ​ប្រើ​ប្រាស់​ពាក្យ​ «សិទ្ធិ​ការ​ពារ​ខ្លួន​» ប៉ុណ្ណេះ​ហើយ​​ គេ​គិត​ថា​រុស្ស៊ី​​មិន​អាច​ជិះ​សេះ​លែង​ដៃ​ដូច​​កាល​ពី​មុន​ទៀត​​​ឡើយ​​​​​​។ ​​​​ពាក្យ​ «សិទ្ធិ​ការ​ពារ​ខ្លួន» ​អាច​មាន​ន័យ​ថា​មិន​បណ្ដោយ​ឱ្យ​គេ​វាយ​ប្រហារ​ស្រេច​តែ​នឹង​ចិត្ត​ទេ​​​។ សំខាន់​រង់​ចាំ​ឱ្យ​រុស្ស៊ី​ជា​អ្នក​កេះ​កៃ​មុន,​ អ៊ុយ​​ក្រែន​រង់​ចាំ​ឆ្លើយ​តប​តាម​ក្រោយ​។ ហើយ​មិន​បាញ់​ផ្ដេស​ផ្ដាស​ទេ​។ ​ឧបមា​​ថា​​មីស៊ីល​បាញ់​ចេញ​ពី​ទឹក​ដី​រុស្ស៊ី​ត្រង់​ចំណុច​ណា​តម្រង់​ទៅ​រក​អ៊ុយ​ក្រែន​ ពេល​នោះ​អ៊ុយ​ក្រែន​​អាច​​វាយ​បក​វិញ​ភ្លាម​ៗ​យ៉ាង​ទាន់​ចិត្ត​​ទៅ​លើ​ទី​តាំង​នោះ​ដោយ​ប្រើ​ប្រាស់​​​សុទ្ធ​តែ​គ្រាប់​មីស៊ីល​ទំនើប​ៗ​របស់​អាមេរិក​ អាល្លឺម៉ង​ និង​ប្រទេស​ដទៃ​ទៀត​។​​

អគ្គ​លេខា​ធិការអង្គ​ការ​​ណាតូ​​​ថ្លែង​ថា​លោ​កពូទីន​ចង់បន្ទច់​បង្អាក់​យើង​មិន​ឱ្យ​ជួយ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ​។ ឥឡូវ​នេះ ប្រទេស​សមាជិក​ណាតូ​ចាប់​ផ្ដើម​ក្លាហាន​ និង​និយាយ​ជា​ចំហ​ជាង​មុន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ស៊ុយ​អែត​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​​មិន​ដែល​ដាក់​​លក្ខ​ខណ្ឌ​ម្ដង​ណា​ទេ​។ ​​មាន​ន័យ​ថា​អ៊ុយ​ក្រែន​អាច​​ប្រើ​អាវុធ​របស់​​ស៊ុយ​អែត​ទៅ​ធ្វើ​អ្វី​ក៏​បាន​ដែរ​​។ ប៉ុន្តែ​អ៊ីតាលី​បញ្ជាក់​​​ថា​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​​​ប្រើ​អាវុធ​អ៊ីតាលី​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​ទេ​។​

​ប្រទេស​រុស្ស៊ី​មិន​អាច​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រកាស​របស់​អាមេរិក​ អាល្លឺម៉ង់ និង​អង្គ​ការ​ណាតូ​បាន​ឡើយ​។ ​ប្រតិ​កម្ម​តប​​ចំពោះ​រឿង​នេះ អនុ​ប្រធាន​ក្រុ​មប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី​ លោ​កឌីមីទ្រី មេត​វេដេវ​ (Dmitry Medvedev) ថ្លែង​ថា​បើ​អ៊ុយ​ក្រែន និង​បក្ស​សម្ព័ន្ធ​ណាតូ​ហ៊ាន​ធ្វើ​ដល់​ប៉ុណ្ណឹង​ ពួក​គេ​​នឹង​ទទួល​​រង​​នូវ​ការ​ឆ្លើយ​តប​ដ៏​​វិនាស​ដែល​មិន​អាច​ជៀស​រួច​។ នោះ​គឺ​​ការ​អូស​ទាញ​ពួក​គេ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុ​ងភ្នក់​ភ្លើង​សង្គ្រាម​ជា​មួយ​រុស្ស៊ី​​។ នេះ​ជា​សេណា​រី​យោ​ដែល​ក្រុម​បស្ចិម​ប្រទេស​ខិត​ខំ​ជៀស​វាង​ណាស់​។ លោក​មេត​វេដេវ​​ព្រមាន​​​ថា​បើ​ធ្វើ​របៀប​នេះ អង្គការ​ណាតូ និង​រុស្ស៊ី​ប្រហែល​ជា​​អាច​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​នុយ​ក្លេអ៊ែរ​​។ លោក​សូម​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​ការ​និយាយ​កម្លា​ឱ្យ​តែ​រួច​ពី​មាត់ទេ​។ រុស្ស៊ី​ហ៊ាន​និយា​យគឺ​ហ៊ាន​ធ្វើ​។​

អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី លោក​ឌី​មីទ្រី មេតវេ​ដេវ (Dmitri Medvedev)

​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​របស់​រុស្ស៊ី​អះ​អាង​ថា​ទាហាន​រុស្ស៊ី​កំពុង​មាន​ប្រៀប​​នៅ​​គ្រប់​សមរ​ភូមិ​។ នៅខា​គីវ លោក​ថ្លែង​ថា​រុស្ស៊ី​វាយ​រុញ​ច្រាន​អ៊ុយ​ក្រែន​ឱ្យ​ថយ​ក្រោយ​៩​គីឡូ​ម៉ែត្រ​។ រយៈ​ពេល​​១​​ខែ​ចុង​ក្រោយ​នេះ រុស្ស៊ី​វាយ​យក​បាន​ទី​ក្រុង​តូច​-ធំ និ​ងភូមិ​សរុប​២៨​កន្លែង​។ ចាប់​ពី​ដើម​ឆ្នាំ​២០២៤​រហូត​មក​ដល់​ពេល​នេះ លោក​ថា​រុស្ស៊ី​វាយ​យក​បាន​ទឹក​ដី​អ៊ុយ​ក្រែន​បន្ថែម​៨៨០​គីឡូម៉ែត្រ​ការ៉េ​។ ​ក្រៅ​ពី​តំបន់​​ខាគីវ រុស្ស៊ី​ក៏​កំពុង​វាយ​សម្រុក​ឥត​បន្ធូរ​ដៃ​នៅ​តំបន់​ដូញ៉ែត​ (Donetsk) ផង​ដែរ​។ រុស្ស៊ី​កំពុង​ប្រមូល​កម្លាំង​ដើម្បី​ត្រៀម​វាយ​យក​តំបន់​​ស៊ូមី​ (Sumi) នៅ​ភាគ​ខាង​ជើង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​៕​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​របស់​ប្រទេស​រុស្ស៊ី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ