ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​ប្រកាស​សា​លក្រម​ដោយ​មិន​កំណត់ លើ​សំណុំរឿង​គ្រឿ.ង.ញៀ.ន.​ជិត​២​គីឡូក្រាម ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿងរក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​២​គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿងរក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​២​គីឡូក្រាម ដែល​សវនាការ​នេះ​ជា​លើក​ទី​២ បន្ទាប់​លើក​ទី​១ មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​បាន​ទាមទារ​ឲ្យ​តុលាការកោះហៅ​ជន​ពាក់​ព័ន្ធ​៣​នាក់ មាន​អតីត​ស្នងការ​រង​ខេត្តកំពត​ម្នាក់​ចូល​មក​តតាំង​ក្តី​នេះ​ដែរ ។

សវនាការ​ដឹកនាំ​ដោយ​លោកស្រី ឈុ​ន ដា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សេង ម៉េ​ង
​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ​ដោយ​កំបាំង​មុខ​ជនជាប់ចោទ​ឈ្មោះ សេង មិត្ត ហៅកាយម៉េ​ង«​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​»​ចំពោះ​មុខ​មេធាវី​ការពារ​សិទ្ធិ​តាម​ផ្លូវច្បាប់​ឲ្យ​ជន​ត្រូវ​ចោទ និង​មាន​វត្តមាន​ជន​ពាក់​ព័ន្ធ​៣ នាក់​ដូច​ជា ឈ្មោះ អុ​ឹ​ម ឈួ​ន អតីត​ស្នងការ​រង​នគរបាល​ខេត្តកំពត​, ​ឈ្មោះ កែវ ទិ​ត្យ​មេ​សា និង​ ឈ្មោះ ហុង គា អ្នកបើកបរ​រថយន្ត បាន​ចូល​មក​បំភ្លឺ​ក្នុង​សវនាការ តាម​សំណូមពរ​របស់​មេធាវី​ជន​ត្រូវ​ចោទ​នោះ​ដែរ ។

​តាម​ការ​បំភ្លឺ​របស់​ជន​ពាក់​ព័ន្ធ​ទាំង​៣នាក់ នៅ​ចំពោះមុខ​សវនាការប្រហាក់ប្រហែល​ទៅ​នឹង​របាយ​ការ​ស្រាវជ្រាវ​ថ្មី​បន្ថែម របស់​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែរ​ថា ទី​១-ចម្លើយ​របស់​ឈ្មោះ កែវ ទិ​ត្យ​មេ​សា ថា ​ខ្លួន​គ្រាន់តែ​ជា​អ្នក បើកបរ​រថយន្ត​ឲ្យ​ឈ្មោះ អុ​ឹ​ម ឈួ​ន អតីត​ស្នង​រង​ខេត្តកំពត «ជា​ឪពុកមារ​» រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ ខ្លួន​ធ្លាប់​បើកឡាន​ជូន​ឈ្មោះ អុ​ឹ​ម ឈួ​ន ប្រហែល​៤​ទៅ​៥​ដង ពី​ខេត្តកំពត ទៅ​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ ស្រុក​មុខកំពូល ខេត្តកណ្តាល ជា​ផ្ទះ​របស់​ឈ្មោះ ហុង គា នឹង​បន្តដំណើរ​ទៅ​ផ្ទះ សេក មិត្ត ហៅ កាយ ម៉េ​ង នៅ​ខេត្តកំពង់ចាម ដែល​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌ ។

នៅ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ខ្លួន​បាន​បើកឡាន​ត្រឡប់​មក​ភ្នំពេញ រួម​ដំណើរ​ដោយ​៤នាក់ ពេល​ដល់​ម្តុំ​បឹង​កក់ ស្ថិត​ក្នុង​ខណ្ឌដូនពេញ បាន​ដាក់​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង ចុះ​ពី​រថយន្ត ហើយ ៣ នាក់ គឺ​ខ្លួន​(​កែវ ទិ​ត្យ​មេ​សា​.​អុ​ឹ​ម ឈួ​ន និង ហុង គា​)​ក៏​នាំ​គ្នា​ដើរ​ចូល​ផ្សារ​ទ​នើ​ប​ «ខា​លែ​ន​ឌែ​ន​ម៉​ល» ដែល​ស្ថិត​នៅ​ទីនោះ ។ លុះ​ពេល​ដើរ​ត្រឡប់​ចេញពី​ផ្សារ​មក​ដល់​រថយន្ត​វិញ ស្រាប់តែ​សមត្ត​កិច្ច​ចាប់ខ្លួន​ទាំង​៣នាក់ ព្រមទាំង​ឆែកឆេរ​រក​ឃើញ​មាន​គ្រឿងញៀន​នៅ​ក្នុង​រថយន្ត ដែល​ខ្លួន​មិន​បានដឹង​ពី​ការ​លាក់​ទុក​គ្រឿងញៀន​នោះ​ទេ ។ រីឯ​ការ​បំភ្លឺ​របស់​ឈ្មោះ អុ​ឹ​ម ឈួ​ន នឹង ហុង គា ថា រយៈពេល​ជាង​២​ខែ​កន្លង​មក រូបគេ​២​នាក់​បាន​ស្គាល់ ឈ្មោះ បញ្ញា ក៏​សហការ​គ្នា​រកស៊ី​ជួញដូរ​ «សំ​រិ​ទ្ធ​»។

ខ្លួន «អុ​ឹ​ម ឈួ​ន»​បាន​ប្រគល់​ប្រាក់ ២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ឈ្មោះ ហុង គា រៀបចំ​ពិធីសែនព្រេន ដើម្បី​ឲ្យ​មុខរបរ​រកស៊ី​ទិញ​.​លក់ «សំ​រិ​ទ្ធ​»ទទួល​បាន​ផល​កាក់កប ប៉ុន្តែ​មុខរបរ​នោះ​មិន​ដែល​បាន​ជោគជ័យ​ឡើយ ។ នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២១ ខ្លួន​បាន​ទិញ​មាស​ទម្ងន់​៤​គីឡូ​៤​ខាំ ក្នុង​តម្លៃ​២៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រគល់​ឲ្យ​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង រៀប​ពិធី ដើម្បី​ទិញ​«សំ​រិ​ទ្ធ​» ។ នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ ខ្លួន​និង​អ្នកបើកបរ​រថយន្ត បាន​នាំ​គ្នា​ទៅ​ផ្ទះ សេក មិត្ត ហៅ កាយ ម៉េ​ង ដើម្បី​គិតគូ​រឿង​គ្រឿង​សំ​រិ​ទ្ធ ហើយ​ក៏​សម្រាក​នៅ​ទីនោះ​២​យប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឈ្មោះ សេក មិត្ត បាន​ខ្ចី​រថយន្ត​ខ្លួន​ទៅ​ដឹក​មាន់​សម្រាប់​យក​មក​ធ្វើ​ម្ហូប​ក្នុង​ពិធីសែនព្រេន​នោះ រហូត​ដល់​ថ្ងៃត្រង់​ទើប​ត្រឡប់​មក​វិញ ហើយ​ខ្លួន​នឹង ហុង គា ក៏​សម្រាក​មួយ​យប់​ទៀត ។ លុះ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឆ្នាំ​ដដែល​ពួក​គេ​៤ នាក់ (​អុ​ឹ​ម ឈួ​ន​.​ហុង គា​.​កែវ ទិ​ត្យ​មេ​សា និង សេក មិត្ត ហៅ កាយ ម៉េ​ង​)​ រួម​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង​មក​ភ្នំពេញ ពេល​មក​ដល់​ភ្លើង​ស្តុំ​មួយ​កន្លែង​ម្តុំ​បឹង​កក់ ខណ្ឌដូនពេញ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង បាន​ចុះ​ពី​រថយន្ត ដោយ​មានឈ្មោះ​សា​រ៉ា​ក់​ទៅ​ទទួល ហើយ ពួក​គេ​៣ នាក់​ក៏​នាំ​គ្នា​ចូល​ផ្សារ​ទំនើប«ខា​លែ​ន​ឌែ​ន​ម៉​ល​»​ដើម្បី​រក​ទិញ​ទំនិញប្រើប្រាស់​ផ្ទាល់​ខ្កួ​ន លុះ​ពេល​ដើរ​ចេញ​មក​វិញ​ក៏​ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន និង​ឆែកឆេរ​រថយន្ត ក៏​ស្រាប់តែ​ឃើញ​គ្រឿង ញៀន​លាក់​ទុក​ក្នុង​រថយន្ត​នោះ ដែល​ខ្លួន​ទាំង​៣ នាក់ មិន​បានដឹង​ឡើយ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជន​ពាក់​ពន្ធ​ទាំង​៣នាក់​នេះ​ តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​តាម​នីតិវិធី ដោយ​រក​ពុំ​ឃើញ​បទល្មើស​ជាក់ស្តែង ទើប​សម្រេច​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង ជា​មេ​ក្លោ​ង​គ្រឿងញៀន តែ​រហូត​មក​ដល់​ពេល​នេះ ជន​ត្រូវ​ចោទ​មិនដឹង​រត់​ដល់​ក្រហែង​ណា​ទេ ។

សូម​ជម្រាប​ថា​ សវនាការ​លើក​ទី​១ សំណុំរឿង​គ្រឿងញៀន​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​សា​ធារ ណៈ ដោយ​ពុំ​មាន​ជន​ត្រូវ​ចោទ​ក្នុង​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​តុលា ការ​សួរ​ដេញដោល​នោះ​ទេ ខណៈ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ ចោទ បាន​ទាមទារ​ឲ្យ​តុលាការ​កោះហៅ​ជន​ពាក់​ពន្ធ​៣ នាក់ មក​តតាំង​ក្តី ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​២​គីឡូក្រាម ដែល​សមត្ត​កិច្ច​បង្ក្រាប​ជាក់ស្តែង កាលពី​ឆ្នាំ​២០២១ នោះ​ទៅ​វិញ ។

សវនាការ​ដឹកនាំ​ដោយ​លោកស្រី ឈុ​ន ដា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​មុខ​ធា​វី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ តែ​កំបាំង​មុខ​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ (​ជា​មេ​ក្លោ​ង​) ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ សវនាការ​លើក​ទី​១​នេះ ត្រូវ​បាន​លើក​ពេល​ទៅ​វិញ ដោយ​តុលាការ​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​របស់​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ដោយ​តម្រូវ​ឲ្យ​មានការ​កោះហៅ​ជន​ពាក់​ពន្ធ​៣ នាក់​ដូច​មាន ៖

១.​ឈ្មោះ អុ​ឹ​ម ឈួ​ន អតីតៈ​ស្នងការ​រង​នគរបាល​ខេត្តកំពត
២.​ឈ្មោះ កែវ ទិ​ត្យ​មេ​សា
៣.​ឈ្មោះ ហុង គា ដើម្បី​មក​សួរ​ដេញដោល​រក​យុត្តិធម៌​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​អ្នក​ណា ជា​ម្ចាស់​គ្រឿងញៀន​ជិត​២​គីឡូក្រាម​នោះ​ពិតប្រាកដ ។

លោក​មេធាវី ហេ ជីវ​អេ​ង ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​បាន​លើក​ឡើង​ថា អង្គហេតុ​សំណុំ​រឿង​គ្រឿងញៀន​នេះ គឺ​សមត្ត​កិច្ច​បង្ក្រាប​បទល្មើស​ជាក់ស្តែង លុះដល់​ពេល​តុលាការ​លើកយក​មក​កាត់ក្តី កាត់​បំបែកសំណុំរឿង​តាម​ចម្លើយ​ជន​៣ នាក់​ឆ្លើយ​ដាក់ ។ លោក​មេធាវី​បន្ត​ថា ថ្ងៃ​កើតហេតុ​គឺ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត ២​គីឡូក្រាម នោះ​ហើយ​ដែល​ហៅ​ថា​ជា​បទល្មើស​ជាក់ស្តែង ។

ដូច្នេះ​ពេល​នេះ​ ទើប​លោក​សុំ​ឲ្យ​តុលាការ​ឲ្យ​លើក​ពេល​សវនាការ ដើម្បី​កោះហៅ​ជន​ពាក់​ពន្ធ​៣ នាក់​នោះ​មក​សួរ​ដេញដោល ព្រោះ​កូនក្តី​របស់​លោក​ត្រូវ​បាន​គេ​ឆ្លើយ​ដាក់ ។ លោក​មេធាវី​បញ្ជាក់​ថា កូនក្តី​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ ២០២១ សមត្ត​កិច្ច​មិន​បាន​ចាប់​កូនក្តី​លោក និង​គ្រឿងញៀន​ជិត ២​គីឡូក្រាម​នោះ​ទេ ដល់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ បាន​សមត្ត​កិច្ច​ទៅ​ដល់​ផ្ទះ​កូនក្តី ក្រោម​ការ​ចង្អុលបង្ហាញ​ថា​ពួក​គេ​ទៅ​ដេក​ផ្ទះ​នោះ ហើយ​រឿង​គ្រឿងញៀន​ក៏​អត់​មាន​ដែរ ខណៈ​ពេល​សមត្ត​កិច្ច​ទៅ​ឆែកឆេរ​ផ្ទះ អ​ញ្ចឹ​ង​សមត្ត​កិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​នោះ​បានដឹង​រឿង​អស់ហើយ ហើយ​នៅ​ក្នុង​កំណត់ហេតុ​ក៏​ច្បាស់លាស់​អស់​ដែរ ដូច្នេះ​អត់​មាន​អាន​ចម្លើយ​ហើយ​កាត់ទោស​កូនក្តី​លោក​ដាក់គុក​២០.៣០ ឆ្នាំ ឬ​អស់​មួយ​ជីវិត​ទេ ។

ក្ន​ង​នាមរូប​លោក​ជា​មេធាវី​ការពារ​ដោយ​ផ្លូវច្បាប់ ឲ្យ​សង្គម ការពារ​ឲ្យ​ជន​រង​គ្រោះ និង​ប្រពន្ធ​តុលាការ​ទាំងអស់ មិនមែន​ជួយ​តែ​កូនក្តី​ម្នាក់​នឹង​ទេ អ​ញ្ចឹ​ង​បាន​លោក​ស្នើ​សុំ​លើក​ពេល​សវនាការ​នេះ​សិន ដើម្បី​ឲ្យ​តុលាការ​កោះហៅ​ជនសង្ស័យ​៣ នាក់ នោះ​មក​សួរ​ដេញដោល​ចំពោះ​មុខ អ​ញ្ចឹ​ង​បើ​នៅ​តែ​បន្ត​នីតិវិធី​ទៀត លោក​និង​ដោះ​អាវ​ដើរ​ចេញពី​សវនាការ ព្រោះ​នេះ​ជា​បទល្មើស​ឧក្រិដ្ឋ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ឃាត់​រថយន្ត​ម៉ាក​តូ​យូ​តា​ហ៊ី​លុ​ច្យ ព័​ណ​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ ន​.​ប ២ ៨៤៨៤ ដែល​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម​ចូល​មក​រាជធានី​ភ្នំពេញ ដល់​ត្រង់​ចំណុច​ផ្សារ​ទំនើប ខា​ឌែ​ល​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ណ​ដូនពេញ ជាមួយ​និង​បុរស​៣ នាក់ គឺ​មានឈ្មោះ អុ​ឹ​ម ឈួ​ន អតីតៈ​ស្នងការ​រង​ខេត្តកំពត ឈ្មោះ កែវ ទិ​ត្យ​មេ​សា និង​ឈ្មោះ ហុង គា ។

ពេល​ឃាត់ខ្លួន​មនុស្ស​៣ នាក់​នោះ នៅ​ក្នុង​រថយន្ត​សមត្ត​កិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ទម្ងន់ ១៧.៥ ០០ ក្រាម (​ជិត​២​គីឡូ ក្រាម​)​លាក់​ទុក​នៅ​ក្រោម​កៅអី​អ្នកបើកបរ ។ ពេល​ឃាត់ខ្លួន​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣ នាក់ សមត្ថកិច្ច​បាន​ទៅ​ឆែក​ផ្ទះ​របស់​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង នៅ​ខេត្តកំពង់ចាម ដោយ​បាន​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ទៀត ជា​របស់​ឈ្មោះ អុ​ឹ​ម ឈួ​ន អតីតៈ​ស្នងការ​រង​ខេត្តកំពត តែ​ពុំ​មាន​ភស្តុ​តាង​ផ្សេង​ពាក់​ពន្ធ​និង​គ្រឿងញៀន​ទេ ។

ដោយហេតុ​ថា​ជនសង្ស័យ​ឈ្មោះ សេក មិត្ត (​រត់គេច​ខ្លួន​) និង​ចម្លើយ​ចង្អុល បង្ហាញ​របស់​ឈ្មោះ អុ​ឹ​ម ឈួ​ន ហុង គា និង កែវ ទិ​ត្យ​មេ​សា មិន​ជាប់​ពាក់​ពន្ធ​សំណុំរឿង​ក្តី​គ្រឿងញៀន​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​ជនសង្ស័យ​ទាំង​៣ នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ និង​ធ្វើការ​ចោទប្រកាន់​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េ​ង តែ​ម្នាក់ ជា​មេខ្លោង រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ។

ដូច​របាយ​ការ​បញ្ជាក់​ពី​ដំបូង​ដែល​មាន​ជាប់​ពាក​ពន្ធ​ជនសង្ស័យ​ទាំង ៣ នាក់​នេះ​ហើយ ទើប​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ទាមទារ​ឲ្យ​តុលាការ​កោះហៅ​អតីតៈ​ស្នងការ​រង​ខេត្តកំពត និង​តៃកុង​ឡាន​២ នាក់​មក​តតាំង​ក្តី ក្នុង​ពេល​សវនាការ​នោះ ។ ក្រោយ​បញ្ចប់​ការ​សាកសួរ​ដេញដោល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ