ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាថ្លើមធំ ? ឈូសយកដីសួនអាពាហ៍ពិពាហ៍

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន​ប្រកាស​ពី​ប្រតិកម្ម​ផ្លូវការ​របស់​ខ្លួន​ថា នឹង​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ស្តី​ពី​ព្រៃឈើ​ជា​ធរមាន ខណៈ​មាន​ជន​ថ្លើមពាសមេឃ ហ៊ាន​ឈូស​ឆាយ​រំលោភ​ទន្ទ្រាន​យក​សួន​អាពាហ៍ពិពាហ៍ បម្រុង​ធ្វើ​ជា​កម្មសិទ្ធិ…

ខេត្តសៀមរាប ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន​ប្រកាស​ពី​ប្រតិកម្ម​ផ្លូវការ​របស់​ខ្លួន​ថា នឹង​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ស្តី​ពី​ព្រៃឈើ​ជា​ធរមាន ខណៈ​មាន​ជន​ថ្លើមពាសមេឃ ហ៊ាន​ឈូស​ឆាយ​រំលោភ​ទន្ទ្រាន​យក​សួន​អាពាហ៍ពិពាហ៍ បម្រុង​ធ្វើ​ជា​កម្មសិទ្ធិ ។

ការ​ប្រកាស​ចាត់វិធានការ​ប្រឆាំង​អ្នក​រំលោភ​យក​សួន​អាពាហ៍ពិពាហ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រំលោភ​ទន្ទ្រាន និង​ឈូស​ឆាយ​សួន​អាពាហ៍ពិពាហ៍ នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀម​រាប​យ៉ាង​រង្គាល ។

ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ បាន​ចុះ​ទៅ​ដល់ទី​តាំង​សួន​អាពាហ៍ពិពាហ៍ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ឈូស​ឆាយ​ដើមឈើ​គ្មាន​សល់ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ចេញ​ដោយ​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ថា ក្នុង​កំឡុង​ពី​ថ្ងៃ​ទី​២២​ដល់​២៤ ខែឧសភា ឆ្នាំ​២០២៤ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​គ្រឿងចក្រ​របស់​កង​វិស្វកម្ម រំលោភ​ទន្ទ្រាន និង​ឈូស​ឆាយដី​សួន​អាពាហ៍ពិពាហ៍ ទំហំ​៣​ហិ​កតា ដោយ​រៀបចំ​ផ្លូវ​២​ខ្សែ ទទឹង​១០​ម៉ែត្រ មួយ​ខ្សែ​មាន​ប្រវែង ១៩២.៦៥​ម៉ែត្រ និង​មួយ​ខ្សែ​ទៀត​មាន​ប្រវែង​១៨២.៥៣​ម៉ែត្រ បោះតម្រុយ​បែងចែក​ជា​ប្លង់ ។

​ក្នុង​មួយ​ប្លង់​មាន​ក្បាលដី​ទទឹង​១០​ម៉ែត្រ និង​បាន​រុះរើ​បំផ្លាញ​របង​លួស​បន្លា លុប​ស្រះ​ទឹក និង​ឈូស​បំផ្លាញ​កូន​ឈើ​ដែល​បាន​ដាំ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ឆ្នាំ​២០១៩ កាប់ និង​អារ​ដើមឈើ​ទាល​ចំនួន​១​ដើម​យក​ទៅ​សាងសង់​រោង យក​កូន​ឈើ​ធ្វើ​ជាស​រសរ និង​គាស់​កូន​ឈើ​យក​ទៅ​ដាំ​ក្នុង​ដី​ឡូ​តិ៍​ផ្សេង​ទៀត ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ ថា នៅ​ពេល​ចុះ​ត្រួតពិនិត្យ ក្រុមការងារ​ពុំ​ឃើញ​មាន​ជន​ជា​អ្នក​ប្រព្រឹត្ត​ចេញ​មុខ​សារភាព​ចំពោះ​សមត្ថកិច្ច​ឡើយ ។ ការ​រំលោភ​ទន្ទ្រាន និង​ឈូស​ឆាយដី​សួន​អាពាហ៍ពិពាហ៍ និង​ចម្ការ​រុក្ខទិវា​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នឹង​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ស្តី​ពី​ព្រៃឈើ​ជា​ធរមាន​ឱ្យ​ខាង​តែ​បាន ។ ពិតជា​ថ្លើមធំ​ពាសមេឃ​មែន ដែល​ក្លាហាន​ហ៊ាន​ឈូស​ដើមឈើ​ចោល​រាប​ធេង​យក​ដី​ធ្វើ​កម្មសិទ្ធិ ។

ទោះបី​ការ​ថ្លែង​ប្រតិកម្ម​របស់​មន្ទីរ​ជំនាញ មិន​បាន​លើក​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នក​រំលោភ​ដី​សួន​អ​ពា​ហ៍​ពិពាហ៍​ខាងលើ​ក្ដី ក៏​បង្ហាញ​ថា អ្នក​រំលោភ​បំពាន​នោះ មិនមែន​ជា​ពលរដ្ឋ​ធម្មតា​នោះ​ទេ ។ បានជា​ហ៊ាន​និយាយ​បែប​នេះ ព្រោះតែ​គ្រឿងចក្រ​ដែល​គេ​យក​មក​ឈូស​ឆាយ គឺជា​គ្រឿងចក្រ​កង​វិស្វកម្ម គឺ​សង្ស័យ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ ។ ថ្វីបើ​អាច​និយាយ​បាន​ថា ជា​ការ​ជួល​ក៏​ដោយ​ចុះ អ្នក​ដែល​ស៊ីឈ្នួល​បែប​នេះ​ក៏​មានទោស​ដែរ ។

សាធារណ​មតិ​រង់ចាំ​មើល​ថា តើ​សំណុំរឿង​នេះ​នឹង​ទៅ​ជា​បែប​ណា ? ឬ​ក៏​បាន​ត្រឹម​ផោម​ឱ្យ​ស្រមោច​ផ្អើល​ទេ​ដឹង ?​… ហេ​! ហេ​!

កោះសន្តិភាព​ចាំ​មើល​ទៀត តើ​មហា​បុរស​អន្ធពាល​មួយ​ណា ? ឈ្មោះ​អី ដែល​ថ្លើមធំ​ពាសមេឃ ហ៊ាន​យក​ដី​ទិវា​សួន​អាពាហ៍ពិពាហ៍​ធ្វើ​កម្មសិទ្ធិ​បែប​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ