ខេត្តព្រះសីហនុ ៖ នារីម្នាក់បានរងរបួសធ្ងន់ ក្នុងខណៈពេលដែលនាងបានដើរក្បែរផ្លូវរថភ្លើង ហើយត្រូវរថភ្លើងកៀរ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង (ខេត្តព្រះសីហនុ-ភ្នំពេញ) នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវដែក នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយរថភ្លើង០១ខ្សែ មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ។ នៅពេលមកដល់ចំណុចខាងលើ បានកៀរអ្នកថ្មើរ០១នាក់ កំពុងដើរក្បែរផ្លូវដែក ក្នុងទិសដៅស្របគ្នា អ្នកថ្មើរជើងឈ្មោះ ជា សុខុមបញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ មានទីំលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានកៀរអ្នកថ្មើរជើងរួចខ្ទៀតខ្ទប់នឹងជញ្ជឹងស័ង្ហសីផ្ទះ ក្បែរនោះតែម្ដង ។
ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយអ្នកថ្មើរជើង (រងរបួសបាក់ដៃខាងឆ្វេង និងរងរបួសក្បាលធ្ងន់) ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅគ្លីនិកឯកជន លិ គឹមឌី ឃុំវាលរេញ ។ ចំណែកឯរថភ្លើងបានបន្ដដំណើរទៅរាជធានីភ្នំពេញ ក្រោយពេលកើតហេតុ ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់រវាងរថភ្លើង និងមនុស្សថ្មើរជើង ក៏ដូចជារថយន្ត ម៉ូតូ ឆ្លងកាត់ផ្លូវរថភ្លើង នៅក្នុងទឹកដីខេត្តព្រះសីហនុ ហាក់បីដូចជាមានកើតជាបន្តបន្ទាប់ ហើយបណ្ដាលឱ្យមនុស្សស្លា.ប់ និងរបួសផងដែរ ៕
ចែករំលែកព័តមាននេះ