ខេត្តបាត់ដំបង ៖ សង្គ្រាមរវាងពួកក្មេងទំនើងចំនួន០២ក្រុម ដែលភាគីម្ខាងៗមានគ្នាយ៉ាងតិច១០នាក់ បានប៉ះទង្គិចគ្នាយ៉ាងឃោរឃៅដោយកាំបិត នៅក្នុងពិធីប្រគំតន្ត្រីដ៏សប្បាយមួយ កាលពីយប់ថ្ងៃទី២៥ ឧសភា នៅក្នុងភូមិពោធិ១ ឃុំគា ស្រុកមោងឬស្សី តែត្រូវកម្លាំងរាជអាវុធហត្ថតាមឃាត់ខ្លួនភាគីដៃដល់បានចំនួន០២នាក់ រីឯភាគីម្ខាងរងរបួសម្នាក់ចូលពេទ្យ ខណៈក្រុមជនអន្ធពាលទាំង០២ភាគីនេះជិត២០នាក់បានរត់គេចខ្លួន។

របាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលត្រូវឃាត់ខ្លួន ម្នាក់ឈ្មោះ ព្រួញ រតនា អាយុ២២ឆ្នាំ នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី និងម្នាក់ទៀតឈ្មោះគ្រឿម មិថុនា អាយុ២៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ ក្រុមនេះមានបក្សពួកប្រហែល១០នាក់ ប្រដាប់ដោយដាវសាំមូរ៉ៃ និងកាំបិត ហើយជាអ្នកកាប់ប្រហារមុនទៅលើភាគីម្ខាងទៀត ដែលមានបក្ខពួកប្រហាក់ប្រហែលគ្នា បណ្ដាលឲ្យរបួសម្នាក់ឈ្មោះ វាសនា វណ្ណះ អាយុ២១ឆ្នាំ នៅភូមិចកតូច ឃុំកកោះ ស្រុកមោងប្ញស្សី។
បើតាមមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ពួកក្មេងទំនើងទាំង០២ក្រុមនេះ បានប៉ះទង្គិចគ្នាដោយហិង្សា ដែលមានសមាសសភាពប្រហាក់ប្រហែលគ្នា តែភាគីម្ខាងមានកាំបិត និងដាវ នៅក្នុងដៃ(ភាគីឈ្នះត្រូវចាប់ខ្លួន) រីឯភាគីម្ខាងទៀតរងរបួសម្នាក់(ភាគីចាញ់)។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកាប់ចាក់គ្នាផ្អើលពេញកន្លែងប្រគំតន្ត្រី ភាគីទាំង០២បានរត់គេចខ្លួនរៀងៗខ្លួន លើកលេងអ្នករបួសត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ឧសភា ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងប្ញស្សី ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបាន០២នាក់នៅក្នុងភាគីមានកាំបិត។
គេមិនទាន់ដឹងអំពីមូលហេតុ ដែលនាំឲ្យក្មេងទំនើងទាំង០២ក្រុមនេះច្បាំងគ្នាយ៉ាងឃោឃៅផ្អើលពេញកន្លែងប្រគុំតន្ត្រីបែបនេះទេ។ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា បើពិនិត្យទិដ្ឋភាពជាក់ស្ដែង ក្រុមក្មេងទំនើងទាំង០២ក្រុមនេះ ទំនងធ្លាប់ប៉ះទង្គិចគ្នា ហើយនេះជាការសងសឹកគំនុំចាស់ទៀតផង។ ព្រោះភាគីម្ខាងដែលច្បាំងឈ្នះ បានត្រៀមកាំបិត ដាវ រួចជាស្រេច លុះបានជួបគ្នាក៏ផ្ទុះសង្គ្រាមផ្អើលឈុលតែម្ដង។

ប្រភពដដែលបានបញ្ជាក់ថា បើតាមមើលសកម្មភាពពួកគេ គ្មានភាគីណាល្មើស គ្មានភាគីណាជាអ្នករងគ្រោះទេ គឺ សុទ្ធតែជាភាគីបង្ករឿងទាំងអស់។ ប៉ុន្តែដោយសារភាគីដែលច្បាំងចាញ់រងរបួស ព្រោះគ្មានអាវុធតទល់ជាមួយសត្រូវ ទើបគេនិយាយតៗគ្នាថា «ភាគីរបួសជាជនរងគ្រោះ» តែពេលនេះក្រៅពីចាប់ខ្លួនបាន០២នាក់ និង ម្នាក់ចូលពេទ្យ ពួកគេទាំង០២ភាគីបានសម្ងំលាក់ខ្លួនអស់ហើយ។
សូមបញ្ជាក់ដែរថា ជាមួយនឹងការឃាត់ខ្លួនភាគីម្ខាងបាន០២នាក់ កម្លាំងកងរាជអាវុធហត្ថក៏បានរកឃើញម៉ូតូចំនួន០៤គ្រឿង ដែលក្រុមក្មេងទំនើងផ្ដួលចោលនៅខាងក្រោយវត្ត រត់យករួចខ្លួនពេលត្រូវកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរក។ ពេលនេះ មន្ត្រីជំនាញ បាននិងកំពុងសួរនាំជនសង្ស័យ០២នាក់ ដើម្បីចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ