ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ពចិន​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ហ៊ុម​ព័ទ្ធ​កោះ​តៃ​វ៉ាន់​ចូល​ដល់​ថ្ងៃ​ទី​ពីរ

3 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ​ថ្ងៃ​នេះ កង​ទ័ព​ចិន​​ធ្វើ​សមយុទ្ធ​យោធា​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ជា​បន្ត​ទៀត​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ដើម្បី​​ជា​ការ​ប្រៀន​ប្រដៅ​ប្រធានា​ធិបតី​ថ្មី​នៃ​កោះ​នេះ​គឺ​លោក​ឡៃ​ឈីង​តេ។ ​ស្បថ​ចូល​កាន់​តំណែង​បាន​បី​ថ្ងៃ​​​ ប្រទេស​ចិនក៏​​​ធ្វើ​សមយុទ្ធ​យោធា​តែ​ម្ដង​។​ ​ប្រទេស​ចិន​ខឹង​សម្បារ​នឹង​សុន្ទរ​កថា​របស់​លោក​ឡៃ​ឈីង​តេ​​ដែល​ជំរុញ​ឱ្យ​​​ចិន​ឈប់​ប្រើ​ភាសា​​​គំរាម​កំ​ហែង​ទោះ​បី​​តាម​​ពាក្យ​ពាក្យ​សម្ដី ឬ​តាម​យោធា​។ លោក​ថា​ចិន និង​តៃវ៉ាន់​ត្រូវ​តែ​ស្មើ​មុខ​ស្មើ​មាត់​គ្នា​គ្មាន​នរណា​រណប​នរណា​ទេ​។ កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​សង្ខេប​ថា​ខ្លួន​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​…

ទី​ក្រុង​ប៉េកាំង៖ ​ថ្ងៃ​នេះ កង​ទ័ព​ចិន​​ធ្វើ​សមយុទ្ធ​យោធា​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ជា​បន្ត​ទៀត​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ដើម្បី​​ជា​ការ​ប្រៀន​ប្រដៅ​ប្រធានា​ធិបតី​ថ្មី​នៃ​កោះ​នេះ​គឺ​លោក​ឡៃ​ឈីង​តេ។ ​ស្បថ​ចូល​កាន់​តំណែង​បាន​បី​ថ្ងៃ​​​ ប្រទេស​ចិនក៏​​​ធ្វើ​សមយុទ្ធ​យោធា​តែ​ម្ដង​។​ ​ប្រទេស​ចិន​ខឹង​សម្បារ​នឹង​សុន្ទរ​កថា​របស់​លោក​ឡៃ​ឈីង​តេ​​ដែល​ជំរុញ​ឱ្យ​​​ចិន​ឈប់​ប្រើ​ភាសា​​​គំរាម​កំ​ហែង​ទោះ​បី​​តាម​​ពាក្យ​ពាក្យ​សម្ដី ឬ​តាម​យោធា​។ លោក​ថា​ចិន និង​តៃវ៉ាន់​ត្រូវ​តែ​ស្មើ​មុខ​ស្មើ​មាត់​គ្នា​គ្មាន​នរណា​រណប​នរណា​ទេ​។

កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​សង្ខេប​ថា​ខ្លួន​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ «ចញ​សត​២០២៤​អេ» (Joint Sword -2024A) ​ដើម្បី​ធ្វើ​តេស្ត​សមត្ថ​ភាព​​ក្នុង​ការ​ដណ្ដើម​អំណាច​, ការ​​វាយ​ប្រហារ​ផ្គួប​គ្នា និង​ការ​​វាយ​​កាប់​ទី​តាំង​សំខាន់​ៗ​។​ ​ប្រទេស​ចិន​ប្រើ​ប្រាស់​យន្ត​​ហោះ​​​ និង​នាវា​ចម្បាំង​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ពី​​គ្រប់​ច្រក​ប្រៀប​​ដូច​ជា​ការ​ត្រៀម​វាយ​លុក​​​។

ជា​កិច្ច​ឆ្លើយ​តប តៃវ៉ាន់​ដាក់​ពង្រាយ​កង​ទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើង​ព្រួល​។ ​​តៃវ៉ាន់​ថ្លែង​​​ថា​ខ្លួន​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ការ​ពារ​សិទ្ធិ​សេរី​ភាព​​របស់​ជាតិ​ខ្លួន​។​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ឡៃ​ឈីង​តេ​ថ្លែង​ថា​លោក​នឹង​ឈរ​នៅ​មុខ​គេ​ដើម្បី​ការ​ពារ​ជាតិ​។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ពាក់​ព័ន្ធ​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​កង​ទ័ព​ចិន​ទេ​។

​នៅ​ចំពោះ​មុខ​នៃ​បញ្ហា​ប្រឈម និង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ យើង​នឹង​បន្ត​លើក​ស្ទួយ​​​សេរី​ភាព និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ និង​​ខិត​ខំ​ការ​ពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​រដ្ឋាភិបាល​ចិន ចិន​ចាត់​ទុក​លោក​ឡៃ​ជា​មេ​ដឹក​នាំ​ផ្ដាច់​ខ្លួន​​​​។ បើ​គាត់​ដឹក​នាំកោះ​តៃវ៉ាន់ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​ ហើយ​អាច​ធ្វើ​ឱ្យ​​តៃវ៉ាន់​រលំ​រលាយ​។

សម​យុទ្ធ​យោធា​ដែល​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នោះ​ធ្វើ​ឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​, ភាគ​ខាង​ជើង,​ ខាង​ត្បូង និង​ខាង​កើត​កោះ​តៃវ៉ាន់​។ សូម្បី​តែ​ប្រជុំ​កោះ​​ឃីនមេន, ម៉ាត់​ស៊ូ, អ៊ូជៀវ និង​តុង​យីន​ក៏​មាន​វត្ត​មាន​របស់​កង​ទ័ព​ចិន​ផង​ដែរ​​​។​ ​ក្រ​សួង​ការ​ពារ​ជាតិ​តៃ​វ៉ាន់​ថ្លែង​ថា​ខ្លួន​ចាប់​បាន​រូប​ភាព​យន្ត​ហោះ​​​ប្រដេញ​ និង​យន្ត​ហោះខ្នាត​ធំ​របស់​ប្រទេស​ចិន​សរុប​៤៩​គ្រឿង​។

​​​​ប្រទេស​ចិន​មាន​កំហឹង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លោក​ឡៃ​ឈីង​តេ​ចាត់​ទុក​ថា​នេះ​ជា​សករាជ​ដ៏​រុង​រឿង​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កោះ​តៃវ៉ាន់​។ ដូច្នេះ ទោះ​បី​អង្គ​ការ​សហ​ប្រជា​ជាតិ​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​២​កុំ​បង្ក​ហេតុ​ដាក់​គ្នា​ក្ដី។ ជា​ពិសេស​ប្រទេស​អាមេរិក​ជំរុញ​ឱ្យ​ប្រទេស​ចិន​ខិត​ខំ​អត់​ធ្មត់​យ៉ាង​ណា​ក្ដី ក៏​ចិន​មិន​ស្ដាប់​ដែរ​។

លោក​បៃដិន​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​លោក​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​ដូច​រដ្ឋាភិបាល​អាមេរិក​ជំនាន់​មុន​ៗ​ដែរ​។ ​មាន​ន័យ​ថា​លោក​មិន​គាំទ្រ​ ឬ​លើក​ទឹក​ចិត្ត​ឱ្យ​តៃវ៉ាន់​ប្រ​កាស​ឯក​រាជ្យ​ទេ​។ គ្រាន់​តែ​លោក​​គាំទ្រ​ការ​បង្រួប​បង្រួម​ទឹក​ដី​​​ដោយ​សន្តិ​វិធី​។ លោក​ធ្លាប់​ព្រលយ​ពាក្យ​ថា​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​តៃវ៉ាន់​បើ​ចិន​ប្រើ​ប្រាស់​កម្លាំង​យោធា​។ សព្វ​ថ្ងៃ​នេះ អាមេរិក​នៅ​តែ​បន្ត​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​នៅ​ក្នុង​អ្វី​ដែល​វ៉ាស៊ីន​តោន​ចាត់​ទុក​ថា​ជា​ការ​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​របស់​កោះ​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ