ទីក្រុងបាងកក៖ តំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកសេដ្ឋា ថាក់វិស៊ីន ស្ថិតនៅក្នុងភាពផុយស្រួយ ឬយ៉ាងណាបន្ទាប់ពីមានអ្នកដាក់ញត្តិស្នើសុំដកតំណែងរបស់លោក ហើយត្រូវតុលាការធម្មនុញ្ញទទួលយកញត្តិនោះមកពិចារណានៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងញត្តិនោះមានការស្ដីបន្ទោសលោកសេដ្ឋាពីបទតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីម្នាក់ឈ្មោះពិចិត្រដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ហើយទើបតែលាលែងពីតំណែង។ លោកពិចិត្រមិនទាន់ជ្រះស្រឡះពីការអនុវត្តទោសនៅក្នុងពន្ធនាគារនៅឡើយទេ។ ដូច្នេះក្រុមអ្នកតវ៉ាយល់ថាមិនសមកាន់តំណែងជារដ្ឋមន្ត្រីឡើយ។
សេចក្ដីសម្រេចរបស់តុលាការបន្ទាប់ពីរដ្ឋមន្ត្រីចំនួនបីរូបបានសម្រេចលាលែងពីតំណែងត្រឹមតែរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះតែប៉ុណ្ណោះ។ នេះជាការបន្ទុកកាន់តែធ្ងន់ទៅលើរដ្ឋាភិបាលស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយត្រូវរ៉ាប់រងរកលុយដើម្បីដាក់ចូលទៅក្នុងកាបូបឌីជីថលចែកម្នាក់មួយម៉ឺនបាតជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដូចដែលបានសន្យាកាលពីរដូវកាលឃោសនាបោះឆ្នោតឆ្នាំ២០២៣។ មិនមែនតិចទេម្នាក់មួយម៉ឺនបាតចែកមនុស្ស៥០លាននាក់។
ជាចំណាត់ការបឋម, តុលាការមិនព្យួរតំណែងលោកសេដ្ឋាទេ ហើយសុខចិត្តរង់ចាំកោះប្រជុំនៅពេលខាងមុខដើម្បីចេញសេចក្ដីសម្រេច។ សមាជិកព្រឹទ្ធសភា៤០រូបចង់ចាត់វិធានការទៅលើលោកពិចិត្រ ឈឺនបាន (Pichit Cheunban) ដែលពួកគេយល់ថាគ្មានវិន័យ និងសេចក្ដីថ្លៃថ្នូរគ្រប់គ្រាន់ក្នុងនាមជារដ្ឋមន្ត្រីម្នាក់ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ តុលាការទុកពេលឱ្យលោកសេដ្ឋា១៥ថ្ងៃដើម្បីរៀបចំសារណាឡើងការពារខ្លួននៅក្នុងតុលាការ។ អ្នកនាំពាក្យរដ្ឋាភិបាលយល់ថាលោកសេដ្ឋាមិនបានធ្វើអ្វីខុសទេ។ លោកគិតតែខិតខំធ្វើការ។ ដូច្នេះញត្តិតវ៉ានេះមិនប៉ះពាល់ការបំពេញការងាររបស់គាត់ឡើយ។
អ្នកនាំពាក្យថ្លែងបន្តទៀតថាមុននឹងជ្រើសរើសយកលោកពិចិត្រធ្វើជារដ្ឋមន្ត្រី គេពិនិត្យពិច័យល្អិតល្អន់ណាស់។ ម៉្យាងទៀត ការតែងតាំងនេះក៏ស្របនឹងច្បាប់របស់ប្រទេសជាតិផងដែរ។ លោកពិចិត្រជាមនុស្សជិតស្និទ្ធរបស់គ្រួសារត្រកូលថាក់ស៊ីនអស់រាប់ទសវត្សមកហើយ។ លោកសុខចិត្តលាលែងតំណែងកាលពីថ្ងៃអង្គារដើម្បីឱ្យលោកសេដ្ឋាមិនជាប់ជំពាក់វាក់វិននឹងពាក្យបណ្ដឹង។ ប៉ុន្តែនៅទីបំផុត លោកសេដ្ឋានៅតែរងពាក្យបណ្ដឹងទាល់តែបាន។
លោកពិចិត្រធ្លាប់ជាប់ពន្ធនាគារ៦ខែកាលពីឆ្នាំ២០០៨ពីបទប្រមាថតុលាការ។ លោកជាប់ចោទពីបទសូកប៉ាន់មន្ត្រីតុលាការជាច្រើននាក់អស់លុយ២លានបាត ឬស្មើនឹងជាង៥ម៉ឺនដុល្លារ។ គេបានចោទប្រកាន់ថាគាត់ដាក់ប្រាក់សំណូកចូលទៅក្នុងក្រដាសខ្ចប់គ្រឿងទេស។ ក្រោយមក តុលាការហាមមិនឱ្យលោកប្រកបអាជីពជាមេធាវីរយៈពេល៥ឆ្នាំ។ ទោះជាយ៉ាងណាក្ដី លោកពិចិត្របដិសេធការចោទប្រកាន់។
តើលោកពិចិត្រមានប្រវត្តិបែបណា?
ក្នុងនាមជាមេធាវីម្នាក់ លោកពិចិត្រធ្លាប់បានឡើងការពារក្ដីជូនលោកស្រីយីងឡាក់ និងលោកថាក់ស៊ីន។ ប៉ុន្តែមិនបានជោគជ័យទេ។ លោកថាក់ស៊ីនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកសេដ្ឋា ហើយក៏ជាបិតាស្ថាបនិកគណបក្សភឿថៃផងដែរ។
នៅក្នុងករណីចង់ដកតំណែងលោកសេដ្ឋានេះ តុលាការមិនទាន់កំណត់ពេលវេលាច្បាស់លាស់ដើម្បីចេញសេចក្ដីសម្រេចនៅឡើយទេ។ បើតុលាការសម្រេចដកលោកសេដ្ឋាតាមពាក្យបណ្ដឹងមែន ប្រទេសថៃត្រូវបង្កើតរដ្ឋាភិបាលថ្មី។ គណបក្សភឿថៃត្រូវបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីទៅឱ្យរដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។
ក្រុមអ្នករិះគន់ចោទប្រកាន់ថាលោកពិចិត្រទទួលបានកៅអីរដ្ឋមន្ត្រីដោយសារគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកថាក់ស៊ីន។ ពួកគេចង់មានន័យថាលោកពិចិត្រតោងកាលីបលោកថាក់ស៊ីនទើបអាចមកអង្គុយកៅអីរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានទោះបីអ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថាគាត់មានគុណវុឌ្ឍិគ្រប់គ្រាន់យ៉ាងណាក្ដី៕
ចែករំលែកព័តមាននេះ