ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣០ខ្នង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ រីឯក្មេងស្រីម្នាក់បានរងរបួស ខណៈសត្វគោចំនួន០២ក្បាលបានងាប់ ដោយសាររន្ទះបាញ់ ដែលកើតឡើងនៅរសៀលថ្ងៃទី ១៥ ឧសភា ក្នុងស្រុកបវេល និងស្រុកថ្មគោល ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ភ្លៀងលាយឡំនឹងខ្យល់ ផ្គរ រន្ទះ បានប៉ះទង្គិចទៅលើស្រុកជាច្រើនក្នុងខេត្តបាត់ដំបង ប៉ុន្តែមានស្រុកមួយចំនួនបានរងនូវបាតុភូតធម្មជាតិធ្ងន់ធ្ងរ ។ ដូចជានៅស្រុកបវេល និងស្រុកង្មគោលជាដើម ។
សេចក្ដីរាយការណ៍ដដែលៗបានឲ្យដឹងថា នៅម៉ោង៣រសៀលថ្ងៃទី១៥ ឧសភា ភ្លៀងនិងខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើភូមិមួយចំនួននៅក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល បានធ្វើឲ្យខូចខាតលំនៅឋានប្រជាពរដ្ឋចំនួន៣០ខ្នង ក្នុងនោះ មានចំនួន០៦ខ្នង ខូចខាតធ្ងន់ធ្ងរ តែពុំមានរងគ្រោះថ្នាក់ដល់មនុស្ស ឬសត្វទេ ។
ដោយឡែក នៅក្នុងស្រុកថ្មគោលឯណោះវិញក៏មិនខុសពីតាមបណ្ដាស្រុកដទៃដែរ គឺភ្លៀងខ្យល់កន្ត្រាក់ និងផ្ទរ រន្ទះ បានកើតឡើងធ្ងន់ធ្ងរដូចគ្នា នៅម៉ោង៧យប់ថ្ងៃដដែល ។ បើតាមសេចក្ដីរាយការណ៍ដដែល បានឲ្យដឹងថា បាតុភូតធម្មជាតិនេះ បានប៉ះទង្គិចទៅលើភូមិស្លាស្លាក់ ឃុំអន្លង់រុន។ បាតុភូតរន្ទះ បានបាញ់សម្លាប់សត្វគោចំនួន០២ក្បាល និងត្រូវរបួសក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលជាម្ចាស់គោ ។
ចាប់តាំងពីដើមវស្សារហូតមកក្នុងឆ្នាំនេះ បាតុភូតធម្មជាតិបានកើតឡើងជាបន្តបន្ទាប់នៅពេលមានភ្លៀងធ្លាក់ម្ដងៗ។ នេះបើតាមការកត់សម្គាល់ និងយោងលើរបាយការណ៍របស់មន្ត្រីមូលដ្ឋាន ។ លំនៅឋានរាប់រយខ្នងបានរងការខូចខាត សត្វគោជាច្រើនក្បាលត្រូវរន្ទះបាញ់ងាប់ ហើយថែមទាំងមានមនុស្សស្លាប់និងរបួសផងដែរ ដោយសារបាតុភូតធម្មជាតិដ៏កាចសាហាវ ដែលបានកើតឡើងនាដើមរដូវវស្សានេះ៕
ចែករំលែកព័តមាននេះ