ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំមិនភ្លេច! ករណីប្ដីលួ.ចលែ.ងលះប្រពន្ធដោយសម្ងា.ត់ ដើម្បីការពារទ្រព្យសម្បត្តិ

4 ខែ មុន

សាធារណរដ្ឋដូមីនីក ៖ «ការលែងលះ» គឺជាការដោះស្រាយតាមផ្លូវច្បាប់មួយ ដែលបញ្ចប់ទំនាក់ទំនង

សាធារណរដ្ឋដូមីនីក ៖ «ការលែងលះ» គឺជាការដោះស្រាយតាមផ្លូវច្បាប់មួយ ដែលបញ្ចប់ទំនាក់ទំនងអាពាហ៍ពិពាហ៍ទៅតាមការយល់ព្រមស្ម័គ្រចិត្តរបស់ប្ដី និងប្រពន្ធ តាមរយៈភាគីទាំង២ ត្រូវយកលិខិតបញ្ជាក់ការចង់លែងលះ ដោយមានការយល់ព្រមទាំងសងខាងពីតុលាការ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ តើអ្នកដឹងទេថា ដំណើរការនៃការលែងលះនៅសាធារណរដ្ឋដូមីនីក (Dominican Republic) គឺផ្ទុយស្រឡះពីនេះតែម្ដង។

ស្របពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជនខ្មែរយើងកំពុងជជែកវែកញែកយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការចុះសំបុត្រអាពាហ៍ពិពាហ៍នោះ ថ្ងៃនេះសារព័ត៌មាន «កោះសន្តិភាព» សូមរំលឹកករណីលែងលះដ៏ចម្លែករបស់លោក Gabriel Villa និងភរិយាគាត់គឺលោកស្រី Cristina Carta Villa កាលពីឆ្នាំ ២០១៦ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក និងនៅតែជាការចងចាំមួយរហូតមកទល់ពេលបច្ចុប្បន្ននេះ។

យោងតាមប្រភពពីសារព័ត៌មាន New York Post ក៏ដូចជា Daily Mail បានឱ្យដឹងថា លោក Gabriel Villa អាយុ៩០ឆ្នាំ និងលោកស្រី Cristina Carta Villa អាយុ៥៩ឆ្នាំ បានរៀបការនៅឆ្នាំ ១៩៩៤ ដោយមានកូនប្រុសម្នាក់ ជាមួយជីវិតរស់នៅពោរពេញដោយសេចក្ដីសុខ និងភាពរីករាយនៅផ្ទះអ្នកទាំងពីរ នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាម៉េរិក និងនៅប្រទេសបារាំង។ និយាយរួមអ្វីៗល្អឥតខ្ចោះទាំងអស់ លើកលែងតែរឿងមួយគឺ លោក Gabriel បានលែងលះ Cristina ដោយសម្ងាត់ ពោលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរបានរៀបការ នៅក្នុងគោលបំណងជាក់ស្តែង ដើម្បីការពារទ្រព្យសម្បត្តិរបស់គាត់។

នៅក្នុងឆ្នាំ ២០១៦ លោកស្រី Cristina បានប្តឹងលោក Gabriel ដើម្បីលុបចោលការលែងលះដែលប្ដីលោកស្រីបានរៀបចំដោយសម្ងាត់នៅសាធារណរដ្ឋដូមីនីក ពោលគឺ៤ខែបន្ទាប់ពីរៀបការ ហើយក៏ដូចជាបញ្ឃប់ប្ដីលោកស្រីពីការលក់អាផាតមិននៅតំបន់ Manhattan នៃទីក្រុងញូវយ៉ក។ លោកស្រីបានហៅការលែងលះសម្ងាត់នោះថា ការក្លែងបន្លំ ហើយអះអាងថា លោកស្រីមិនបានដឹងអំពីវា ឬផ្តល់ការយល់ព្រមណាមួយសម្រាប់ការលែងលះ ដែលមិនត្រូវបានចុះនៅទីក្រុងញូវយ៉កនោះទេ។

នៅក្នុងបណ្ដឹងដែលប្តឹងនៅតុលាការកំពូល Manhattan លោកស្រី Cristina និយាយថា ប្ដីលោកស្រីបានរំលាយអាពាហ៍ពិពាហ៍អ្នកទាំងពីរនៅសាធារណរដ្ឋដូមីនីក បើទោះបីជាអ្នកទាំងពីរមិនបានរស់នៅទីនោះក៏ដោយ។ លោកស្រីអះអាងថា ការលែងលះនេះមិនស្របច្បាប់នោះទេ ព្រោះសាម៉ីខ្លួនទាំងសងខាងមិនស្ថិតក្នុងតុលាការជាមួយគ្នា សម្រាប់ដំណើរការលែងលះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅពីក្រោយខ្នងលោកស្រី Cristina លោក Gabriel បានជួលមេធាវីពីររូបធ្វើសកម្មភាពតំណាងអ្នកទាំងពីររួចទៅហើយ ដោយលើកឡើងពីភាពមិនចុះសម្រុងគ្នា ដែលជាហេតុផលឈានដល់ការលែងលះ។

លោកស្រី Cristina បាននិយាយថា លោកស្រីដឹងអំពីអត្ថិភាពនៃការលែងលះ នៅពេលដែលវិក័យប័ត្រពន្ធមកដល់ផ្ទះលោកស្រី ហើយគ្មានឈ្មោះលោកស្រីនៅលើនោះ ដែលមានន័យថា ប្ដីលោកស្រីបានដកឈ្មោះលោកស្រីចេញពីកិច្ចសន្យា ដោយប្រើការលែងលះជាភស្តុតាងបញ្ជាក់ថា លោកស្រីមិនមែនជាម្ចាស់កម្មសិទ្ធិ។ លោកស្រីជឿថា ប្ដីលោកស្រីចង់លក់អាផាតមិន ដែលមានតម្លៃប្រហែល ១.៤លានដុល្លារអាម៉េរិកទៅឱ្យកូនស្រីប្រពន្ធមុនរបស់គាត់។

គួរបញ្ជាក់ថា បើតាមប្រភពពីស្ថានទូតអាម៉េរិកប្រចាំសាធារណរដ្ឋដូមីនីក បានឱ្យដឹងថា ការលែងលះពីរប្រភេទសម្រាប់ជនបរទេសនៅសាធារណរដ្ឋដូមីនីករួមមាន ការលែងលះដោយព្រមព្រៀងគ្នា និងការលែងលះដោយមូលហេតុ។ ភាគច្រើនការលែងលះនៅទីនោះ ដែលត្រូវបានផ្តល់ឱ្យជនបរទេសគឺជា ការលែងលះគ្នាដែលយល់ព្រមគ្នា។ នៅក្នុងការលែងលះបែបនេះ ភាគីទាមទារមិនចាំបាច់បញ្ជាក់មូលហេតុជាក់លាក់នោះទេ ប៉ុន្តែត្រូវតែបង្ហាញការព្រមព្រៀងគ្នាទៅវិញទៅមក។

ការលែងលះដោយមូលហេតុ បើទោះបីជាមិនតម្រូវឱ្យមានការស្នាក់នៅសាធារណរដ្ឋដូមីនីកក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ភាគីម្ខាងក្នុងចំណោមភាគីម្ខាងទៀត ត្រូវតែបង្ហាញខ្លួននៅក្នុងតុលាការ ហើយម្ខាងដែលអវត្តមានអាចជំនួសដោយមេធាវីពិសេសជាលាយលក្ខណ៍អក្សរ ហើយអំណាចមេធាវីដែលបានដាក់ត្រឹមត្រូវក្នុងការិយាល័យអត្រានុកូលដ្ឋាន និងអនុញ្ញាតឱ្យមេធាវីបង្ហាញខ្លួនឱ្យភាគីអវត្តមាន និងយល់ព្រមលើការលែងលះ។

ការលែងលះដោយមូលហេតុតម្រូវឱ្យមានការបង្ហាញខ្លួនផ្ទាល់ខ្លួនរបស់ដើមចោទ ឬអ្នកតំណាងស្របច្បាប់របស់ខ្លួន។ នៅក្នុងការលែងលះដោយមូលហេតុ ចៅក្រមមានអំណាចយ៉ាងទូលំទូលាយ រួមទាំងសិទ្ធិក្នុងការកំណត់ការចាត់ចែងទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍ និងការបង់ប្រាក់ឧបត្ថម្ភប្រសិនបើមានសម្រាប់ប្ដីប្រពន្ធ និងកូន។

ការលែងលះនៅសាធារណរដ្ឋដូមីនីក ទោះបីជាដោយការយល់ព្រមពីគ្នាទៅវិញទៅមក ឬដោយមូលហេតុក៏ដោយ ក៏មិនមានផលប៉ះពាល់ ឬសុពលភាព រហូតដល់ពេលដែលជំហានជាក់លាក់មួយចំនួន ត្រូវបានធ្វើឡើងក្នុងដំណាក់កាលចុងក្រោយនៃដំណើរការលែងលះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ