រាជធានីភ្នំពេញ ៖ ដូចតាមការកំណត់របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈ ជ្រោយចង្វារ ដាក់ពន្ធនាគារកំណត់២ឆ្នាំ គិតពីថ្ងៃចាប់ឃុំខ្លួន និងបង្គាប់ឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋវេណីចំនួន ២៤៤,៣០០ដុល្លារអាមេរិក សំណងការខូចខាត រួមទាំងសេវាកម្មច្បាប់មេធាវីចំនួន ៤លានរៀល ។ សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍ បើសិនភាគីណាមួយ កើតទុកមិនសុខចិត្ត ចំពោះការកាត់ក្តីនេះ ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ពន្ធអតីតថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈជ្រោយចង្វារ ម្នាក់ ជាប់ចោទពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន “ពោលគឺប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ”ស្អែកស្អុយជាង២៤ម៉ឺនដុល្លារអាមេរិក” មកបើកសនាការ ដើម្បីផ្តន្ទទោសលើជនត្រូវចោទ ។
សវនាការនេះជាសវនាការសាធារណៈ ដឹកនាំដោយលោក ឆែ វិវឌ្ឍ នះ ចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ “ជំនួសលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងកាន់សំណុំរឿងជាប់រវល់” ។ ចំពោះជនមុខជនត្រូវចោទ និងមេធាវីការពារក្តីឲ្យភាគីដើមបណ្តឹង និងមេធាវីការពារក្តីឲ្យចុងចចម្លើយ ។ សវនាការបានបញ្ជាក់អំពីសិទ្ធិរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ៖
១.សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងសំណូមពរផ្សេងៗ
២.សិទ្ធិបដិសេធចៅក្រមជំនុំជម្រះ
៣.សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីការពារឬអ្នកដទៃណាមួយផ្សេងទៀត ។
អង្គហេតុដែលនាំឲ្យសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនាពេលនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ តាន់ ប៉ូទាន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ជាពាណិជ្ជករ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្តឺងទៅលើឈ្មោះ ចន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ និងអតីតជាថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈ ជ្រោងចង្វារ ស្នាក់ផ្លូវលេខ៥៩៨ បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹ ត្តកាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន ។
ដើមចមកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២២ ឈ្មោះ ចន រស្មី បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ២៤ម៉ឺន និង៤,៣០០ដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ដោយបានចេញមូលប្បទានប័ត្រលេខ១២៧៩១៦ មួយសន្លឹក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២៤,៤៣០០ ដុល្លារអាមេរិក របស់ធនាគារវឌឌ្ឍនៈអាស៊ីចំកាត់ (ABA) ឲ្យទៅម្ចាស់បំណុល ដើម្បីទុកសម្រាប់បើកប្រាក់ ។ លុះដល់ថ្ងៃកំណាត់ជនរងគ្រោះ បានយកមូលទានប័ត្រនោះ ទៅបើកយកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ ពោលគឺ”សែកស្អុយ” ។
បន្ទាប់ពីដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ ចន រស្មី ដើម្បីប្រាប់សាច់រឿង ដែលបានចេញសែកស្អុយមួយសន្លឹកនោះ មិនមានទឹកប្រាក់ក្នុងគណនី តែបែជាឈ្មោះ ចន រស្មី មិនទទួលខុសត្រូវសងប្រាក់ទៅដើមបណ្តឹង ថែមទាំងគេចវេស និងចេះតែសុំពន្យាពេលរហូត ។ ហើយបន្ទាប់មកទៀតជនរងគ្រោះបានទទួលដំណឹងថា ឈ្មោះ ចន រស្មី និងប្រពន្ធ ទទួលបានទិតដ្ឋាការទៅលេង និងទៅរស់នៅប្រទេសអូស្តាលី ដូច្នោះហើយ ទើបដើមបណ្តឹងមិនសុខចិត្ត ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង ចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយរកយុត្តិធម៍ ។ ដោយសំណូមពរ ៖
១.សុំបង្គាប់ឲ្យឈ្មោះ ចន រស្មី ប្រគល់ប្រាក់ចំនួន ២៤,៤៣០០ដុល្លារអាមេរិកឲ្យមកដើមបណ្តឹងរដ្ឋប្បវេណីវិញ ។
២.ទាមទារសំណងការខូចខាត និងថ្លៃសេវាកម្មច្បាប់ចំនួន ២០,០០០ដុល្លារអាមេរិក ។
៣.សុំឲ្យច្បាប់ឃាត់ខ្លួន និងធ្វើការចោទប្រកាន់លើឈ្មោះ ចន រស្មី បញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្រោយពីទទួលបាមពាក្យបណ្តឹងរបស់ជនរងគ្រោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ចន រស្មី ចូលខ្លួន ដើម្បីបំភ្លឺលើពាក្យបណ្តឹងចោទប្រកាន់នេះជាច្រើនលើ ប៉ុន្តែជនសង្ស័យមិនព្រមចូល ទើបតំណាងអយ្យការអមសាលាដំបូងសម្រេចធ្វើការចោទប្រកាន់សំណុំរឿង និងចាត់បញ្ជូនទៅខាងចៅក្រមស៊ើប ដើម្បីបន្តនីតិវិធី ។
បន្ទាប់មកទៀត ចៅក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ ឲ្យសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ទៅនាំខ្លួនជនសង្ស័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ហើយជនសង្ស័យក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារម១ព្រៃស ចាប់ពីពេលនោះមក ។
សវនាការបានធ្វើការសាកសួរដេញដោលរហូតដល់ម៉ោងសម្រាក ទើបចៅក្រមជនុំជម្រះបានសម្រេច លើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទទៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ។
សូមជម្រាបទៀតថា បទល្មើសព្រហ្មទណ្ឌករណី ឆបោក ប្រាក់អ្នកដ៏ទៃ ដោយប្រើប្រាស់សែកស្អុយ កុំសង្ឃឹមថា ជាប់គុកហើយមិនសងលុយគេរួចខ្លួននោះ គឺច្បាប់តម្រូវឲ្យដាក់ទោសបន្ថែម ដើម្បីបង្ខំលើរូបរាងកាយ ឬរឹបអូសទ្រព្យសម្បត្តិដែលមាន ដើម្បីយកមកសងបំណុលជនរងគ្រោះ ៕






ចែករំលែកព័តមាននេះ