ស្រាវជ្រាវ ៖ តាមទីភ្នាក់ងារនៅក្រុងសៀងហៃ កាលពីថ្ងៃទី២៥ កុម្ភៈ បានផ្សាយថា អាជ្ញាធរក្រុងសៀងហៃ ប្រទេសចិន បានចេញច្បាប់គ្រប់គ្រងសុនខ ក្នុងទីក្រុង ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគរបស់ចិន ចិញ្ចឹមសុនខបានក្នុងមួយគ្រួសារ តែមួយក្បាលប៉ុណ្ណោះតាមនយោបាយ «សុនខតែមួយ» (one-dog policy) ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី១៥ ឧសភា ខាងមុខ ដោយម្ចាស់ដែលមានសុនខស្ថិតក្នុងការថែរក្សាមិនលើសពី១ក្បាល ក្នុងមួយគ្រួសារ ចំណែកសុនខដែលនៅសេសសល់ ឬស្ថិតក្នុងចំនួនលើសត្រូវប្រគល់ឱ្យទៅក្រុមគ្រួសារផ្សេងដែលគ្មានសុនខ ឬមួយក៏ត្រូវយកសុនខនោះទៅប្រគល់ឱ្យមជ្ឈមណ្ឌលចិញ្ចឹមរបស់អាជ្ញាធរនៅ មុនពេលដែលសុនខមានអាយុគ្រប់៣ខែ ។ គួរបញ្ជាក់ថា ក្នុងច្បាប់ថ្មីគឺមានការលើកលែងដល់បណ្តាម្ចាស់ដែលមានសុនខស្ថិតក្រោមការថែរក្សាជាច្រើនក្បាល ប៉ុន្តែមានលិខិតអនុញ្ញាតគ្រប់ក្បាលនោះអាចចិញ្ចឹមសុននរបស់ខ្លួនទាំងអស់បន្តទៀតបានដោយគ្មានកំហុស ។
តាមការព្យាយាមចុងក្រោយរបស់ក្រុងសៀងហៃ ដើម្បីគ្រប់គ្រងលើការពេញនិយមរបស់ប្រជាពលរដ្ឋក្នុងទីក្រុងចំពោះការចិញ្ចឹមសុនខ (ឆ្កែ) កំពុងកើនឡើងខ្ពស់ ជាពិសេសក្រោយពីក្រុងសៀងហៃ មានការីកចំរើនផ្នែកសេដ្ឋកិច្ចធ្វើឱ្យបច្ចុប្បន្នភាពមានចំនួនឆ្កែក្នុងក្រុងសៀងហៃ ប្រហែល៨០០.០០០ក្បាល ប៉ុន្តែចំនួនសុនខដែលបានចុះបញ្ជីស្របច្បាប់មានតែ១ភាគ៤ប៉ុណ្ណោះ ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងទីក្រុងកំពុងប្រឈមមុខនឹងបញ្ហាសុនខ ព្រូសឮស្នូរទ្រហឹងនៅ ពេលយប់ និងបញ្ហាភាពគ្មានអនាម័យពីរឿងអាចម៌ឆ្កែនៅតាមដងផ្លូវក៏កើនឡើង ៕
ចែករំលែកព័តមាននេះ