ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​គ្រា​ប់​ពូជ​កែ​ច្នៃ​ដើម្បី​បង្កើន​ទិន្នផល​ស្រូវសាលី

1 អាទិត្យ មុន

ទី​ក្រុង​ប៉េកាំង៖ ​នេះជា​លើក​ដំបូង​ដែល​ប្រទេស​ចិន​អនុម័ត​ជា​ផ្លូវ​ការ​ឱ្យ​ប្រើ​ប្រាស់​​គ្រាប់​ពូជ​ស្រូវ​សាលី​​ដែល​កែ​ច្នៃ​តាម​បច្ចេក​វិទ្យា​កែ​សម្រួល​កោ​សិការ​បន្ត​ពូជ ឬ​​ហ្សែន​ (gene editing)។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​រំកិល​ខ្លួន​ដោយ​សន្សឹម​ៗ និង​ដោយ​ប្រុង​ប្រយ័ត្ន​ទៅរក​ការ​​ដាំ​ដំណាំ​អាជីវ​កម្ម​​ដោយ​ប្រើ​គ្រាប់​ពូជ​កែ​ច្នៃ​តាម​បច្ចេក​វិទ្យា​បង្កើត​ហ្សែន​ថ្មី​ ឬ​ជី​អឹម​ (GM: genetic…

ទី​ក្រុង​ប៉េកាំង៖ ​នេះជា​លើក​ដំបូង​ដែល​ប្រទេស​ចិន​អនុម័ត​ជា​ផ្លូវ​ការ​ឱ្យ​ប្រើ​ប្រាស់​​គ្រាប់​ពូជ​ស្រូវ​សាលី​​ដែល​កែ​ច្នៃ​តាម​បច្ចេក​វិទ្យា​កែ​សម្រួល​កោ​សិការ​បន្ត​ពូជ ឬ​​ហ្សែន​ (gene editing)។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​រំកិល​ខ្លួន​ដោយ​សន្សឹម​ៗ និង​ដោយ​ប្រុង​ប្រយ័ត្ន​ទៅរក​ការ​​ដាំ​ដំណាំ​អាជីវ​កម្ម​​ដោយ​ប្រើ​គ្រាប់​ពូជ​កែ​ច្នៃ​តាម​បច្ចេក​វិទ្យា​បង្កើត​ហ្សែន​ថ្មី​ ឬ​ជី​អឹម​ (GM: genetic Modified)។​​ ប៉ុន្តែ​ប្រទេស​ចិន​ក៏​ប្រយ័ត្ន​ប្រយែង​សម្បើម​ណាស់​ដែរ​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ដាំ​ដំណាំ​តាមបច្ចេក​វិទ្យា​ជី​អឹម​។

​កាល​ពី​ពេល​កន្លង​មក ប្រទេ​ស​ចិន​អនុញ្ញាត​ឱ្យ​​​ប្រើ​គ្រាប់​ពូជ​ពោត និង​សណ្ដែក​សៀង​តាម​បច្ចេក​វិទ្យា​ជី​អឹម​ព្រោះ​វា​ផ្ដល់​ទិន្ន​ផល​ខ្ពស់​, ​អាច​ទប់​ទល់​នឹង​​សត្វ​ល្អិត​ចង្រៃ​ និង​ថ្នាំ​កម្ចាត់​ស្មៅ​ ហើយ​​អាច​ជួយ​ធានា​សន្តិ​សុខ​ស្បៀង​អាហារ​របស់​ប្រទេស​ជាតិ​កាន់​តែ​ល្អ​ប្រសើរ​។ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​ក្នុង​វិស័យ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ​ និង​ដោយ​ប្រុង​ប្រយ័ត្ន​ព្រោះ​គេ​នៅ​តែ​បារម្ភ​អំពី​ផល​ប៉ះ​​ពាល់​ចំពោះ​សុខ​ភាព​ និង​​​ផល​ប៉ះ​ពាល់​ចំពោះ​​​បរិស្ថាន​ដែល​យើ​ងមើល​មិន​ឃើញ​នា​ពេល​អនា​គត​។​

​​បច្ចេក​វិទ្យា​ជី​អឹម​ជា​ការ​​ប្រើ​ប្រាស់​កោសិកា​តំណ​ពូជ (ហ្សែន) ផ្សេង​យក​មក​ផ្សំបង្កើត​ជា​គ្រាប់​ពូជ​ថ្មី​​​។ ផ្ទុយ​ទៅ​វិញ បច្ចេក​វិទ្យា​កែ​សម្រួល​ហ្សែន (gene editing) ​គឺ​ជា​​ការ​កែ​​សម្រួល​​កោសិកា​តំណ​ពូជ​របស់​រុក្ខ​ជាតិ​​ដដែល​ដើម្បី​​ធ្វើ​ឱ្យ​រុក្ខ​ជាតិ​​រីក​លូត​លាស់​បានឆាប់​រហ័ស និង​ចេញ​ផ្លែ​ផ្កា​កាន់​តែ​ច្រើន​។ អ្នក​វិទ្យា​សាស្ត្រ​រក​​ឃើញ​ថា​​ការ​កែ​សម្រួល​ហ្សែន​មាន​សុវត្ថិ​ភាព​ជាង​​ជី​អឹម​។​

ប្រទេស​ចិន​ច្រើន​នាំ​ចូល​ទំនិញ​កសិ​ផល​ជី​អឹម​ដូច​ជា​ពោត និង​សណ្ដែក​សៀង​មិន​មែន​សម្រាប់​ឱ្យ​មនុស្ស​បរិភោគ​ទេ​ ប៉ុន្តែ​សម្រាប់​សត្វ​ស៊ី​ជា​ចំណី​អាហារ​។ ចំពោះ​ដំណាំ​ និង​សាច់​សត្វ​សម្រាប់​មនុស្ស​បរិភោគ​ ប្រទេស​ចិន​មិន​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជី​អឹម​ទាល់​តែ​សោះ​។ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ​ ក៏​ជន​ជាតិ​ចិន​ភាគ​ច្រើន​នៅ​តែ​មិន​ទាន់​អស់​កង្វល់​នៅ​ឡើយ​ទេ​ ហើយ​ក៏​មិន​ទាន់​ទុក​ចិត្ត​នៅ​ឡើយ​ដែរ​ចំពោះ​ដំណាំជី​អឹម​ព្រោះ​មិន​ដឹង​ថា​​​វា​មាន​សុវត្ថិ​ភាព​កម្រិត​ណា​ចំពោះ​សុខ​ភាព​អ្នក​​បរិ​ភោគ​​​។

ដូច្នេះ ការ​ដែល​រដ្ឋា​ភិបាល​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​កែ​សម្រួល​ហ្សែន​ដើម្បី​ដាំ​ស្រូវ​សាលី​ដែល​ទប់​ទល់​នឹង​ជំងឺ​រុក្ខ​ជាតិ​ជា​ច្រើន​ប្រភេទ​ត្រូវ​គេ​សម្លឹង​មើល​ឃើញ​ថា​ជា​គោល​ចារឹក​ដ៏សំខាន់​មួយ​​។ ​​ដំណាំ​ស្រូវ​សាលី​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ប៉ាស់​ស្តា​(pasta), មី, គុយ​ទាវ និង​នំ​ប៉័ង​ ហើយ​ត្រូវ​គេ​គិត​ថា​​ស្រូវ​សាលី​ជា​ដំណាំ​ដ៏​សំខាន់​​​បំផុត​នៅ​ប្រទេស​ចិន​​ក្នុង​នាម​ចិន​ជា​ប្រទេស​ប្រមូល​ផល​ស្រូវ​សាលី​ច្រើន​ជាង​គេ និង​ក៏​​​ជា​ប្រទេស​ប្រើ​ប្រាស់​ស្រូវ​សាលី​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​​លោក​ផង​ដែរ​។​

អ្នក​ជំនាញ​​ខាង​ផលិត​គ្រាប់​ពូជ​រុក្ខ​ជាតិ​​យល់​ថា​ការ​អនុម័ត​នេះ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​​មួយ​។ សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ ប្រទេស​ចិន​​អាច​នឹង​​​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​​បច្ចេក​វិទ្យា​សិប្ប​និម្មិត​នេះដើម្បី​​បង្កើត​គ្រាប់​ពូជ​ដំណាំ​ដទៃ​ទៀត​​​​បម្រើ​ឱ្យ​សន្តិ​សុខ​ស្បៀង​។ ​​ក្រៅ​ពី​គ្រាប់​ពូជតាម​បច្ចេក​វិទ្យា​កែ​សម្រួល​ហ្សែន​ គេ​រំពឹង​ថា​​នៅ​ឆ្នាំ​នេះ ប្រទេស​ចិន​​ក៏​នឹង​អនុម័ត​​​ឱ្យ​ប្រើ​ប្រាស់​គ្រាប់​ពូជ​តាម​បច្ចេក​វិទ្យា​ជី​អឹម​ដើម្បី​ដាំ​ដំណាំ​​​ណា​ខ្លះ​​មាន​សុវត្ថិ​ភាព​សម្រាប់​មនុស្ស​បរិភោគ​។ នេះបើ​តាម​​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​​។

កាល​ពី​ថ្ងៃ​ពុធ​ ក្រសួង​កសិ​កម្ម​ចិន​ក៏​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​​គ្រាប់​ពូជ​ពោត​​២​ប្រភេទ​។ ពោត​១​​​ប្រភេទ​ប្រើ​បច្ចេក​វិទ្យា​ជី​អឹម​អាច​ទប់​ទល់​នឹង​ថ្នាំ​កម្ចាត់​ស្មៅ​ និង​​សត្វ​ល្អិត​ចង្រៃ​ និង​ពោត​​១​ប្រភេទ​ទៀត​​ប្រើ​បច្ចេក​វិទ្យា​កែ​សម្រួល​ហ្សែន (gene editing) ​អាច​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ជាង​ពោត​ដាំ​តាម​ធម្ម​ជាតិ​។ ក្រសួង​បន្ត​ទៀត​ថា​ខ្លួន​បាន​ចេញ​វិញ្ញា​បន​ប័ត្រទទួល​ស្គាល់​សុវត្ថិ​ភាព​នៃ​បច្ចេក​វិទ្យា​ជី​អឹម​រយៈ​ពេល​៥​ឆ្នាំ​គិត​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ត​ទៅ​។ នេះ​បើ​​តាម​​ឯកសារ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​​ក្រសួង​កសិកម្ម​។​

នៅ​ក្នុង​​១​ឆ្នាំ​ៗ​ ប្រទេស​ចិន​នាំ​ចូល​គ្រាប់​ធញ្ញ​ជាតិ​ពី​ក្រៅ​ប្រទេ​សរហូត​ដល់​ជាង​១រយ​លាន​តោន​។ ជា​ពិសេស​នាំ​ចូល​សណ្ដែក​​សៀង និង​ពោត​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​។ ហេតុ​នេះ​ចិន​ចង់​រក​វិធី​ដាំ​ដំណាំ​ទាំង​នេះ​ដោយ​ខ្លួន​ឯង​​ដោយ​ប្រើ​ប្រាស់​គ្រាប់​ពូជ​​​ជី​អឹម និង​កែ​សម្រួល​ហ្សែន​ (GM & Gene Editing) ដែល​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ដើម្បី​​កាត់​បន្ថយ​ការ​នាំ​ចូល​ជា​បណ្ដើរ​ៗ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ