ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីង បង្ហាញ​ឫ​ទ្ធិ​នៅ​អង្គរធំ

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណានប្រទេស និង

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណានប្រទេស និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ(ខ្មែរ) និងក្បាច់គុនសៅលីង(ចិន) នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ រួមគ្នារវាងខេត្តហឺ​ណាន និងខេត្តសៀមរាប រួមជាមួយការសម្ដែងរួមគ្នារវាងក្បាច់គុនសៅលីង និងក្បាច់គុនល្បុក្កតោ ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាច្រើនរយនាក់ ។

ព្រឹត្តិការណ៍នេះ សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវជាភរិយា លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លោក Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការខេត្តហឺណាន នៃបក្សកុម្មុយនីស្ដចិន និងជាអភិបាល​រងខេត្តហឺណាន ព្រមទាំងលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហម ក្រុមយុវជនកាយរិទ្ធកម្ពុជា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ក្រោយការស្វាគមន៍របស់លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងចំណាប់អារម្មណ៍របស់លោក Sun Shougang អភិបាលរងខេត្តហឺណាន រួចមក មានប្រសាសន៍ថ្លែងក្នុងពិធីបើក ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសៅលីង និងគុនល្បុក្កតោ»នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមក គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ ។

ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ក៏ត្រូវបានរឹតបណ្ដឹងកាន់តែស្អិតល្មួតបន្ថែមទៀត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ ។ លោកបញ្ជាក់ថា ជាក់ស្ដែងការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។

ព្រឹត្តិការណ៍នេះ ជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី”ផងដែរ ។

ភាពរស់រវើកនៃក្បាច់គុនសៅលីងនៅអង្គរធំ បូកជាមួយក្បាច់គុនល្បុក្កតោ ព្រមទាំងសម្រស់ប្រាសាទបុរាណខ្មែរ នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីទាក់ទាញទឹកចិត្តទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន ខណ:ដែលមិត្តដែកថែបកម្ពុជា និងចិន កំពុងរួមគ្នាជំរុញទេសចរចិនមកកម្ពុជានៅឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ។

ក្បាច់គុណសៅលីង ជានិមិត្តរូបមួយរបស់ប្រទេសចិន ហើយប្រជាជនចិនគ្រប់គ្នាស្រឡាញ់ និងគាំទ្រជាខ្លាំង ។ ការសម្ដែងដ៏រស់រវើកនៃក្បាច់គុនសៅលីង និងក្បាច់គុនល្បុក្កតោ នៅអតីតក្រុងអង្គរធំ(ប្រាសាទបាយ័ន)នៅថ្ងៃទី២៤ ខែមេសា ត្រូវបានថតដោយជនជាតិចិន និងកម្ពុជាជាច្រើន ដែលចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានមួយនេះ ។

ជាមួយនឹងការសម្ដែងក្បាច់គុនសៅលីងដ៏ល្បីល្បាញរបស់ចិននេះ គេរំពឹងថា រូបភាពដ៏ស្រស់ស្អាតនៃការសម្ដែងក្បាច់គុនសៅលីង និងក្បាច់ល្បុក្កតោ គួបផ្សំនឹងសម្រស់ប្រាង្គប្រាសាទខ្មែរ នឹងទាក់ទាញការចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេស ។

ប្រទេសកម្ពុជាបានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនភ្ញៀវទេសចរចិនទៅកាន់ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់ខ្លួន នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Angkor Enterprise ដែលគ្រប់គ្រងដោយរដ្ឋ ។ របាយការណ៍បាននិយាយថា អ្នកទេសចរចិនចំនួន ២២.០៩៥នាក់ បានទស្សនាអង្គរក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំ២០២៤ កើនឡើង៩២ភាគរយ ពី ១១.៤៩៨នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ប្រទេសចិន គឺជាប្រភពដ៏ធំបំផុតទី៦ នៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមកកាន់អង្គរ បន្ទាប់ពីសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង បារាំង អង់គ្លេស និងអាល្លឺម៉ង់ ។

យោងតាមរបាយការណ៍ ជនបរទេសសរុបចំនួន ៣៤៧.៥៣៤នាក់ មកពី ១៨២ប្រទេស និងតំបន់ បានទស្សនាឧទ្យានបុរាណក្នុងត្រីមាសទី១នៃឆ្នាំនេះ កើនឡើង៤៧ភាគរយ ពី ២៣៦.៣៤១នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

អ្នកនាំពាក្យក្រសួងទេសចរណ៍បាននិយាយថា កម្ពុជាចង់ឃើញភ្ញៀវទេសចរ ចិនកាន់តែច្រើន ជាពិសេសទៅអង្គរ ដោយថា វត្តមានរបស់ពួកគេបានរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ដែលវិនិយោគដោយចិន ដែលបានបើកដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាពិសេសពីប្រទេសចិនមកកាន់អង្គរ ។

មន្ត្រីរូបនេះក៏សង្ឃឹមផងដែរថា ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានចាប់ផ្តើមក្នុងខែមករា នឹងក្លាយជាមេដែកឆក់ភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ